(ភ្នំពេញ)៖ ស្របពេលដែលវិស័យសិល្បៈ នៅប្រទេសកម្ពុជា កាន់តែមានការរីកចម្រើន គ្រប់ផលិតកម្មទាំងអស់ ទាំងសិល្បករ-សិល្បការនី បានងាកមកចាប់អារម្មណ៍ផលិត និង និពន្ធបទចម្រៀង ដែលជាស្នាដៃ និពន្ធដោយខ្លួនឯង កាត់បន្ថយការចម្លងសាច់ភ្លេង និងទំនុកច្រៀងពីបរទេស ពោលគឺខិតខំរិះរកស្នាដៃថ្មីៗ ជាស្នាដៃរបស់កូនខ្មែរ ដើម្បីចែកជូនប្រិយមិត្ត ក៏ដូចជាអ្នកគាំទ្រឲ្យពេញចិត្ត និងចាប់អារម្មណ៍មកគាំទ្រស្នាដៃ របស់កូនខ្មែរ។ តារាចម្រៀងទាំងនោះ បានសាងសមិទ្ធផល អស់រយៈពេលជាច្រើនឆ្នាំ គេក៏សម្គាល់ឃើញតារាចម្រៀងទាំងនោះ បានចូលរួមចំណែក ក្នុងការជួយលើកស្ទួយស្នាដៃកូនខ្មែរ ប្រកាន់ខ្ជាប់នូវពាក្យសម្ដី មិនចម្លងចម្រៀងពីបរទេសដាច់ខាត។

ខាងក្រោននេះ គឺជាប្រវត្តិរូបសង្ខេបខ្លះៗ ក៏ដូចជាស្នាដៃ និងសមិទ្ធផលមួយចំនួន របស់តារាចម្រៀង Original Song បានកសាងឡើងនៅក្នុងវិស័យសិល្បៈ៖

១/ លោក ហេង ពិទូ

តារាចម្រៀងសសំឡេងធ្ងន់ លោក ហេង ពិទូ បានប្រឡូកចូលសិល្បៈដំបូង នៅក្នុងឆ្នាំ១៩៩៤ ផ្នែករាំ រហូតមកដល់ឆ្នាំ១៩៩៧ លោកក៏បានប្រែខ្លួន មកក្លាយជាតន្ត្រីករផ្នែកស្គរ និងតែងទំនុកចម្រៀង ព្រមទាំងបានចូលរួម នៅក្នុងក្រុមចម្រៀងមួយ ដែលមានឈ្មោះមួយថា «MKS»។ ដោយឡែក ចូលមកដល់ឆ្នាំ២០០០ តារាវ័យ៣៧ឆ្នាំរូបនេះ ក៏បានប្រែខ្លួន មកក្លាយជាតារាចម្រៀងទោល រហូតមកទល់សព្វថ្ងៃ ជាមួយនឹងស្នាដៃចម្រៀងជាច្រើន។ ក្នុងនោះ មានដូចជា «ទីបំផុត» និងបទ «ស្រឡាញ់គេម្នាក់ឯង» ជាដើម។ ទោះបីជាប្រឡូកចូលវិស័យចម្រៀង អស់រយៈពេលជាច្រើនឆ្នាំក្ដី ប៉ុន្តែលោក ហេង ពិទូ នៅតែទទួលបានការគោរពស្រឡាញ់ពីទស្សនិកជន ខណៈដែលលោក តែងតែគាំទ្រការផលិតស្នាដៃកូនខ្មែរ ដោយផលិតចម្រៀងមិនចម្លងពីបរទេស ជាហូរហែមក។

ហេង ពិទូ

២/ កញ្ញា អេដា

ងាកមកតារាចម្រៀងស្រី ADDA វិញម្តង ដែលមានឈ្មោះពិតថា ហ៊ិន សរចរិយា មានជំនាញខាងច្រៀងចង្វាក់ ប៉ុប និងរ៉េប។ តារាស្រីវ័យ ២៨ ឆ្នាំរូបនេះ អាចតែងនិពន្ធទំនុកច្រៀង និងបទភ្លេង ព្រមទាំងចេះលេងឧបករណ៍តន្រ្តីដូចជា ហ្គីតា ហើយបច្ចុប្បន្ន នាងក៏ជាតារាចម្រៀងឯករាជ្យមួយរូបផងដែរ។ យ៉ាងណាមិញ នាងត្រូវបានមហាជនចាប់ផ្តើម ទទួលស្គាល់ខ្លាំង នៅក្នុងបទចម្រៀង «កុំចង់មកតោង» និងមានបទចម្រៀងជាច្រើនផ្សេងទៀត ដូចជា «ពីរនាក់បានហើយ», «មានអ្នកថែឬនៅ» និងបទ «គ្រាប់ពេជ្រ» ជាដើម។

