កាលពីសម័យមុន ផ្លូវទឹកគឺជាមធ្យោបាយដ៏សំខាន់មួយដែលមិនអាចខ្វះបាន ក្នុងការដឹកជញ្ជូនអីវ៉ាន់ រួមទាំងការទំនាក់ទំនងគ្នាទៅវិញទៅមកក្នុងជីរភាពរស់នៅ។ ដោយឡែកមកទល់បច្ចុប្បន្ន ទោះបីជាមនុស្សភាគច្រើនជ្រើសរើសការធ្វើដំណើរលើគោកដោយហេតុមានភាពងាយស្រួលយ៉ាងណាក៏ដោយ ក៏មានប្រទេស និងតំបន់មួយចំនួននៅតែរក្សាប្រពៃណី រួមទាំងការរស់នៅតាមជីវិតលើផ្ទៃទឹកផងដែរ ដែលត្រូវបានគេដឹងថាទីកន្លែងនោះសុទ្ធតែមានសម្រស់ស្រស់ស្អាត និងល្បីល្បាញមានអ្នកទេសចរទៅកម្សាន្តយ៉ាងច្រើនទៀតផង។

ដូច្នេះមកតាមដាន ទីក្រុងលើទឹកដែលមានសម្រស់ស្រស់ស្អាតជាងគេទាំង១០នេះ៖

១០. ក្រុង Can Tho ប្រទេសវៀតណាម

Can Tho គឺជាទីក្រុងដ៏ធំមួយស្ថិតនៅក្នុងតំបន់ដីសណ្តទន្លេមេគង្គដែលនៅចន្លោះកណ្តាលរវាងទឹកទន្លេ និងប្រឡាយទឹក។ ផ្លូវទឹកសរុបនៅក្នុងទីក្រុងនេះមានប្រវែងដល់ទៅ ១១៥៧គីឡូម៉ែត្រ ដោយមានទន្លេ Hau គឺជាដៃទន្លេមេគង្គដ៏ធំជាងគេដែលបានរត់ទៅកាន់តំបន់ភាគខាងជើងនៃទីក្រុង Can Tho មួយនេះ។ បណ្តាញផ្លូវទឹកនៅក្នុងទីក្រុងនេះគឺជាទីកន្លែងដែលសម្បូរទៅដោយផ្សារទឹកសម្រាប់ធ្វើការដោះដូរ ដឹកជញ្ជូនអីវ៉ាន់ រួមទាំងជាទីកន្លែងដែលទាក់ទាញភ្ញៀវទេសចរឱ្យមកកម្សាន្តអារម្មណ៍ទាំងការទស្សនាទេសភាពទីក្រុង ទាំងធម្មជាតិ និងផ្នែកវប្បធម៌ក្នុងតំបន់ផងដែរ។

ក្រុង Can Tho ប្រទេសវៀតណាម

៩. ក្រុង Cape Coral រដ្ឋហ្វ្ររីដា សហរដ្ឋអាមេរិក

ក្រុង Cape Coral រដ្ឋហ្លរីដា សហរដ្ឋអាមេរិក គឺជាទីក្រុងដែលមានប្រឡាយខ្សែទឹកហូរប្រវែងជាង ៦០០គីឡូម៉ែត្រវែងជាងគេបង្អស់នៅលើពិភពលោក។ គួរឱ្យដឹងផងដែរថាប្រឡាយទឹកនេះត្រូវបានជីកដោយដៃ នៅក្នុងអំឡុងឆ្នាំ ១៩៧០ សម្រាប់ជួយផ្គត់ផ្គង់ទឹកស្អាតឱ្យប្រជាជនប្រើប្រាស់គ្រប់គ្រាន់ ថែមទាំងជួយការពារ និរំដោះទឹកជំនន់ផ្សេងៗផងដែរ។

