(កំពង់ស្ពឺ)៖ អាជ្ញាធរខេត្តកំពង់ស្ពឺ និងខេត្តព្រះសីហនុ បានអនុញ្ញាតឲ្យរថយន្ដធុនធំ អាចធ្វើចរាចរបានឡើងវិញ នៅលើផ្លូវជាតិលេខ៤​ នាព្រឹកថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៨នេះ ប៉ុន្ដែតម្រូវឲ្យរថយន្ដធុនធំទាំងអស់ ធ្វើដំណើរនៅលើទ្រូងផ្លូវតែប៉ុណ្ណោះ សម្រាប់កន្លែងដែលរងដោយទឹកជំនន់ ដើម្បីជៀសរៀងការខូចខាតផ្លូវ បន្ទាប់ពីផ្អាកការធ្វើការចរាចរ រយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ ដោយសារបញ្ហាទឹកជំនន់ហូរកាត់ផ្លូវ។

បើតាមការបញ្ជាក់ពីឧត្តម​សេនីយ៍​ទោ ជួន​ ណា​រិន្ទ​ ស្នងការ​នគរបាល​ខេត្ត​ព្រះសីហនុ បានប្រាប់បណ្ដាញព័ត៌មាន Fresh News នៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៨នេះ បានឲ្យដឹងថា «តាមការឯកភាពពីអភិបាល ខេត្តព្រះសីហនុ លោក យន្ត មីន, អភិបាលខេត្តកំពង់ស្ពឺ និងលោកទេសរដ្ឋមន្ដ្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន គឺកម្លាំងឯកភាពស្រុកកំពង់សិលា កំពុងសម្រួលចរាចរណ៍ ឲ្យរថយន្ដធុនធំធ្វើដំណើរបានវិញហើយ»។

ឧត្តម​សេនីយ៍​ទោ ជួន​ ណា​រិន្ទ​ បានសង្កត់ថា តែការបើកឲ្យរថយន្ដធុនធំ អាចធ្វើដំណើរបាននេះ តម្រូវឲ្យរថយន្ដធុនធំទាំងអស់ ធ្វើដំណើរតែនៅលើទ្រូងផ្លូវតែប៉ុណ្ណោះ ដើម្បីជៀសរៀងខ្លាចមានការខូចខាតផ្លូវ ខណៈដែលផ្លូវនេះ ទឹកទើបតែនឹងស្រក។

សូមជម្រាបថា ជំនន់ទឹកភ្លៀងរយៈពេលប៉ុន្មានថ្ងៃមកនេះ បានធ្វើឲ្យរាជធានីខេត្តមួយចំនួនរបស់កម្ពុជា រងគ្រោះដោយទឹកជំនន់ ពិសេសខេត្តកំពង់ស្ពឺ ទឹកជំនន់បានបង្កឲ្យលិចលង់ផ្ទះអ្នកស្រុក និងផ្លូវជាតិ បង្ខំឲ្យអាជ្ញាធរផ្អាកការធ្វើចរាចរលើផ្លូវជាតិលេខ៤ ប៉ុន្តែថ្ងៃនេះ ផ្លូវជាតិដ៏សំខាន់នេះត្រូវបានប្រកាសឲ្យធ្វើចរាចរដូចធម្មតាវិញ៕

ផ្លូវជាតិលេខ៤
ផ្លូវជាតិលេខ៤
ផ្លូវជាតិលេខ៤

ប្រភព៖ Fresh News

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]