អេដា

៣/ សួន ពិសិដ្ឋ

ចូលមកដល់តារាចម្រៀង និង ជាអ្នកនិពន្ធពោរពេញ ទៅដោយទេពកោសល្យ លោក សួន ពិសិដ្ឋ វិញម្តង មានជំនាញលេងឧបករណ៍តន្រ្តីជាច្រើនដូចជា ព្យាណូ ស្គរ ហ្គីតា និងហ្គីតាបាស។ លើសពីនេះលោកក៏ជា គ្រូបង្ហាត់តារាចម្រៀង ផងដែរ។ លោកគ្រូវ័យ៣៨ឆ្នាំរូបនេះ បានបញ្ចប់ការសិក្សាអនុបណ្ឌិត ផ្នែកព្យាណូ និងផ្នែកតែងនិពន្ធបទភ្លេង ពីប្រទេស កាណាដា។ លោក សួន ពិសិដ្ឋ ត្រូវបានមហាជនស្គាល់ខ្លាំងបំផុត តាមរយៈការសម្តែងនៅក្នុងខ្សែភាពយន្ត «ចៅពស់កេងកង»។ ក្រៅពីនេះ លោកបានសាងស្នាដៃជាច្រើន តាមរយៈការនិពន្ធបទភ្លេង ថែមទាំងទទួលបាន ពានរង្វាន់ជាច្រើន ដូចជាពានរង្វាន់មាសចំនួន៦ និងមេដៃមាសចំនួន៣ ខាងផ្នែកតែងនិពន្ធ នៅប្រទេសកាណាដា។

សួន ពិសិដ្ឋ

៤/ លោក ថេណា

តារាចម្រៀងវ័យក្មេងរូបសង្ហា មានទេសកោសល្យនិពន្ធបទចម្រៀង បែបមនោសញ្ចេតនា ចាក់ដោតអារម្មណ៍ដល់មិត្តយុវវ័យ ដែលលួចស្រឡាញ់គេម្នាក់ឯង មានដូចជា «កង់សាគួរ» «ខុសជំនាន់», «First Lady» និង «លួចស្នេហ៍ដួងច័ន្ទ» ដែលជាបទលំនាំបទដើម យកមកកែទំនុកភ្លេងឡើងវិញម្ដងទៀត។ គ្រប់ពេលទំនេរ លោកចូលចិត្តនិពន្ធសាច់ភ្លេង និង ទំនុកច្រៀង បន្ទាប់ពីនិពន្ធបទចម្រៀងរំលេចជារូបរាង រួចលោកក៏មានអ្នកជួយសម្របសម្រួលជាច្រើន ដើម្បីជួយសម្របសម្រួល ជួយមើលចន្លោះខ្វះខាត នៃបទចម្រៀងបន្ថែម ដើម្បីឲ្យកាន់តែមានភាពល្អ បន្ថែមទៀត។

ថេណា

៥/ លោក ម៉ា ច័ន្ទបញ្ញា

គ្រាន់តែឮឈ្មោះតារាចម្រៀងរូបសង្ហា កូនកាត់ចិនរូបនេះ គេនឹងឃើញភ្លាមទៅដល់បទចម្រៀងមួយបទ ដែលជាស្នាដៃនិពន្ធឡើង ដោយខ្លួនលោក ព្រមទាំងទទួលបានការគាំទ្រយ៉ាង ពេញទំហឹងពីសំណាក់អ្នកអត់គូ គឺបទ «Forever Alone» ដោយសារតែបទចម្រៀងមួយនេះ ចាក់ដោតអារម្មណ៍ទៅដល់អ្នកអត់គូទាំងអស់។ ប៉ុន្តែគួរឲ្យស្ដាយម្ចាស់ចម្រៀងរូបនេះ មិនបាននៅកំដរអ្នកអត់គូតទៀតនោះទេ ព្រោះហេតុថា លោកមានគូកំណាន់ចិត្តដ៏ស្រស់ស្អាតម្នាក់រួចទៅហើយ ដែលធ្វើឲ្យនារីៗមួយចំនួន មានការខកចិត្តនឹងរូបលោកផងដែរ។

