ដូចដែលពាក្យចាស់លោកពោលថា ជីវិតគឺជាការតស៊ូ ហើយជាមួយគ្នានេះដែរ មនុស្សគ្រប់ៗរូប ក៏មានការតស៊ូជាមួយនឹងរឿងរ៉ាវខុសៗគ្នា ផងដែរ ព្រោះថាមាន អ្នកខ្លះ ក៏ត្រូវតស៊ូជាមួយនឹងរឿងរ៉ាវការងារ ការសិក្សារៀនសូត្រ ក្រុមគ្រួសារ និងដៃគូស្នេហា ជាដើម។

ហើយកាន់តែពិសេសជាងនោះទៅទៀត ចំពោះអ្នកដែលពិការភាពពីកំណើត ឬដោយហេតុការណ៍ណាមួយ ពួកគេក៏រមែងតែងតែមានជីវិតរស់នៅ កាន់តែមាន ផលលំបាកច្រើន ជាជាងមនុស្សធម្មតាទៅទៀត ផងដែរ។ ដោយហេតុថា ពួកគេត្រូវរស់នៅ ជាមួយនឹងការរើសអើងមួយចំនួន ពីសំណាក់សង្គម ព្រមទាំងពីសំណាក់មជ្ឈដ្ឋាននានា ដែលពួកគេរស់នៅ។

ជាមួយគ្នានោះដែរ វាក៏មានកត្តាជម្រុញមួយចំនួនធំ ដែលបាននាំឲ្យជនពិការភាគច្រើន បានសម្រេចចិត្តធ្វើការដើរសុំទានគេ ដើម្បីស្វែងរកប្រាក់កាក់មួយចំនួន សម្រាប់ទ្រទ្រង់ជីវិត រស់នៅរបស់ខ្លួន ជារៀងរាល់ថ្ងៃ។

តែផ្ទុយមកវិញ ក៏មានជនពិការមួយចំនួនតូចផ្សេងទៀត មិនបានសម្រេចចិត្តប្រើប្រាស់ ថាមពលនៃជីវិតរបស់ខ្លួន ក្នុងការដើរសុំទានគេនោះទេ ពោលគឺពួកគេបានសម្រេចចិត្តធ្វើការ ប្រើប្រាស់កម្លាំងញើសឈាមរបស់ខ្លួន សម្រាប់ធ្វើការរកប្រាក់ដោយខ្លួនឯង បើទោះបីជា វាមានការលំបាកខ្លាំង ជាជាងអ្នកដែលមានកាយសម្បទានល្អ ក៏ដោយចុះ។ 

ដូច្នោះ ខាងក្រោមនេះ ជាកិច្ចសម្ភាសន៍ខ្លះៗ របស់ក្រុមការងារខ្មែរឡូត ពីជីវិតពិត ជាក់ស្តែងរបស់អ៊ំប្រុសម្នាក់លក់សៀវភៅ ដែលជាជនពិការជើង នៅឯវត្តភ្នំរាជធានីភ្នំពេញ:

លោកអ៊ំ វ៉ា សាម៉ាន

លោកអ៊ំ វ៉ា សាម៉ាន គឺជាជនពិការជើងមួយរូប នាសម័យប៉ុលពត ដែលមានទីកន្លែងកំណើត នៅឯខេត្តព្រៃវែង។ ដោយជាមួយគ្នានេះដែរ ពិការភាពរបស់លោកអ៊ំ ក៏មិនមែនបានកើត មានឡើង តាំងតែពីកំណើតនោះទេ ព្រោះថា វាបានកើតមានឡើង ដោយសារតែគ្រាប់មីន មិនទាន់ផ្ទុះនាសម័យប៉ុលពត នៅពេលដែលលោកអ៊ំបានសីុឈ្នួលធ្វើការកាប់ព្រៃ នៅឯចម្ការមួយកន្លែង ខេត្តកោះកុង ឆ្នាំ ២០០២

