អាល្លឺម៉ង់៖ ប្រធានក្លិប Bayern Munich លោក Uli Hoeness បានចេញមុខប្រតិកម្មយ៉ាងអវិជ្ជមាន កាលពីយប់មិញនេះ ទៅនឹងការចូលនិវត្តន៍របស់ខ្សែបម្រើប្រយុទ្ធ Mesut Ozil ពីក្រុមជម្រើសជាតិអាល្លឺម៉ង់។
លោក Hoeness បាននិយាយថា៖ «ខ្ញុំពិតជាសប្បាយចិត្តខ្លាំងណាស់ នៅពេលដែលខ្ញុំបានឮរឿងដែរខ្ញុំគិតជាយូរមកហើយវាបានក្លាយជាការពិត។ Ozil លេងអន់រាប់ឆ្នាំមកហើយ ជាពិសេសនៅមួយរយៈពេលចុងក្រោយនេះនៅក្នុងការប្រកួតជាមួយក្រុមជម្រើសជាតិក្នុងព្រឹត្តិការណ៏ពានរង្វាន់ World Cup ២០១៨។ គេប្រហែលជាដឹងខ្លួនហើយ ក្រោយពីព្យាយាមលាក់បាំងការលេងដ៏អន់របស់គេចំពោះមុខអ្នកគ្រប់គ្នា (ការបង្ហោះសារចូលនិវត្តន៍របស់ Ozil)»។
គួរឲ្យដឹងថា ប្រធានក្លិប Bayern Munich ដែលមានវ័យ ៦៦ ឆ្នាំរូបនេះបានបន្តរិះគន់ទៀតថា៖ «គ្រប់ពេលដែរ Bayern Munich ប្រកួតជាមួយ Arsenal យើងតែងវាយសម្រុកកន្លែងដែល Ozil ទទួលខុសត្រូវជានិច្ច ពីព្រោះថាយើងបានដឹងមុនទៅហើយថាកន្លែងនោះគឺជាកន្លែងមួយដែលទន់ខ្សោយជាងគេ។ បើនិយាយពីអ្នកគាំទ្រនៅក្នុងប្រព័ន្ធផ្សព្វផ្សាយទំនាក់ទំនងសង្គមរបស់ Ozil ដែលមានជាង ៣៥ លាននាក់នោះវិញ គឺមិនមែនជាមនុស្សពិតនោះឡើយ។ ខ្ញុំគិតថាពួកអ្នកគាំទ្រទាំងនោះ ជឿថា Ozil លេងបានល្អអស្ចារ្យណាស់ តែខ្ញុំថាពូកគេភ្លេចគិតអំពីកីឡាករ Kross ហើយដែលគេជាអ្នកជួយឲ្យ Ozil ស៊ុតបាល់ម្តងៗនោះ។ គេគួរតែលាឈប់ពីកន្លែងតាំងពីយូរឆ្នាំណាស់មកហើយ»។
សូមបញ្ជាក់ថា ខ្សែបម្រើប្រយុទ្ធ Mesut Ozil ទើបតែមានវ័យ ២៩ ឆ្នាំប៉ុណ្ណោះក្រោយពីគេបានប្រកាសចូលនិវត្តន៍ពីក្រុមជម្រើសជាតិអាល្លឺម៉ង់ដោយមិនអាចជួយក្រុមការពារដំណែងជើងមួយនេះឆ្លងផុតវគ្គសន្សំពិន្ទុបានឡើយ។
កីឡាកររូបនេះក៏បានលើកឡើងផងដែរចំពោះការចូលនិវត្តន៍របស់គេគឺថា៖ «ការរើសអើងពូជសាសន៍ និងការមិនគោរព ចំពោះខ្ញុំពីសំណាក់មន្ត្រីធំនៅក្នុងសហព័ន្ធបាល់ទាត់អាល្លឺម៉ង់ អ្នកនយោបាយ ដៃគូសហការ និងប្រព័ន្ធផ្សព្វផ្សាយមួយចំនួនរបស់ប្រទេសអាល្លឺម៉ង់ ទើបធ្វើឲ្យខ្ញុំធ្វើការសម្រេចចិត្តបែបនេះតែម្តងទៅ»។
អតីតខ្សែបម្រើក្លិប Real Madrid រូបនេះធ្លាប់លេងបានចំនួន ៩២ ប្រកួតដោយក្នុងនោះរូបគេស៊ុតបញ្ចូលទីបាន ២៣ គ្រាប់ឲ្យក្រុមជម្រើសជាតិអាល្លឺម៉ង់រ៕
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]