ស្នេហាកើតចេញពីការស្រលាញ់ ការយល់ចិត្ត និងការលះបង់ចំពោះគ្នាទៅវិញទៅមក។ ចំណែកទំនាក់ទំនងស្នេហា មិនប្រាកដសុទ្ធតែល្អតែរហូតនោះទេ ពេលខ្លះវាអាចផ្តល់សុភមង្គលឱ្យយើង តែពេលខ្លះស្នេហាអាចជួបនឹងវិបត្តិនានាជាច្រើនដូចជា ឈ្លោះប្រកែក មិនចុះសម្រុងគ្នា ឬមានអារម្មណ៍ថាស្នេហាជួបនឹងបញ្ហាខ្លាំងរហូតដល់ចង់សម្រេចចិត្តបែកបាក់គ្នាក៏មាន។ 

ទោះជាយ៉ាងណាក្តី ស្នេហាគឺជាការអត់ឱនឱ្យគ្នាទៅវិញទៅមក និងចេះរកដំណោះស្រាយជាមួយគ្នារាល់ពេលមានបញ្ហាកើតឡើង ហើយបើអ្នកចេះសម្របសម្រួល និងថយមួយជំហានម្នាក់វាមិនមែនជាបញ្ហានោះឡើយ តែប្រសិនជាអ្នកមានអារម្មណ៍ថាស្នេហាកាន់តែពិបាកពីមួយថ្ងៃពីមួយថ្ងៃ មិនអាចត្រូវរ៉ូវគ្នាបាន អ្នកគួរតែលែងដៃ ហើយសម្រេចចិត្តបែកគ្នាក៏ល្អដែរ។

ដើម្បីចង់ដឹងថាចំនុចណាខ្លះ ដែលអាចបញ្ជាក់ថាស្នេហារបស់អ្នកគួរតែដើរដល់ផ្លូវបញ្ចប់នោះ មកតាមដានខាងក្រោមនេះទាំងអស់គ្នា៖  

១. ឈ្លោះគ្នារហូត

គេថាឈ្លោះគ្នាយូរៗទៅ គង់តែអស់ចិត្តនឹងគ្នាវាពិតជាត្រឹមត្រូវណាស់។ ក្នុងសេចក្តីស្នេហា នៅពេលដែលអ្នកចេះធ្វើឱ្យជម្លោះ ក្លាយជាការយល់ចិត្តគ្នានៅពេលក្រោយ អាចបញ្ជាក់ពីទំនាក់ទំនងដ៏ល្អមួយ តែនៅពេលដែលចេះតែឈ្លោះគ្នារហូតមិនស្វាង បានន័យថា ទៅមុខលែងបានហើយ អាចបង្កឱ្យល្អក់កករចិត្ត ហើយអស់អារម្មណ៍ពីគ្នាទៀត ដូច្នេះត្រូវតែបញ្ចប់ស្នេហានេះទៅ។

ឈ្លោះគ្នារហូត

២. ព្យាយាមម្នាក់ឯង

ស្នេហា ជារឿងរបស់មនុស្សពីរនាក់ តែនៅពេលដែលមានតែអ្នកម្នាក់តែម្ខាង ដែលតែងតែព្យាយាមឱបក្រសោបដេញតាមស្នេហា និងប្រឹងរក្សាទំនាក់ទំនងនេះតែម្នាក់ឯងនោះមិនខុសពីការឱបស្រមោលនោះទេ គួរតែដើរចេញពីជីវិតគេទៅចុះ។

ព្យាយាមម្នាក់ឯង

៣. រឿងផ្ទាល់ខ្លួនធ្វើឱ្យមានបញ្ហាធំ

ម្នាក់ៗសុទ្ធតែចង់មានពេលវេលាផ្ទាល់ខ្លួនរបស់គេ បើទោះបីជាកំពុងតែមានទំនាក់ទំនង ឬមានស្នេហាជាមួយអ្នកណាក៏ដោយ។ តែពេលដែលរឿងផ្ទាល់ខ្លួនអាចបង្កឱ្យបញ្ហាធំនោះ ដូចជាម្ខាងៗចង់ដឹង និងហួងហែងរឿងបុគ្គលម្ខាងទៀតពេកនោះ បានន័យថាស្នេហាមួយនេះមិនគួរបន្តទៅមុខទៀតទេ ព្រោះម្នាក់ៗលូកលាន់រឿងបុគ្គលគេពេកហើយ ដែលបង្កឱ្យការមិនសប្បាយចិត្តកើតឡើងទៀតផង។

រឿងផ្ទាល់ខ្លួនធ្វើឱ្យមានបញ្ហាធំ

៤. គ្មានអនាគត

នៅពេលដែលកំពុងតែមានស្នេហា និងមានទំនាក់ទំនងជាមួយគ្នា អ្នកបែរជាមានអារម្មណ៍ស្នេហានេះ មិនទៅមុខទាល់តែសោះ ហើយអនាគតក៏មើលមិនឃើញ ឬប្រឹងប្រែងធ្វើអ្វីគ្រប់យ៉ាងដើម្បីស្នេហាមួយនេះយ៉ាងណា ក៏មិនអាចទៅរួចនោះ វាច្បាស់ណាស់ថាអ្នកពិតជាមិនអាចដើរទៅមុខជាមួយគ្នាបានទេ។ ដូច្នេះគួរតែបន្តឬយ៉ាងណាបើដឹងលទ្ធផលបែបនេះទៅហើយ?

គ្មានអនាគត

៥. មិនទុកចិត្តគ្នា

ចំពោះរឿងស្នេហា ការជឿជាក់លើគ្នាទៅវិញទៅមក ជាកត្តាមួយធំ និងសំខាន់បំផុតរបស់គូស្នេហ៍ទាំងពីរនាក់។ តែនៅពេលដែលសូម្បីតែការទុកចិត្តគ្នានោះអ្នកមិនមានផងនោះ តើស្នេហានេះអាចទៅមុខដោយរលូនបានយ៉ាងម៉េច? ដូច្នេះនៅពេលដែលអ្នកមានអារម្មណ៍ថាឈឺចាប់ ជាមួយនឹងស្នេហាមួយនេះ មិនទុកចិត្តដៃគូម្ខាងទៀត ឬអ្នកម្ខាងទៀតធ្វើរឿងណាមួយ ដែលធ្វើឱ្យអ្នកអស់ជំនឿចិត្តនោះ មែនហើយគួរតែបញ្ចប់ស្នេហានេះទៅ។

មិនទុកចិត្តគ្នា

៦. ធ្វើឱ្យប៉ះពាល់ដល់ជីវិតបុគ្គល

ប្រសិនជាអ្នកមានអារម្មណ៍ពេលមានស្នេហាមួយនេះ ធ្វើឱ្យអ្នកមានអារម្មណ៍ពិបាក ថែមទាំងអាចប៉ះពាល់ដល់សេចក្តីសុខ ក្នុងជីវិតរបស់អ្នកទៀតនោះ អ្នកគួរតែបញ្ចប់វាទៅ។ វាគ្មានហេតុផលអ្វី ដែលអ្នកគួរតែបន្តស្នេហានេះ នៅក្នុងពេលដែលវាអាចបំផ្លាញជីវិតរបស់អ្នក និងអាចធ្វើឱ្យអ្នកបាត់បង់របស់សំខាន់ៗក្នុងជីវិតនោះ៕

ធ្វើឱ្យប៉ះពាល់ដល់ជីវិតបុគ្គល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]