ស្នេហានៅក្នុងជីវិតពិត វាមិនងាយស្រួលរកដូចជារឿងនិទានដែលមានតែរឿងរ៉ាវល្អៗ ពោរពេញដោយសេចក្តីសុខ និងបញ្ចប់ដោយសុភមង្គលនោះទេ។ ការស្វែងរកដៃគូជីវិតវាពិតជាពិបាកណាស់ ពេលខ្លះយើងភ័យខ្លាចថារកមនុស្សម្នាក់មិនបានដូចចិត្ត ជាពិសេសបើចង់រកក៏មិនដឹងថារកតាមវិធីណា ហើយវាធ្វើឱ្យអ្នកឈឺក្បាល កាន់តែមានភាពឯកាកណ្តោចកណ្តែងម្នាក់ឯងលើសដើមផងដែរ។

តែកុំអាលអស់សង្ឃឹមអី ចង់រកស្នេហាពិត យើងរកបានគន្លឹះសំខាន់ៗ៦ចំណុច គ្រាន់តែអនុវត្តអ្នកនឹងអាចជួបមនុស្សដែលត្រូវចិត្តក៏ថាបាន៖

គន្លឹះសំខាន់ជួយឱ្យរកឃើញស្នេហាពិត

១. ទីកន្លែង និងពេលវេលាដែលសាកសម

ទីកន្លែងដែលអ្នកអាចជួបគូស្នេហ៍ថ្ងៃអនាគតរបស់អ្នកជាលើកដំបូង អាចមានឥទ្ធិពលចំពោះទំនាក់ទំនងស្នេហារបស់អ្នកបាន។ ជាទូទៅអ្នកគួរតែទៅកន្លែងដែលអ្នកចូលចិត្ត ជាជាងការទៅកន្លែងផ្សេងៗខុសៗពីគ្នា ព្រោះការទៅកន្លែងដែលអ្នកចូលចិត្តឱ្យបានញឹកញាប់អ្នកអាចនឹងជួបអ្នកដែលចូលចិត្តកន្លែងនោះដូចអ្នក ឬអាចថាជាអ្នកដែលមាននិស្ស័យ និងចំណង់ចំណូលចិត្តប្រហាក់ប្រហែលអ្នកក៏ថាបាន។ នៅពេលដែលអ្នកឧស្សាហ៍ទៅកន្លែងដែលអ្នកចូលចិត្តហើយ អ្នកអាចនឹងចាប់អារម្មណ៍អ្នកណាជាពិសេស ឬមានអ្នកណាម្នាក់ដែលកំពុងតែសម្លឹងមើលអ្នកផងក៏មិនដឹងដែរ។

ទីកន្លែង និងពេលវេលាដែលសាកសម

២. ស្វែងរកស្នេហាត្រង់ៗតែម្តង

ជាការពិតណាស់ នៅពេលដែលអ្នកកំពុងស្វះស្វែង និងចង់មានស្នេហា ភ្លាមៗនោះអ្នកនឹងបានជួបអ្នកត្រូវចិត្ត ឬអ្នកអាចក៏ប្រហែលជាកំពុងតែសម្លឹងមើលអ្នកណាម្នាក់នៅក្នុងកែវភ្នែករួចទៅហើយក៏ថាបាន។  ដូច្នេះកុំរារែកអីក្នុងការដើរឈានទៅរកគេម្នាក់នោះអី និងសាកល្បងចាប់ផ្តើមបង្កើតសម្ព័ន្ធភាពមួយដ៏ល្អជាមុនសិនក៏ជាការល្អ។ ការសាកល្បងរាប់អានគ្នានេះ ក៏ជាផ្លូវនាំទៅរកសេចក្តីស្នេហាផងដែរ តែកុំអាលអស់សង្ឃឹមប្រសិនជាអ្នករាប់អានគ្នាមិនទៅមុខ ឬម្នាក់នោះមើលទៅមិនសាកសមនឹងអ្នក អ្នកគ្រាន់តែដើរចេញមក ហើយរកអ្នកថ្មីផ្សេងទៀត យូរៗទៅពិតជាបានជួបស្នេហាពិតប្រាកដជាមិនខាន។

