ពិភពលោក៖ ឧក្រិដ្ឋកម្មគឺជាបញ្ហាសកល ដែលប្រទេសនីមួយៗជុំវិញពិភពលោក ដោះស្រាយទៅតាមកត្តាជាច្រើនដូចជា ប្រភេទរដ្ឋាភិបាល វប្បធម៌ប្រពៃណី ជំនឿ ក៏ដូចជាអាត្រាឧក្រិដ្ឋកម្មជាតិរៀងៗខ្លួន។ ថ្វីបើវាជារឿងដ៏កម្រ ប៉ុន្តែមានប្រទេសមួយចំនួនតូច ដែលប៉ូលិសរបស់ខ្លួនមិនកាន់កាំភ្លើង ខណៈបំពេញភារកិច្ចឡើយ ប៉ុន្តែពួកគេប្រើបច្ចេកទេស និង ធនធានផ្សេង ដើម្បីអនុវត្តភារកិច្ចរក្សាច្បាប់ និង សណ្តាប់ធ្នាប់។

រូបតំណាងមន្ត្រីប៉ូលិស

ខាងក្រោមនេះជាប្រទេសទាំង៥ ដែលប៉ូលិសមិនកាន់កាំភ្លើងពេលធ្វើការ៖

១. អៀរឡង់ (Ireland)

ប្រវត្តិនៃការមិនប្រើអាវុធរបស់កម្លាំងប៉ូលិសអៀរឡើង ដែលគេស្គាល់ថា “កងការពារសន្តិសុខ (the Garda Síochána ឬ the Guards)” គឺមានតាំងពីឆ្នាំ ១៩២៤ មកម្ល៉េះ។ ក្រោយទទួលបានឯករាជ្យ និងធ្លាក់ក្នុងសង្គ្រាមស៊ីវិលដែលពាក់ព័ន្ធនឹង កងទ័ពសាធារណរដ្ឋអៀរឡង់មក អ្នកដែលទទួលបន្ទុករៀបចំមន្ទីរប៉ូលិសអៀរឡង់បានសន្និដ្ឋានថា វត្តមាននៃកងកម្លាំងប៉ូលិសបំពាក់អាវុធ នឹងធ្វើឱ្យមានអារម្មណ៍ថារងការគាបសង្កត់ និងបង្កអំពើហិង្សាពីសំណាក់ប្រជាជន ដែលបែងចែកនិន្នាការនយោបាយ។  

កត្តាមួយទៀតដែលដើរតួយ៉ាងសំខាន់គឺ មហាជនទូទៅកម្រប្រើកាំភ្លើងណាស់ ដោយសារច្បាប់គ្រប់គ្រងអាវុធដ៏តឹងរ៉ឹង ហើយក៏មិនមែនជាទម្លាប់ដ៏ពេញនិយម ឬ ពលរដ្ឋទូទៅមិនស្វះស្វែងរកអាវុធក្នុងបំណងការពារខ្លួនឡើយ។ បច្ចុប្បន្ន ជំនួសឱ្យការកាន់កាំភ្លើង ប៉ូលិសអៀរឡង់ភាគច្រើនបំពាក់ដោយឧបករណ៍ផ្សេងៗដូចជា ស្ព្រ៉ាយបាញ់ម្រេច និង ដំបងវិញ។ ម្យ៉ាងទៀត ករណីហិង្សា (ឃាតកម្ម និង បទឧក្រិដ្ឋ) ជារឿងដ៏កម្រក្នុងប្រទេសនេះ។ 

រូបតំណាងមន្ត្រីប៉ូលិស នៅអៀរឡង់

២. ន័រវែស (Norway)

សមាជិកនៃកងកម្លាំងប៉ូលិសក្នុងប្រទេសប៉ែកខាងជើងទ្វីបអឺរ៉ុបមួយនេះ ក៏មិនកាន់កាំភ្លើងខណៈបំពេញភារកិច្ចដើរល្បាតដូចគ្នា។ ទោះយ៉ាងណា ពួកគេចាក់សោទុកកាំភ្លើង ក្នុងរថយន្តល្បាតក្រែងមានបញ្ហាកើតឡើង។ គោលនយោបាយផ្លូវការបានចែងថា ការកាន់អាវុធអាចធ្វើទៅបាន លុះត្រាតែមានការអនុញ្ញាតពីស្នងការប៉ូលិស។ បើតាមស្ថិតិជាតិថ្មីៗនេះបានឱ្យដឹងថា អាត្រាឧក្រិដ្ឋកម្មកំពុងធ្លាក់ចុះពេញប្រទេសន័រវែស ដោយក្នុងឆ្នាំ ២០១៤ ប្រទេសក្នុងតំបន់ស្កង់ឌីណាវមួយនេះ មានឃាតកម្មត្រឹម ២៩ ករណីប៉ុណ្ណោះ ឬស្មើនឹង ០.៥៦ ក្នុងចំណោម ១ សែននាក់។  

រូបតំណាងមន្ត្រីប៉ូលិស នៅន័រវែស

៣. អ៊ីស្លង់ (Iceland)

