ខេត្តកំពតៈ យុវសិស្សម្នាក់ត្រូវបាន ជនមិនស្គាល់អត្តសញ្ញាណ ស្ទាក់វាយប្លន់យកគ្រឿងអលង្ការនិង រងរបួសពេញខ្លួន សន្លប់នៅនឹងកន្លែង កើតហេតុតែម្តង ខណៈ ដែលយុវសិស្សរងគ្រោះ ចេញមកពីកំដរកូនក្រមុំ ដែលមានរោងការនៅក្បែរ ផ្ទះរបស់ខ្លួន ភូមិឃុំជាមួយគ្នា ។

ហេតុការណ៍ប្លន់នេះ កើតឡើងនៅវេលាម៉ោង ២២ ថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១២ នៅចំណុចប្រឡាយផ្លូវលំ ចូលលានស្រូវ កាច់ទៅផ្លូវលំ បំបែកទៅរ៉ារថភ្លើង ដែលមានចម្ងាយពីផ្ទះការ ប្រហែល២០០ម៉ែត្រ សិ្ថតក្នុងភូមិស្វាយធំ សង្កាត់ក្រាំងអំពិល ក្រុងកំពត ខេត្តកំពត ។

នគរបាលបានអោយដឹងថា យុវសិស្សរងគ្រោះឈ្មោះ ស៊ីថា ធារី ភេទស្រី អាយុ១៨ឆ្នាំ មុខរបរសិស្សថ្នាក់ទី១០ នៃវិទ្យាល័យព្រះរាជសម្ភា បច្ចប្បន្នរស់នៅក្នុងបន្ទុកគ្រួសារ ភូមិស្វាយធំ សង្កាត់ក្រាំងអម្ពិល ក្រុងកំពត ខេត្តកំពត ។

នគរបាលដដែលឲ្យដឹងទៀតថា ជនរងគ្រោះបានទៅកំដរការ មិត្តភក្តិនៅក្នុងភូមិជាមួយគ្នា នៅពេលកម្មវិធីការ មិនទាន់ចប់ផងជនរងគ្រោះក៏បានដើរចេញពីរោងការត្រឡប់ទៅផ្ទះខ្លួនវិញទាំងយប់។ ដោយមិនបាន ប្រាប់ មិត្តភក្តិណាម្នាក់ ដែលចូលរួមក្នុងពិធីការឬក៏ម្ចាស់ដើមការឡើយ ដើរតាមផ្លូវមានសភាពស្ងាត់ដល់ចំណុចកើត ហេតុនៅវេលា ម៉ោងកើតហេតុខាងលើក៏ត្រូវបានជនដៃដល់ មិនស្គាល់អត្តសញ្ញាណ លួចវាយពីក្រោយ ធ្វើឲ្យជនរងគ្រោះសន្លប់បាត់បង់ស្មារតី ហើយជនដៃដល់ក៏ឆ្លៀតឱកាស ដោះយកគ្រឿងអលង្ការពីខ្លួនអស់ព្រម ទាំងទូរស័ព្ទដៃ Belin ១គ្រឿងទៀតផង។ ក្រោយធ្វើសកម្មភាព ជនលើ្មសបានរត់គេចខ្លួនបាត់ស្រមោល រីឯជនរងគ្រោះសន្លប់រហូតដល់ម៉ោងជាង៤ ទៀបភ្លឺឈានចូលថ្ងៃទី ១៤ ខែមីនា ឆ្នាំ១០១២ ទើបជនរងគ្រោះ ស្រែកឲ្យគេឯងជួយ ដឹកយកទៅសង្រ្គោះបន្ទាន់នៅពេទ្យ” សម្ភពបូកគោ” កំពត ។

ជនរងគ្រោះរបួសធ្ងន់ បាក់ធេ្មញ ក្រោម២ ,បែកបបូរមាត់ ,ពកថ្ងាស់, ជាំក , ជាំខ្នងខាងក្រោយ និងបាត់គ្រឿង អលង្ការដូចជា ចិញ្ជៀនប្លាកទីន ១វង់ទំងន់១ជី, ក្រវិលប្លាកទីន១គូ ទំងន់៥ហ៊ុន,កងដៃកាឡៃ១វង់ និងទូរស័ព្ទ ដៃម៉ាក Belin ១គ្រឿងចំណែកខ្សែក ប្លាកទីនទម្ងន់២ជី បាន ជ្រុះនៅកន្លែងកើតហេតុត្រូវបាននគរបាល រើសរក្សាទុកឲ្យជនរងគ្រោះវិញ។

បច្ចុប្បន្ន នគរបាលនិងកម្លាំង អហ កំពុងសហការគ្នាតាមស្រាវជ្រាវវែកមុខសញ្ញានេះហើយ៕

ដោយៈ វ៉ាន់ ឌឿន

ផ្តល់សិទ្ធដោយ ដើមអម្ពិល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]