ក្រុង Cape Coral រដ្ឋហ្វ្ររីដា សហរដ្ឋអាមេរិច

៨.ក្រុងបាងកក ប្រទេសថៃ

ប្រព័ន្ធប្រឡាយទឹកនេះគឺជាផ្នែកមួយដ៏សំខាន់របស់ក្រុងបាងកកតាំងពីសត្សវត្សន៍ទី ១៨ ដែលត្រូវបានគេជីកដើម្បីការពារព្រំដែនក្រុងតែប៉ុណ្ណោះ។ លុះតមកដល់សត្សវត្សន៍ទី ១៩ ប្រឡាយទឹកនេះត្រូវបានគេជីកពង្រីកដើម្បីយកទឹកផ្គត់ផ្គង់ក្នុងការប្រើប្រាស់ផ្សេងៗ និងទុកជាផ្លូវសម្រាប់ធ្វើការដឹកជញ្ជួនផ្សេងៗផងដែរ។ ប្រព័ន្ធប្រឡាយទឹកក្នុងទីក្រុងបាងកកមួយនេះត្រូវបានគេដាក់ឈ្មោះជាទូទៅថា ខ្លង ហើយប្រឡាយទឹកដែលសំខាន់ និងវែងជាងគេមានប្រវែងជាង ១៨គីឡូម៉ែត្រមានឈ្មោះថា ខ្លងសែនសែប ដែលជាទីកន្លែងដែលអាចជិះទូកទស្សនាទេសភាពទីក្រុងបានយ៉ាងជក់ចិត្ត។ បន្ថែមពីនេះប្រឡាយទឹកនៅទីក្រុងបាងកកក៏មានបណ្តាផ្សារបណ្តែតទឹកល្បីៗសម្រាប់ភ្ញៀវទេសចរណ៍មកកម្សាន្តលេងជាច្រើនផងដែរ ដែលជាទីលក់ដូរអីវ៉ាន់អ្នកស្រុក ដូចជាវត្ថុអនុស្សាវរីយ៍ បន្លែផ្លែឈើ រួមទាំងចំណីអាហារជាច្រើនផ្សេងទៀត។

ក្រុងបាងកក ប្រទេសថៃ

៧.ក្រុង Bruges ប្រទេសប៊ែលហ្សិក

ទីក្រុង Bruges ដ៏ធំ និងល្បីល្បាញមួយនេះ មានប្រឡាយទឹកហូរកាត់ដ៏ស្រស់ស្អាតរាប់សត្សវត្សន៍មកហើយតាំងពីមជ្ឈិមសម័យ ដែលមានឈ្មោះថា The Venice of North។ អ្នកទេសចរអាចប្រើសេវាកម្មជិះទូកកម្សាន្តលើប្រឡាយទឹកមួយនេះដែលភ្ជាប់ទៅកាន់ផ្នែកសំខាន់ៗនៃទីក្រុង ដើម្បីទស្សនាទេសភាពដ៏ស្រស់ស្អាតអស្ចារ្យ ដោយប្រើពេលត្រឹមតែរយៈពេលប្រមាណជា ៣០នាទីតែប៉ុណ្ណោះ។

ក្រុង Bruges ប្រទេសប៊ែលហ្សិក

៦. ក្រុង Stockholm ប្រទេសស៊ុយអែត

ទីក្រុង Stockholm សាងសង់នៅលើផ្ទៃដីកោះចំនួន ១៤ នៅលើបឹង Malaren ថែមទាំងបានតភ្ជាប់ទៅកាន់សមុទ្រ Baltic ដែលគេដឹងថាជាទីប្រជុំកោះដ៏ធំជាងគេបង្អស់នៅក្នុងប្រទេសស៊ុយអែតដោយប្រជុំដោយកោះតូចធំចំនួន ៣០០០០កោះ។ អ្នកទេសចរអាចជិះទូកកម្សាន្តតាមទីក្រុង និងប្រជុំកោះដែលប្រកបដោយទេសភាពស្រស់ស្អាត ឬក៏អាចហែលទឹកលេង និងនេសាទកម្សាន្តអារម្មណ៍ក៏បាន។ ក្រុង Stockholm ក៏ជាទីក្រុងដែលពោរពេញដោយបរិស្ថានពណ៌បៃតង និងមានឧទ្យានជាតិដល់ទៅ ១២កន្លែងធំៗផងដែរ។

