លោកអ្នកប្រហែលចាំហើយនៅពេលដែលបានហូបផ្លែទំពាំងបាយជូរក្រោយពេលទទួលទានអាហាររួច ឬហូបលេងជាមួយក្រុមគ្រួសារអំឡុងពេលកំពុងនិយាយពិភាក្សាគ្នាជាដើម។ លោកអ្នកច្បាស់ជាចាំហើយនូវរសជាតិផ្អែមមុត ឆ្ងាញ់ នៃផ្លែឈើមួយប្រភេទនេះ ដែលងាយរកទិញ និងស្តុកទុកសម្រាប់ជាអាហារសំរន់។ តែអ្វីដែលលោកអ្នកពុំសូវចាប់អារម្មណ៍ និងដឹងច្បាស់នោះគឺសារធាតុចិញ្ចឹមជាច្រើនប្រភេទដែលរាងកាយយើងត្រូវការមិនអាចខ្វះបាន រាប់តាំងពីវីតាមីនសំខាន់ៗ សារធាតុសរសៃ និងសារធាតុរ៉ែជាច្រើនប្រភេទទៀត។ ដូច្នេះខាងក្រោមនេះ ជាអត្ថប្រយោជន៍សុខភាពទាំង ៤ យ៉ាង នៃការហូបផ្លែទំពាំងបាយជូរ៖

១. ប្រឆាំងនឹងជាតិពុល

អ្នកដឹងទេថាកោសិការាងកាយយើងអាចផលិតពពួកសារធាតុពុល ដែលអាចបង្កផលប៉ះពាល់ដល់កោសិកាជាប់ៗវា  ជាហេតុបណ្តាលនាំឲ្យខូចទ្រង់ទ្រាយ និងដំណើរការខុសធម្មតា។ ទោះបីយ៉ាងណាក៏ដោយ សារធាតុប្រឆាំងនឹងជាតិពុលមាននៅតាមសំបកនិងគ្រាប់របស់ផ្លែទំពាំងបាយជូរ អាចប្រឆាំង និងទប់ស្កាត់ឥទ្ធិពលអវិជ្ជមាននៃពពួកសារធាតុពុលទាំងនេះបាន។

ចំណាំ៖ លោកអ្នក គួរហូបទាំងសំបកស្រស់ ដោយលាងឲ្យស្អាតជាមួយទឹក។

ផ្លែទំពាំងបាយជូរ

២. ប្រឆាំងនឹងមហារីក

ដូចបានរៀបរាប់ខាងលើអីចឹងដែរ ផ្លែទំពាំងបាយជូរសំបូរសារធាតុប្រឆាំងជាតិពុល ដែលជាភ្នាក់ងារយ៉ាងសកម្មនិងសំខាន់ក្នុងការទប់ស្កាត់ការវិវឌ្ឍន៍នៃកោសិកាមហារីក។

អ្នកត្រូវយល់ថាសារធាតុពុលក្នុងខ្លួនយើង អាចប៉ះពាល់ទៅដល់ទ្រង់ទ្រាយទាំងមូលនៃកោសិកា ដោយសារប្រតិកម្មនៃអេឡិចត្រុងរបស់កោសិកា។  វាអាចបណ្តាលឲ្យប៉ះពាល់មិនត្រឹមតែសំបកកោសិកាទេ ថែមទាំងអាចមានឥទ្ធិពលអវិជ្ជមានចំពោះ DNA នៃកោសិកាទៀតផង។ នេះជាមូលហេតុចំបងនៃការលូតលាស់មិនប្រក្រតីនៃកោសិកាទៅរកកោសិកាមហារីក។

បើទោះបីជាយ៉ាងណាក៏ដោយ ការហូបផ្លែទំពាំងជូរនឹងបន្ថែមសារធាតុប្រឆាំងនឹងសារធាតុពុល  ដែលជួយកាត់បន្ថយហានិភ័យនៃជំងឺមហារីកទាំងឡាយ។

ផ្លែទំពាំងបាយជូរ

៣. ប្រព័ន្ធប្រសាទ

អ្នកដឹងទេថាសារធាតុពិសេសមួយចំនួននៃផ្លែទំពាំងបាយជូរ ត្រូវបានគេរកឃើញថា មាន​ឥទ្ធិពលវិជ្ជមានគួរឲ្យកត់សំគាល់ ចំពោះដំណើរការប្រព័ន្ធប្រសាទនៃខួរក្បាល ដោយសារធាតុសំខាន់ៗទាំងនេះ ជួយបង្ការការរលាកនៃកោសិកាណឺរ៉ូនខួរក្បាលពីកត្តាផ្សេងៗបាន។

ក្នុងការសិក្សាស្រាវជ្រាវរយៈពេល ១២សប្តាហ៍ បានបង្ហាញឲ្យដឹងថា ក្នុងក្រុមសំណាកនៃមនុស្សវ័យកណ្តាលដែលកំពុងជួបបញ្ហានៃការចងចាំកម្រិតស្រាល និង មធ្យម ក្រោយពេលហូបផ្លែទំពាំងបាយជូរដែលក្រុមអ្នកស្រាវជ្រាវបានកំណត់និងតាមដានយ៉ាងមត់ចត់រួចមក  ពួកគេរកឃើញថា សមត្ថភាពនៃការចងចាំនៃសំណាកទាំងនោះប្រសើរឡើងគួរឲ្យកត់សំគាល់។ 

ផ្លែទំពាំងបាយជូរ

៤. ប្រព័ន្ធរបត់ឈាម

យោងទៅតាមការសិក្សាស្រាវជា្រវជាច្រើននៃផលវិជ្ជមានរបស់ផ្លែទំពាំងបាយជូរចំពោះប្រព័ន្ធរបត់ឈាមបានឲ្យឃើញ សារធាតុពិសេសមួយចំនួននៃផ្លែឈើមួយប្រភេទនេះ បានជួយពង្រឹងដំណើរការនៃជញ្ជាំងសរសៃឈាមដោយផ្តល់ឲ្យកាន់តែប្រសើរនៃភាពបត់បែនរបស់សរសៃឈាម  កាត់បន្ថយសារធាតុកូលេស្តេរ៉ុលមិនល្អ កាត់បន្ថយសារធាតុខ្លាញ់ និងការពារពីការរលាកនៃកោសិកា។ 

កត្តាទាំងនេះហើយបានចូលរួមចំណែកយ៉ាងសកម្មក្នុងការកាត់បន្ថយហានិភ័យនៃជំងឺជាច្រើនទាក់ទងនឹងបេះដូង រាប់តាំងពីជំងឺគាំងបេះដូង ជំងឺគ្រិនរឹងសរសៃឈាម និងជំងឺដាច់សរសៃឈាមខួរក្បាលជាដើម៕

ផ្លែទំពាំងបាយជូរ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]