គ្រប់គ្នាអាចនឹងគិតថា ៩ខែ ១០ថ្ងៃ គឺជារយៈពេលដ៏យូរ លំបាក និងមានតម្លៃបំផុតសម្រាប់មនុស្សម្នាក់ៗនៅក្នុងធ្វើជាម្តាយ ទម្រាំតែអាចបង្កើតបានកូនជាទីស្រលាញ់ចេញមក។ តែមិនមែនមានត្រឹមតែមនុស្សយើងនោះទេ ការពិតទៅមានប្រភេទសត្វដទៃជាច្រើនទៀត ដែលមានការលំបាក និងពពោះយូរជាងមនុស្សយើងទៅទៀតដែលអ្នកមិនធ្លាប់បានដឹង។

ដូច្នេះមកតាមដានសត្វណាខ្លះដែលពពោះកូនក្នុងផ្ទៃរយៈពេលយូរជាងគេទាំង១០លើលោក៖

១០.សត្វសេះបង្កង់ ១០ខែ ទៅ១២ខែ

បើទោះបីជាសេះបង្កង់មានច្រើនប្រភេទយ៉ាងណាក៏ដោយ តែជាទូទៅសត្វមួយប្រភេទនេះ អាចបន្តពូជបាននៅក្នុងពេលដែលវាមានអាយុ៣ឆ្នាំ និងរយៈពេលពពោះអាចប្រែប្រួលដល់ទៅ ១០ខែ ទៅ១២ខែ។ ហើយបន្ទាប់ពីកើតមកភ្លាម កូនសេះបង្កង់អាចក្រោកឈរ និងដើរភ្លាមៗផងដែរ។

សេះបង្កង់ ១០ខែ ទៅ១២ខែ

៩.សត្វគោសមុទ្រ (Manatee) ១២ខែ

សត្វគោសមុទ្រ (Manatee) ពពោះរយៈពេលដល់ទៅ ១២ខែ និងកើតបានតែកូនមួយក្បាលតែប៉ុណ្ណោះក្នុងការពពោះមួយលើកៗ ដោយសត្វមួយប្រភេទនេះកើតកូននៅក្នុងទឹក។ ជាធម្មតាសត្វគោសមុទ្រតែងតែងើបពីទឹក ដកដង្ហើមរៀងរាល់ ៣ ទៅ៥នាទីម្តង ដូច្នេះនៅពេលដែលកូនគោសមុទ្រកើតមកភ្លាម មេគោសមុទ្រនឹងជួយកូនរបស់វាងើបឡើងពីផ្ទៃទឹកដើម្បីដកដង្ហើម។ សម្រាប់កូនគោសមុទ្រអាចហែលទឹកបានដោយខ្លួនឯង បន្ទាប់ពីវាកើតបានរយៈពេល១ម៉ោង។

សត្វគោសមុទ្រ (Manatee) ១២ខែ

៨.សត្វលា ១១ខែ ទៅ១៥ខែ

សត្វលាដល់វ័យបន្តពូជនៅក្នុងអាយុ២ឆ្នាំ និងបង្កកំណើតកូននៅក្នុងផ្ទៃរយៈពេលដល់ទៅ ១១ខែ ទៅ ១៥ខែ ដោយបង្កើតបានកូនម្តងបានតែ១ក្បាលតែប៉ុណ្ណោះ (អាចកើតមកជាកូនលាតែម្តង ឬកើតមកក្នុងស្រោម) ។ ជាទូទៅកូនសត្វលាកើតមកភ្លាមមានទម្ងន់ប្រមាណជា ៨គីឡូក្រាម ទៅ ១៣.៥គីឡូក្រោម ព្រមទាំងអាចក្រោកឈរ និងដើរដោយខ្លួនឯងបន្ទាប់ពីកើតបានរយៈពេលកន្លះម៉ោង។