អ៊ីស្លង់មានប្រជាជនតិចជាងគេ ក្នុងចំណោមប្រទេសទាំង៥ ដែលប៉ូលិសមិនកាន់អាវុធ ហើយមានប្រវត្តិនៃការពង្រឹងច្បាប់នេះតាំងពីឆ្នាំ ១៧៧៨ មកម្ល៉េះ។ ថ្វីបើប៉ូលិសភាគច្រើនពឹងផ្អែកលើដំបង និង ស្ព្រ៉ាយបាញ់ម្រេចខណៈបំពេញតួនាទីក៏ដោយ ក៏សមាជិកនៃកងកម្លាំងទាំងអស់ ត្រូវបានបង្វឹកក្នុងការប្រើកាំភ្លើងច្បាស់លាស់ដែរ។ 

ជារឿយៗ មានតែសមាជិកនៃ អង្គភាពប្រឆាំងភេរវកម្មជាន់ខ្ពស់ ឬក្រុមប្រតិបត្តិការពិសេសប៉ុណ្ណោះ ដែលត្រូវបានអនុញ្ញាតឱ្យប្រើកាំភ្លើង។ អ្វីដែលគួរឱ្យចាប់អារម្មណ៍នោះគឺ ថ្វីបើមានប្រវត្តិសាស្រ្តដ៏យូរអង្វែងបែបនេះក្តី ក៏មានករណីពលរដ្ឋអ៊ីស្លង់ម្នាក់ ត្រូវបានសម្លាប់អំឡុងប្រតិបត្តិការរបស់កងកម្លាំងប៉ូលិសប្រដាប់អាវុធនៅឆ្នាំ ២០១៣។  

រូបតំណាងសមាជិកអង្គភាពប្រឆាំងភេរវកម្ម នៅអ៊ីស្លង់

២. នូវែលហ្សេឡង់ (New Zealand)

ក្នុងប្រទេសតំបន់កោះនេះ មន្ត្រីពង្រឹងច្បាប់កាន់ស្ព្រ៉ាយបាញ់ម្រេច ដំបងឆក់ និង ដំបង។ ក្រៅពីមន្ត្រីដែលប្រចាំការនៅអាកាសយានដ្ឋាន និងសមាជិកនៃក្រុមការពារគណៈប្រតិភូ មន្ត្រីធម្មតាៗមិនកាន់កាំភ្លើងឡើយ។ ថ្វីបើដូច្នេះ អំឡុងច្រើនឆ្នាំចុងក្រោយ សមាគមន៍ប៉ូលិសនូវែលហ្សេឡង់ បានលើកសំណើជាច្រើនសារ ដើម្បីកែប្រែគោលនយោបាយកាន់អាវុធរបស់កងកម្លាំង និងបញ្ចូលសមាជិកកាន់កាំភ្លើង ព្រមទាំងជម្រុញការហ្វឹកហាត់ប្រើកាំភ្លើងឱ្យប្រសើរឡើង។ 

ទោះយ៉ាងណា បច្ចុប្បន្នមន្ត្រីប៉ូលិសអាចប្រើកាំភ្លើងពីក្នុងប្រអប់ដែលចាក់សោរជាប់ក្នុងឡានល្បាត និងតម្រូវឱ្យសុំការអនុញ្ញាតពីថ្នាក់លើក្នុងករណីចង់ដកអាវុធចេញពីឡាន។

រូបតំណាងមន្ត្រីប៉ូលិស នៅនូវែលហ្សេឡង់

១. ចក្រភពអង់គ្លេស

តាមរយៈការបោះឆ្នោតស្ទង់មតិ សមាជិកនៃកងកម្លាំងប៉ូលិសគឺជាអ្នកគាំទ្រធំបំផុត ក្នុងការរក្សាស្ថានភាពមិនកាន់អាវុធនេះ។ យោងតាមការស្ទង់មតិក្នុងឆ្នាំ ២០០៦ មន្ត្រីប៉ូលិសចក្រភពអង់គ្លេស ៨២% ពេញចិត្តចំពោះការបំពេញភារកិច្ចដោយមិនកាន់កាំភ្លើង ដោយមន្ត្រីប៉ូលិសជាច្រើនជឿថា ទំនាក់ទំនងរវាងប៉ូលិស និងសហគមន៍ត្រូវតែពឹងផ្អែកលើការជឿទុកចិត្ត និងការគោរព ជាជាងការភ័យខ្លាច និងការបំភិតបំភ័យ ដែលឧស្សាហ៍ពាក់ព័ន្ធនឹងមន្ត្រីប្រដាប់អាវុធ។

តាមស្ថិតិបច្ចុប្បន្នបង្ហាញថា បទឧក្រិដ្ឋហិង្សាក្នុងចក្រភពអង់គ្លេស ស្ថិតនៅកម្រិតទាបបំផុតក្នុងរយៈពេលជាង ៣០ ឆ្នាំចុងក្រោយ។ ឧទាហរណ៍៖ ក្នុងឆ្នាំ ១៩៩៥ ចំនួនបទឧក្រិដ្ឋទូទាំងប្រទេសមាន ៤,២០០ ខណៈឆ្នាំ ២០១១ តួលេខនេះបានថយចុះមកត្រឹម ១,៩០៤ ប៉ុណ្ណោះ។ គួរបញ្ជាក់ផងដែរថា ច្បាប់គ្រប់គ្រងអាវុធក្នុងចក្រភពអង់គ្លេស មានលក្ខណៈតឹងរ៉ឹងសម្បើមណាស់៕

រូបតំណាងមន្ត្រីប៉ូលិស នៅចក្រភពអង់គ្លេស

តើប្រិយមិត្តយល់យ៉ាងណាដែរ?

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]