ក្រុង Stockholm ប្រទេសស៊ុយអែត

៥.ក្រុង Alleppey រដ្ឋ Kerala ប្រទេសឥណ្ឌា

ក្រុង Alleppey រដ្ឋ Kerala គឺជាទីក្រុងដែលពោរពេញទៅដោយបណ្តាញជាច្រើន ដូចជាតំបន់ទឹកចែកដាច់រវាងទឹកសាប និងទឹកប្រៃ ទឹកបឹង រួមទាំងទន្លេ រួមទាំងបណ្តាញប្រឡាយទឹកផងដែរ ដែលភ្ជាប់គ្នាមានប្រវែងជាង ១៥០០គីឡូម៉ែត្រ។ នៅក្នុងនោះផងដែរទឹកនឹង (ទឹកដែលគ្មានចរន្តទឹកហូរ) ឈ្មោះ Vembanad បានបូកផ្សំនឹងប្រព័ន្ធប្រឡាយទឹក បានបង្កើតបានជាបឹងដ៏ធំមួយ គឺបឹង Vembanad ដែលជាបឹងធំជាងគេបង្អស់របស់ក្រុង Kerala។ អ្នកទេសចរអាចជួលទូកជិះលេងកម្សាន្តតាមប្រឡាយទឹកនេះ ដើម្បីទស្សនាផ្នែកជាច្រើនផ្សេងទៀតរបស់ទីក្រុងនេះ ដែលពោរពេញទៅដោយទេសភាពស្រស់បំព្រង។

ក្រុង Alleppey រដ្ឋ Kerala ប្រទេសឥណ្ឌា

៤.ក្រុង Suzhou ខេត្ត Jiangsu ប្រទេសចិន

នៅក្នុងប្រវត្តិសាស្រ្ត ស្រុក Suzhou គឺជាតំបន់ដែលត្រូវបានគេកើតសរសើរថាមាន សួនច្បារ និងប្រឡាយទឹកដ៏ស្រស់ស្អាតជាងគេដោយមានប្រឡាយទឹកជីកតូចៗដល់ទៅ១៥។ ទីក្រុង Suzhou នេះថែមទាំងមានទីតាំងនៅក្បែរប្រឡាយទឹកដ៏ធំ និងវែងមួយមានប្រវែងដល់ទៅជាង ១៩០០គីឡូម៉ែត្រ ដែលត្រូវបានគេដឹងថាចាប់ផ្តើមសាងសង់ចន្លោះពីឆ្នាំ ៥៨១ ទៅឆ្នាំ ៦១៨។ ប្រឡាយទឹកទាំងតូច និងធំរបស់ទីក្រុង Suzhou នេះសុទ្ធតែអាចឱ្យអ្នកទេសចរជិះទូកកម្សាន្តគយគន់ទេសភាពស្រុកភូមិដ៏ស្រស់ត្រកាលទៀតផង។

ក្រុង Suzhou ខេត្ត Jiangsu ប្រទេសចិន

៣.ទីក្រុង Giethoorn ប្រទេសហូឡង់

Giethoorn គឺជាភូមិដែលមានប្រឡាយទឹកហូរកាត់ ស្ថិតនៅក្នុងខេត្ត Overijssel ប្រទេសហូឡង់ ដោយ ភូមិស្ថានដីតំបន់ដែលប្រជាជានរស់នៅ អាចឆ្លងកាត់គ្នាទៅវិញទៅមកដោយត្រូវតភ្ជាប់ស្ពានតូចៗជាច្រើនប្រមាណជា ១៨០ស្ពាន។ នៅក្នុងភូមិមួយនេះមិនអាចប្រើប្រាស់រថយន្ត ឬយានយន្តផ្សេងៗបាននោះទេ ដូច្នេះដើម្បី ទៅកាន់ភូមិស្ថាននេះបាន អ្នកទេសចរ ឬអ្នកដំណើរត្រូវការប្រើប្រាស់ទូក ឬទូកក្តោងតែប៉ុណ្ណោះ។ តែមិនបាច់បារម្ភទេ ទូកនៅក្នុងភូមិនេះមានការកែច្នៃម៉ាស៊ីនឱ្យស្ងាត់ មិនខ្លាចរំខានអារម្មណ៍អ្នកទេសចរណ៍ដែលស្រលាញ់ធម្មជាតិ និងភាពស្ងប់ស្ងាត់នោះឡើយ។

