ភ្នំពេញ៖ កាលពីថ្ងៃទី ៩ កក្កដា ក្នុងចំណោមអ្នកលើកពានពីការប្រកួតឈុតបុរាណ ក្នុងព្រឹត្តិការណ៍របស់ «គ្រួសារតារាកម្ពុជា» ដែលមានរដ្ឋមន្ត្រីក្រសួងព័ត៌មានធ្វើជាគណអធិបតីទាំងអស់ គេកត់សម្គាល់ថាតារាវ័យក្មេង២រូប គឺកញ្ញា បេប៊ី និងលោក រុន ណាកូ គឺជាម្ចាស់ជ័យលាភី ដែលទទួលបានការចាប់អារម្មណ៍គួរអោយកត់សម្គាល់ ដោយសារតែអ្នកទាំងពីរសុទ្ធតែបានគ្រងឈុត ដែលបានច្នៃថ្មីរបស់ព្រះមហាក្ស័ត្រ និងព្រះក្សត្រីល្បីឈ្មោះ ក្នុងសម័យរុងរឿងរបស់កម្ពុជាដូចគ្នា ហើយទទួលបានពានជាតារាលេចធ្លោប្រចាំឆ្នាំពីកម្មវិធីដូចគ្នា។ 

បេប៊ីក្នុងឈុត «ព្រះនាងឥន្ទ្រទេវី»

ចំណុចស្រដៀងគ្នាទៅទៀត គឺអ្នកទាំងពីរសុទ្ធតែ បានជួបហេតុភេទចម្លែកស្រដៀងគ្នាមុន និងក្រោយលើកពានដូចគ្នា រហូតដល់ថ្នាក់ធ្វើឱ្យអ្នកទាំងពីរញញើតនឹងគ្រងឈុតបុរាណបែបនេះសម្រាប់លើកក្រោយ។

កញ្ញា បេប៊ី វិញ កញ្ញានិយាយជុំវិញរឿងរ៉ាវចម្លែក ដែលបានកើតឡើងថា ក្នុងពេលសែនព្រេន មុនពេលគ្រងឈុត «ព្រះនាងឥន្ទ្រទេវី» អ្នកច្នៃម៉ូដឱ្យក៏បានប្រាប់មិននាងនិយាយអ្វីផ្ដេសផ្ដាស់ ឬមានឥរិយាបថមិនសមរម្យ សូម្បីតែដំណើរនោះដែរ ប៉ុន្តែដោយសារតែនាងអង្គុយរង់ចាំការប្រកួតយូរពេក ហើយគ្រាន់តែនិយាយថា ធុញ និង ពិបាកអង្គុយហាស ស្រាប់តែដូចមានស្អីមកធ្វើបាបនាងតែម្ដង ដោយមកុដចាប់ផ្ដើមធ្ងន់ៗទៅៗដូចមានទម្ងន់ ១០០ គីឡូ បន្ថែមពីលើ ក្នុងពេលដែលសំលៀកបំពាក់នោះទៀតសោត គឺជាសាច់ក្រណាត់សោះក៏តឹងទៅៗ ដល់ថ្នាក់ដកដង្ហើមមិនចង់រួច។

នាងថាឱ្យតែថ្ងូរថាពិបាក គឺកាន់តែធ្វើទុក្ខ ហើយគ្រាន់តែនាងនិយាយថាឈប់ប្រកួតហើយព្រោះទ្រាំលែងបាន ក៏រឹតតែដកដង្ហើមលែងចង់កើត និងធ្ងន់ក្បាលដូចទូលដុំថ្ម។ អ្វីដែលជាអច្ឆរិយៈ គឺនាងគ្រាន់តែបិទភ្នែកហើយបួងសួងថា បើឈុតដែលនាងគ្រងនេះ ពិតជាមានបារមី «ព្រះនាងឥន្ទ្រទេវី» មកឃុំគ្រងមែន សូមឱ្យព្រះនាងឈប់ប្រកាន់ ហើយជួយឱ្យនាងមានកម្លាំងមានកំហែងឡើងវិញ ដើម្បីបានបន្តការប្រកួតដណ្ដើមយកមុខមាត់ថ្វាយព្រះនាង ស្រាប់តែសភាពធ្វើទុក្ខបាត់ដូចគេបេះ ធ្វើអោយនាងនឹកហើយគឺមិនជឿមិនបាន។

នាងថារឿងមួយដែលនាងព្រឺក្បាលមិនទាន់បាត់ គឺគ្រាន់តែនាងត្រូវបានប្រកាសថាឈ្នះពាន «តារាលេចធ្លោប្រចាំឆ្នាំផ្នែកគ្រងឈុតកម្រក្នុងសម័យបុរាណបានស័ក្ដសម» ហាក់ដូចជាឃើញព្រះនាងឥន្ទ្រទេវី រំលេចខ្លួនមួយភាំង ធ្វើឱ្យនាងស្រឡាំងកាំងតែម្ដង ខណៈដែលនាងប្រាប់ថានៅពេលជួបហេតុការណ៍នោះហើយ គឺពិតជារអានឹងការគ្រងឈុតបុរាណបែបនេះលើកក្រោយ។