ម៉ា ច័ន្ទបញ្ញា

៦/ លោក ម៉ម ពេជ្ជរិទ្ធ

តារាចម្រៀងសំនៀងស្រទន់ ពោរពេញទៅដោយភាសាលួងលោក ផ្អែមល្ហែម តាមរយៈបទ «ចង់ក្បែរ» ដែលទទួលបានការគាំទ្រ យ៉ាងច្រើនមហិមា ពីសំណាក់មហាជន នៅក្នុងបណ្ដាញហ្វេសប៊ុក និង យូធូប លោកជាតារាចម្រៀងម្នាក់ស្ថិត នៅក្រុម Small World Smallband។ បទ «ចង់ក្បែរ» ជាស្នាដៃផលិតទំនុកច្រៀង និង បទភ្លេងផ្ទាល់ដោយ តារាចម្រៀងវ័យក្មេងលោក ម៉ម ពេជ្ជរិទ្ធ។ ព្រោះតែមានស្រឡាញ់លើវិស័យសិល្បៈ និងមានជំនាញនិពន្ធ ទំនុកច្រៀងបានដោយខ្លួនឯង បានជំរុញឲ្យតារាចម្រៀងវ័យក្មេងរូបនេះ ទទួលបានជោគជ័យគួរឲ្យកត់សម្គាល់ នៅក្នុងវិស័យចម្រៀង មិនចំឡងបទពីបរទេស ឬអាចនិយាយបានថា តារាចម្រៀង Original Song។

ម៉ម ពេជ្ជរិទ្ធ

៧/ កញ្ញា រុន ស៊ីរ៉ា

តារាចម្រៀងពូកែបញ្ចូលមនោសញ្ចេតនា បានយ៉ាងល្អ ធ្វើឲ្យប្រិយមិត្តអ្នកស្ដាប់ អណ្ដែងអណ្ដូង ទៅតាមបទចម្រៀងបែបមនោសញ្ចេតនា របស់នាង គឺតារាចម្រៀងស្រីវ័យ ២០ឆ្នាំ កញ្ញា រុន ស៊ីរ៉ា។ នាងមិនត្រឹមតែមានសមត្ថភាព អាចនិពន្ធបទចម្រៀងត្រូវចិត្ត យុវវ័យនោះទេ ថែមទាំងអាចលេងឧបករណ៍តន្រ្ដី ហ្គីតា បានយ៉ាងល្អ ទៀតផង។ គ្រប់ពេលមានកម្មវិធី ការប្រគំតន្រ្ដីសប្បុរសធម៌ នាងតែងតែត្រូវបានអញ្ជើញ ឲ្យចូលរួមជាភ្ញៀវកិត្តិយស ព្រមទាំង កាន់ឧបករណ៍តន្រ្ដីបណ្ដើរច្រៀងបណ្ដើរ ទៀតផង។ បទដែលមានទស្សនិកជនគាំទ្រច្រើន ព្រមទាំងជាបទចម្រៀងដែលបានផ្សព្វផ្សាយ នៅលើបណ្ដាញយូធូប និងបណ្ដាញហ្វេសប៊ុក ទទួលបានការគាំទ្រយ៉ាងច្រើន លើសលប់ពីសំណាក់ទស្សនិកជនយុវវ័យ មានដូចជា «ច្រណែនគេ ដែលមិនមែនជាខ្ញុំ» ជាដើម។

រុន ស៊ីរ៉ា

៨/ កញ្ញា ចិត្ត កញ្ចនា

ជាតារាចម្រៀងស្រី ត្រូវបានគេចាត់ទុកថា មានកេរិ៍តបោះសំឡេង តាមរយៈការច្រៀងចម្រៀង និងនិពន្ធបទចម្រៀងបានដោយខ្លួនឯង បទដំបូងរបស់នាង ដែលត្រូវបានមហាជនមានការពេញ និងចែកចាយពេញបណ្ដាញហ្វេសប៊ុក មានចំណងជើងថា «ស្នាមញញឹម», «ឈឺ», «ស្រឡាញ់បងទាល់ តែបេះដូងលែងដើរ» និង បទ «ភ្លេចខ្លួន» ជាដើម។ នាងក៏អាចលេងឧបករណ៍តន្ដ្រីបាន ដោយខ្លួនឯងផងដែរ។

ចិត្ត កញ្ចនា

៩/ ក្រុម Mustache Band

ជាក្រុមចម្រៀងប្រភេទ POP ROCK ដែលទទួលបានការគាំទ្រ ពីទស្សនិកជន ដោយមិនត្រឹមតែអាចនិពន្ធបទ Melody ទទួលបានការចាប់អារម្មណ៍ពីមហាជន នោះទេ ថែមទាំងលេងឧបរកណ៍តន្រ្ដី បានទៀតផង។ មាន៣បទ ទទួលបានការចុចមើល រហូតដល់ខ្ពង់លាន នៅក្នុងទំព័របណ្ដាញ YOUTUBE មានដូចជា «ប្រុសម្នាក់នេះសំខាន់ នៅពេលណា», «ពាក្យថាសង្សារចាស់» និង «មិនអាចទៅរួច» ជាដើម៕

ក្រុម Mustache Band

ប្រភព៖ khmertalking

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ម៉ម ពេជ្ជរិទ្ធិ