ទីក្រុង Giethoorn ប្រទេសហូឡង់

២.ក្រុង Birmingham ចក្រភពអង់គ្លេស

ទីក្រុង Birmingham ជាទីក្រុងដែលសម្បូរទៅដោយប្រជាជនរស់នៅកុះករច្រើនជាងគេលំដាប់លេខ២ ប្រចាំចក្រភពអង់គ្លេស តែមួយផ្នែកទៀតនៃទីក្រុងនេះ បែរជាមានប្រឡាយទឹកជីកដ៏ស្រស់ស្អាតមួយទៅវិញ។ ការពិតប្រឡាយទឹកនេះសាងសង់ដំបូងនៅក្នុងឆ្នាំ ១៧៦៩ ដើម្បីធ្វើការតភ្ជាប់ទៅកាន់ទីក្រុង Wednesbury ដែលមានប្រវែងដល់ទៅជាង ១៨០គីឡូម៉ែត្រ តែរហូតដល់បច្ចុប្បន្នអាចជិះទូក ឬនាវាបានត្រឹមតែប្រវែងជាង ១៦០គីឡូម៉ែត្រតែប៉ុណ្ណោះ។ ការធ្វើដំណើរកម្សាន្តនៅលើទូក ឬនាវាកម្សាន្តលើផ្ទៃប្រឡាយទឹកនេះគយគន់ទេសភាពទីក្រុង គឺជាពេលវេលាដ៏រំភើប និងអស្ចារ្យមួយសម្រាប់អ្នកទេសចរ។

ក្រុង Birmingham ចក្រភពអង់គ្លេស

១.ក្រុង Venice ប្រទេសអ៊ីតាលី

អ្នកណាមិនល្បីថាក្រុង Venice ប្រទេសអ៊ីតាលី គឺជាក្រុងដែលសាងសង់លើកោះចំនួន ១១៨កោះ និងហ៊ុំព័ទ្ធទៅដោយប្រព័ន្ធប្រឡាយទឹកដ៏ស្រស់ស្អាតអស្ចារ្យជាងគេទៅ។ ទីក្រុងនេះមានប្រឡាយទឹកចំនួន ១៧០ និងមានស្ពានថ្មើរជើងដល់ទៅជាង ៤០០ ដើម្បីឆ្លងកាត់ទៅវិញទៅមកទៅកាន់គេហដ្ឋាន និងតំបន់ ឬទីកន្លែងផ្សេងៗនៅក្នុងទីក្រុងមួយនេះ។ ដោយសារតែវាមានទេសភាពដ៏ស្រស់ស្អាត ជាមួយនឹងបរិយាកាសល្អប្លែក ទីក្រុង Venice បានក្លាយទៅជាទីក្រុងលើទឹកដែលមានសម្រស់ស្រស់ស្អាតដាច់គេ ដោយមានអ្នកទេសចរមកកម្សាន្តកាន់តែច្រើនឡើងក្នុងមួយឆ្នាំៗ។ គួរឱ្យដឹងផងដែរថា ទីក្រុងនេះក៏ជាទីក្រុងលេខ១ផងដែរ ដែលគ្មានការប្រើប្រាស់យានយន្តដូចជាឡាន ឬម៉ូតូ ហើយដើម្បីធ្វើដំណើរនៅក្នុងទីក្រុងនេះបាន អ្នកត្រូវតែប្រើទូក ឬក៏ទូកចែវផ្ទាល់ខ្លួនតែប៉ុណ្ណោះ៕  

ក្រុង Venice ប្រទេសអ៊ីតាលី

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]