លោកអ៊ំ វ៉ា សាម៉ាន

តែយ៉ាងណាមិញ នាពេលសព្វថ្ងៃនេះ លោកអ៊ំ ក៏បានប្រកបមុខរបររកសុី ជាអ្នកលក់សៀវភៅខ្មែរ និងបរទេសជូនទៅកាន់ភ្ញៀវអន្តរជាតិ នៅទីតាំងរមណីយដ្ឋាន វត្តភ្នំជារៀងរាល់ថ្ងៃ វេលាម៉ោង ៧:០០ ព្រឹក រហូតដល់ម៉ោង ៥:០០ ល្ងាច តាំងតែពីដើមឆ្នាំ ២០០៣ មកប៉ុណ្ណោះ។ ថ្វីបើ នាពេលបច្ចុប្បន្ននេះ មុខរបររកសុីរបស់ លោកអ៊ំ មានតែម្នាក់ឯងនៅទីនេះ ក៏ពិតមែន ប៉ុន្តែ វាក៏មិនមែនជាមុខរបរដែលអាចរកបាន ប្រាក់ចំណូលច្រើន សម្រាប់ការចិញ្ចឹមជីវិតរបស់លោកអ៊ំ នោះទេ។ 

សៀវភៅ និងផ្ទាំងគំនូរ ដែលលោកអ៊ំ ដាក់លក់

ព្រោះថា នាពេលចាប់ពីដើមខែ កញ្ញា ទៅខែធ្នូ ជារយៈពេលមួយ អាចរកប្រាក់ចំណូល បានគួរសម ពីចន្លោះ ១០ ទៅ ១៥មឺុនរៀល ក្នុងមួយថ្ងៃ។ តែយ៉ាងណាមិញ សម្រាប់ពីដើមខែ មករា មករហូតដល់ខែសីហា ជារដូវកាលមួយដែលលោកអ៊ំ មិនសូវរកបានប្រាក់ចំណូលច្រើនណាស់ណា នោះទេ។ ដោយហេតុថា ការប្រកបមុខរបរលក់សៀវភៅដូចជាលោកអ៊ំ ត្រូវមានការពឹងពាក់អាស្រ័យទៅលើភ្ញៀវបរទេសច្រើនជាងភ្ញៀវជាតិ សម្រាប់ចូលរួមទិញសៀវភៅទាំងអស់នេះ។ 

សៀវភៅ និងផ្ទាំងគំនូរ ដែលលោកអ៊ំ ដាក់លក់

តែយ៉ាងណាមិញ ថ្វីបើ មុខរបរមួយនេះ ប្រឈមជាមួយបញ្ហាខ្វះខាតច្រើន ប៉ុន្តែលោកអ៊ំ វ៉ា សាម៉ាន ក៏មានការពេញចិត្តច្រើនជាមួយមុខរបរបែបនេះ ជាជាងមុខរបរផ្សេងៗទៀត។ ម្យ៉ាងទៀត ដោយមានការយល់ឃើញថា លោកអ៊ំជាជនពិការ ហេតុនេះហើយ ក្រៅតែពីមុខរបរបែបនេះ តើលោកអ៊ំអាចប្រកបមុខរបរអ្វីផ្សេងទៀតបានឡើយ។ 

លោកអ៊ំ វ៉ា សាម៉ាន

ជាមួយនឹងការតស៊ូទាំងអស់នេះ លោកអ៊ំ ក៏បានធ្វើការចែករំលែកជាកម្លាំងចិត្ត ជូនទៅកាន់ជនពិការទាំងឡាយ នៅក្នុងប្រទេសកម្ពុជាថា ដោយឲ្យមានឆន្ទះរឹងមាំ ហើយកុំព្យាយាមតូចចិត្ត ឬទោរទន់ទៅតាមកាយសម្បទានរបស់ខ្លួន ដែលបានបាត់បង់ ទៅនោះអី។ ព្រោះថា គ្មាននរណាអាចជួយយើងបាននោះទេ ក្រៅតែពីយើងព្យាយាមជួយ ខ្លួនយើង ជាមុនសិន។

លោកអ៊ំ វ៉ា សាម៉ាន

ម្យ៉ាងវិញទៀត សម្រាប់អ្នកដែលមិនមែនជាជនពិការ គប្បីតែមិនមានការរើសអើងច្រើនទៅលើពួកគាត់ នោះទេ ដោយហេតុថា មនុស្សគ្រប់ៗគ្នា គ្មាននរណាម្នាក់ ចង់កើតមកបាត់បង់កាយសម្បទារបស់ខ្លួន នោះទេ៕  

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]