សត្វលា ១១ខែ ទៅ១៥ខែ

៧.សត្វក.វែង ១៣ខែ ទៅ១៥ខែ

សត្វក.វែង ជាសត្វដែលមានកម្ពស់ខ្ពស់ជាងគេនៅលើលោក ហើយការបង្កកំណើតក្នុងផ្ទៃរបស់វាក៏មានរយៈពេលយូរទៅតាមនោះដែរ គឺដល់ទៅ ១៣ខែ ដល់១៥ខែឯណោះ ហើយអាចកើតមកជាកូនសត្វក.វែងតែម្តង ឬកើតមកក្នុងស្រោម។ ជាទូទៅសត្វក.វែងសម្រាលកូនដោយឈរខុសពីសត្វដទៃ ដោយកូនរបស់វាកើតមានភ្លាមមានកម្ពស់ដល់ទៅជិត ២ម៉ែត្រ ព្រមទាំងអាចក្រោកឈរ ដើរ និងរត់បានដោយខ្លួនឯងបន្ទាប់ពីកើតបានរយៈពេល ២ ទៅ៣ម៉ោងផងដែរ។

សត្វក.វែង ១៣ខែ ទៅ១៥ខែ

៦.សត្វអូដ្ឋ ១៣ខែ ទៅ ១៥ខែ

ការពពោះរបស់សត្វអូដ្ឋអាចប្រែប្រួលខ្លះៗទៅតាមប្រភេទពូជរបស់វា ដែលអាចស្ថិតនៅក្នុងអំឡុងចន្លោះពេល ១៣ខែ ទៅ១៥ខែ។ ជាធម្មតាសត្វអូដ្ឋអាចបង្កើតបានកូនអូដ្ឋបានតែ១ក្បាលតែប៉ុណ្ណោះរាល់ការពពោះមួយលើកៗ ដែលអាចកើតមកជាកូនអូដ្ឋតែម្តង ឬកើតមកក្នុងស្រោម ក្នុងទម្ងន់ប្រមាណជា ៤០គីឡូក្រោម។ កូនអូដ្ឋអាចក្រោកឈរដើរដោយខ្លួនឯងបាន បន្ទាប់ពីកើតមកភ្លាមរយៈពេលកន្លះម៉ោង។

សត្វអូដ្ឋ ១៣ខែ ទៅ ១៥ខែ

៥. សត្វភេសមុទ្រ ១៥ខែ ទៅ ១៦ខែ

សត្វភេសមុទ្រ គឺជាថនិកសត្វចិញ្ចឹមកូនដោយទឹកដោះ ដែលពពោះរយៈពេល ១៥ខែ ទៅ១៦ខែ និងអាចបង្កើតកូនបានតែ១ក្បាលតែប៉ុណ្ណោះ តែឱកាសអាចកើតកូនមកភ្លោះក៏មានច្រើនផងដែរសម្រាប់សត្វមួយប្រភេទនេះ។ ជាទូទៅកូនភេសមុទ្រកើតមកភ្លាម អាចហែលទឹកបានភ្លាម ដោយមានទម្ងន់ដល់ទៅ ៤៥គីឡូក្រាម ទៅ ៧៤គីឡូក្រាម និងប្រើរយៈពេលដល់ទៅ១ឆ្នាំដើម្បីផ្តាច់ទឹកដោះ។ ដូច្នេះអំឡុងពេលកើតមកភ្លាម កូនសត្វភេសមុទ្រនឹងត្រូវដើរតាមមេរបស់វាជានិច្ចដើម្បីចិញ្ចឹមជីវិតដោយបៅទឹកដោះ រហូតដល់វាមានអាយុ៣ឆ្នាំ ដែលជាវ័យបន្តពូជ។

សត្វភេសមុទ្រ ១៥ខែ ទៅ ១៦ខែ

៤.សត្វរមាស ១៥ខែ ទៅ១៦ខែ

សត្វរមាសមានច្រើនប្រភេទណាស់ ដែលរយៈពេលពពោះអាចប្រែប្រួលតាមប្រភេទរបស់វា ដោយភាគច្រើនស្ថិតក្នុងអំឡុងពេល ១៥ខែ ទៅ១៦ខែ និងប្រភេទខ្លះអាចនឹងលើសពី១៦ខែផងក៏មាន។ ជាទូទៅសត្វរមាសអាចបង្កើតកូនបានតែ១ក្បាលតែប៉ុណ្ណោះក្នុងមួយលើក ដោយកូនរមាសកើតមកភ្លាមមានទម្ងន់ប្រហែលជា ៤០គីឡូក្រាម ទៅ ៦៥គីឡូក្រាម ។ មេរមាសនឹងការពារកូនរបស់វាជានិច្ច ក្រោយពីកូនវាកើតមកភ្លាម រហូតដល់អាយុ៣ឆ្នាំ។