បេប៊ីពេលអង្គុយរង់ចាំ
បេប៊ីក្នុងឈុត «ព្រះនាងឥន្ទ្រទេវី»

លោក រុន ណាកូ បានទម្លាយពីរឿងរ៉ាវដែលខ្លួនជួបប្រទះស្រដៀងគ្នាដែរថា មុនគ្រងឈុត «ព្រះបាទសុរិយវរ្ម័នទី២» ដែលស្រាវជ្រាវ និងច្នៃដោយលោក នូ សុផេន ដើម្បីចូលប្រកួត លោកដឹងច្បាស់ណាស់ថាមិនអាចធ្វើរឿងផ្ដេសផ្ដាស់សូម្បីតែមាត់ប៉ប៉ាច់ប៉ប៉ោចមិនល្អនោះទេ ដើម្បីកុំឱ្យបារមីរបស់ម្ចាស់ឈុតប្រកែប្រកាន់។

លោកកាន់តែប្រយ័ត្នទៅទៀតក្នុងឥរិយាបទអង្គុយនៅនឹងតុ ទាំងការនិយាយលេងសើច ឬផឹកជល់កែវជាដើម។ ប៉ុន្តែដោយសារតែអ្នកសិល្បៈជល់ឱ្យហូបស្រាខ្លាំងពេក លោកក៏ដាក់មួយក្អឹកក្នុងពេលអង្គុយរង់ចាំការបង្ហាញខ្លួនជាលើកទី២មុនការប្រកាសលទ្ធផល ក៏មានអាការៈរឹតរួតក្បាលដូចត្រូវគេរឹតក្បាលឡើងណែនតែម្ដង ខណៈដែលមកុដដែលលោកបានពាក់គឺរលុង និងត្រូវដាក់កន្សែងនៅខាងក្នុងសោះដើម្បីឱ្យអាចពាក់កើត។

រុន ណាកូ ក្នុងឈុត «ព្រះបាទសុរិយវរ្ម័នទី២»
រុន ណាកូ ក្នុងឈុត «ព្រះបាទសុរិយវរ្ម័នទី២»

លោកថាស្ថានភាពបានធ្វើអោយលោកសម្រេចចិត្តដោះមកុដមួយសន្ទុះ ហើយមានគំនិតចង់ឈប់បន្តការប្រកួត ប៉ុន្តែស្ថានការណ៍កាន់តែរឹតរួតក្បាល មិនខុសពីមានអ្វីមកចង់ច្របាច់លលាដ៍របស់លោកបំបែកនោះទេ ស្របគ្នាដែលក្នុងខ្លួនវិញ ក៏មានសភាពដកដង្ហើមលែងចង់ដល់គ្នា ដូចមានអ្នកមកច្របាច់បំពង់ខ្យល់។

យ៉ាងណាមិញ ក្រោយពេលលោកដឹងថាទំនងជាខុសតំណម ហើយបួងសួងសុំឱ្យម្ចាស់ឈុតមកជួយ និងសុំអោយម្ចាស់ឈុតកុំប្រកាន់ ស្រាប់តែមួយសន្ទុះក្រោយមកក៏ដូចជាត្រូវគេដកពិសចោល ដោយធ្វើអោយលោកស្រួលខ្លួនដូចដើម ហើយអាចបន្តការប្រកួតក្នុងវគ្គទី២។

លោកថាខ្លួនមិនមែនជាមនុស្សអបិយជំនឿទេ ប៉ុន្តែក្រោយជួបហេតុការណ៍ចម្លែកនេះ ធ្វើអោយលោកភ្លឺភ្នែកតែម្ដង ថាឈុតបុរាណរបស់ព្រះមហាក្សត្រខ្មែរកាលពីសម័យអតីតកាល បើទោះជាបានបង្កើតថ្មី ក៏មានបារមីតាមថែ។

រុន ណាកូ ក្នុងឈុត «ព្រះបាទសុរិយវរ្ម័នទី២»

លោកកាន់តែមានរឿងព្រឺខ្លួនទៅទៀតនៅពេលគណកម្មការប្រកាសថា លោកបានទទួលពាន «តារាលេចធ្លោប្រចាំឆ្នាំផ្នែកគ្រងឈុតបុរាណស័ក្ដសម» ស្រាប់តែមានអារម្មណ៍ថាដូចជាមានវិញ្ញាណអ្វីម្យ៉ាងនៅក្បែរៗលោក ដែលលោកយល់ថាប្រហែលជាម្ចាស់ឈុតមកអបអរឈុតដែលខ្លួនបានឈ្នះ ប៉ុន្តែសម្រាប់លោក គឺបះរោមដល់ថ្នាក់មកដល់ផ្ទះហើយ ក៏នៅតែព្រឺៗដេកមិនលក់៕

បេប៊ីទទួលពានរង្វាន់
រុន ណាកូ ទទួលពានរង្វាន់
រុន ណាកូ ទទួលពានរង្វាន់
អ្នកសិល្បៈចូលរួមកម្មវិធិក្នុងឈុតបុរាណ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]