ស្វែងរកស្នេហាត្រង់ៗតែម្តង

៣. សាកណាត់ជួប

នៅពេលដែលយើងមិនទាន់មានគូស្នេហ៍ ឬមិនទាន់មានម្ចាស់ចិត្តនោះ ការដើរចេញទៅខាងក្រៅ ណាត់ជួបជាមួយមនុស្សថ្មីៗ ដើម្បីបង្កើនមិត្តភាព ឬមើលចិត្តគ្នាមិនមែនជារឿងអាក្រក់នោះឡើយ។ ណាត់ជួបកាន់តែច្រើនអ្នកនឹងស្គាល់មនុស្សកាន់តែច្រើន ហើយអាចសង្កេតមើលអត្តចរិតគ្នា និងស្គាល់ពីចំណង់ចំណូលចិត្តគ្នាទៅវិញទៅមក ។ ប្រសិនជាជួបអ្នកមិនត្រូវចិត្តក៏ហីទៅចុះ រកអ្នកផ្សេងទៀតទៅ តែបើជួបអ្នកដែលពេញចិត្តពេញថ្លើមហើយ វាអាចជាឱកាសឱ្យអ្នកកសាងភាពស្និទ្ធស្នាលទ្វេដង និងអាចធ្វើការណាត់ជួបគ្នានៅពេលក្រោយៗទៀតដើម្បីឱ្យវាវិវឌ្ឍន៍ជាសេចក្តីស្នេហានៅពេលខាងមុខ។ តែកុំភ្លេចប្រយ័ត្នប្រយែងផង ត្រូវធ្វើការស៊ើបសួរជាមុនសិន មុននឹងណាត់ជួប ដើម្បីឱ្យប្រាកដថាគេមិនជាមិនទាន់មានគូស្នេហ៍ ចៀសវាងត្រូវគេបោកប្រាស់។

សាកណាត់ជួប

៤. បើកចិត្ត និងក្លាហាន

ការជួប និងការរាប់អានជាមួយនឹងមនុស្សថ្មីៗអាចជួយឱ្យអ្នកកាន់តែមានភាពក្លាហាននៅក្នុងជីវិតកាន់តែច្រើន។ តែក៏មានអ្នកខ្លះដែលធ្លាប់ជួបប្រទះនឹងស្នេហាខកបំណង ឬស្នេហាបោកប្រាស់ច្រើនដងពេកធ្វើឱ្យគេខ្លាចរអារ និងមានការប្រយ័ត្នប្រយែងខ្ពស់មិនហ៊ានអនុញ្ញាតិឱ្យអ្នកណាម្នាក់ចូលមកក្នុងជីវិតរបស់គេងាយៗឡើយ។ ការប្រយ័ត្នប្រយែងខ្លួនជាមុនជាការល្អ តែនៅពេលដែលអ្នកតឺងតែងហួសហេតុពេក ក៏គ្មានអ្នកណាអាចចូលមកក្នុងជីវិតរបស់អ្នកដែរ។ ដូច្នេះបើចង់មានស្នេហា អ្នកត្រូវតែហ៊ាន ត្រូវតែក្លាហាន និងបើកចិត្តសាកល្បងទទួលមនុស្សថ្មីៗ ព្រមទាំងជ្រើសរើសរាប់អានមនុស្សល្អៗជាមុនសិន នោះជឿថាស្នេហាពិតនឹងរត់មករកអ្នកឆាប់ៗជាមិនខាន។

បើកចិត្ត និងក្លាហាន

៥. អត់ធ្មត់

ទន្ទឹមនឹងការអនុវត្តចំណុចទាំងអស់ខាងលើរួចមកហើយនោះ អ្វីដែលសំខាន់ម្យ៉ាងទៀតនោះគឺភាពអត់ធ្មត់។ គ្មានអ្វីបានមកដោយស្រួលៗ ដោយមិនប្រឹងប្រែង និងអត់ធ្មត់នោះឡើយ ហើយប្រសិនជាអ្នកចង់មានស្នេហា កុំខ្លាចនឹងការរង់ចាំ ជាពិសេសកុំអន្ទះសារខ្លាំងពេកនៅក្នុងអំឡុងពេលដែលកំពុងតែស្វែងរកស្នេហា ឬកំពុងតែមើលចិត្តនរណាម្នាក់។ ការចង់បានអ្វីតក់ក្រហល់ខ្លាំងពេកអាចធ្វើឱ្យអ្នកប្រឈមនឹងការបែកបាក់ ឬការរាប់អានមិនរលូនដូចការរំពឹងទុក។ ដូច្នេះអត់ទ្រាំចំពោះទំនាក់ទំនងរបស់អ្នកនៅក្នុងពេលនេះ ធ្វើអ្វីសន្សឹមៗមួយៗ នោះអ្វីៗនឹងវិវឌ្ឍន៍ទៅមុខជាមិនខាន។

អត់ធ្មត់

៦. អ្វីដែលគួរធ្វើពេលបានជួបមនុស្សត្រូវចិត្ត

ក្រោយពីឆ្លងដំណាក់កាលខាងលើរួចអស់មក អ្នកប្រាកដជាបានជួបមនុស្សដែលត្រូវចិត្តជាមិនខានមែនទេ? ដូច្នេះអ្វីដែលអ្នកត្រូវធ្វើបន្តនៅពេលនេះគឺ ព្យាយាមបង្ហាញអារម្មណ៍របស់អ្នកចេញមក និងស្មោះត្រង់ចំពោះខ្លួនឯង។ ចាប់ផ្តើមធ្វើតាមអ្វីដែលបេះដូងត្រូវការ និងបន្តទំនាក់ទំនងនេះតទៅទៀត ចុងក្រោយអ្នកប្រាកដជាជួបស្នេហាពិត៕

អ្វីដែលគួរធ្វើពេលបានជួបមនុស្សត្រូវចិត្ត

ចុះមិត្តអ្នកអានទាំងអស់គ្នាសាកល្បងហើយឬនៅ? 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]