សត្វរមាស ១៥ខែ ទៅ១៦ខែ

៣. ត្រីបាឡែន ១២ខែ ទៅ១៦ខែ

ត្រីបាឡែនជាសត្វដែលធំជាងគេនៅលើលោក និងមានរយៈពេលពពោះយូរផងដែរ គឺស្ថិតនៅក្នុងខន្លោះពី ១២ខែ ទៅ ១៦ខែ អាស្រ័យទៅតាមប្រភេទរបស់វា។ ដោយត្រីបាឡែនប្រភេទ Sperm whales ពពោះរយៈពេលយូរជាងគេដល់ទៅ ១៦ខែ និងត្រីបាឡែនប្រភេទ Narwhal ពពោះរយៈពេល ១៤ខែ ហើយត្រីបាឡែនកើតកូនម្តង បានតែ១ក្បាលតែប៉ុណ្ណោះ ។

ត្រីបាឡែន ១២ខែ ទៅ១៦ខែ

២. ផ្សោតសមុទ្រ ឬត្រីដូហ្វីន ១៥ខែ ទៅ ១៨ខែ

ផ្សោតសមុទ្រ ឬត្រីដូហ្វីន ត្រូវបានគេស្គាល់ថាជាសត្វដែលឆ្លាតវៃជាងគេ តែវាក៏ជាសត្វដែលពពោះរយៈពេលយូរផងដែរ ដោយត្រីដូហ្វីនធម្មតាពពោះរយៈពេលដល់ទៅ ១៥ខែ ទៅ ១៨ខែ។ ដោយឡែក បាឡែនពិឃាត (Killer Whales ជាប្រភេទត្រីដូហ្វីន) ពពោះរយៈពេលយូរជាងគេ គឺដល់ទៅ ១៧ខែ ទៅ១៨ខែឯណោះ។ ពពួកត្រីផ្សោតសមុទ្រ ឬត្រីដូហ្វីន អាចបង្កើតកូនបានត្រឹមតែ១ក្បាលតែប៉ុណ្ណោះក្នុងមួយលើកៗ។

ផ្សោតសមុទ្រ ឬត្រីដូហ្វីន រយៈពេល ១៥ខែ ទៅ ១៨ខែ

១.សត្វដំរី ១៨ខែ ទៅ២២ខែ

សត្វដំរី គឺជាសត្វដែលពពោះយូរជាងគេបំផុត គឺរយៈពេល ១៨ខែ ទៅដល់ ២២ខែ ពោលដល់ទៅជិត២ឆ្នាំឯណោះ។ សម្រាប់ដំរីនៅប៉ែកអឺរ៉ុប មានរយៈពេលពពោះ ២២ខែ និងសម្រាប់ដំរីអាស៊ីពពោះចន្លោះ ១៨ខែ ទៅ២២ខែ ដោយអាចមានភាពប្រែប្រួលទៅតាមប្រភេទរបស់វា។ សត្វដំរីអាចកើតកូនបានតែ១ក្បាលតែប៉ុណ្ណោះ ក្នុងការពពោះមួយលើកៗ ដោយកូនដំរីដែលកើតមកភ្លាមមានទម្ងន់ប្រមាណជា ៩០គីឡូក្រាម ទៅ ១១៥គីឡូក្រាម ។ ជាទូទៅសត្វដំរីពេញវ័យនៅក្នុងអាយុ ២០ឆ្នាំ តែ អាចបន្តពូជ និងកំណកំណើតបាននៅក្នុងអាយុ ៨ឆ្នាំ ទៅ១៣ឆ្នាំ។ គួរឱ្យដឹងផងដែរថាសត្វដំរីជាសត្វដែលសាមគ្គីគ្នាខ្លាំងណាស់ ដូច្នេះមិនត្រឹមតែមេដំរីទេ គឺគ្រប់សមាជិកក្នុងហ្វូងដំរីទាំងអស់នឹងការពារកូនដំរីទាំងអស់ដូចៗគ្នា ប្រៀបបីដូចជាគ្រួសារតែមួយ៕

សត្វដំរី ១៨ខែ ទៅ២២ខែ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]