អេស្ប៉ាញ៖ ក្រុម Real Madrid បានបង្ហាញមុខកីឡាករវ័យក្មេង Vinicius Junior នៅក្នុងកីឡដ្ឋាន Santiago Bernabeu ជាផ្លូវការកាលពីម្សិលមិញ។

ខ្សែប្រយុទ្ធ Vinicius បានយល់ព្រមចុះកុងត្រាជាមួយក្លិប Real Madrid តាំងពីខែមីនាដើមឆ្នាំមកម្ល៉េះ ប៉ុន្តែក្រុម Flamengo បានសម្រេចចិត្តរក្សាទុកគេនៅលេងរហូតដល់ចប់រដូវកាលនៅក្នុងក្របខ័ណ្ឌកំពូលប្រទេសប្រេស៊ីលសិន។ 

កីឡាករ Vinicius Junior និងម្ចាស់ក្លិប Real Madrid

កីឡាករវ័យ១៨ឆ្នាំរូបនេះ តែងតែត្រូវបានអ្នកសារព័ត៌មាននៅប្រេស៊ីល កោតសសើរនូវសមត្ថភាពរបស់រូបគេ ហើយពួកគេបានដាក់រហស្សនាម ខ្សែប្រយុទ្ធវ័យក្មេងនេះថា ជា Neymar ទីពីរ បែបនេះហើយទើបក្រុម Real Madrid ហ៊ានចំណាយរហូតដល់ទៅជាង ៥៥លានដុល្លារអាមេរិក ដើម្បីនាំរូបគេមកកាន់ប្រទេសអេស្ប៉ាញ។

ក្រោយពីចូលរួមក្នុងកម្មវិធីបង្ហាញមុខនៅកីឡដ្ឋាន Santiago Bernaubeu រួច Vinicius បាននិយាយទៅកាន់អ្នកសារព័ត៌មានថា លោកសប្បាយចិត្តណាស់ដែលមានកិត្តិយសបានក្លាយជាកីឡាកររបស់ក្រុម Real Madrid ហើយលោកសង្ឃឹមថា ខ្លួននឹងអាចប្រឹងប្រែងអស់ពីសមត្ថភាព ជួយក្លិបឲ្យទទួលបានជោគជ័យនាថ្ងៃខាងមុខ។ 

កីឡាករ Vinicius Junior
កីឡាករ Vinicius Junior

គួរឲ្យដឹងថា Vinicius បានក្លាយជាកីឡាករដែលមានតម្លៃខ្លួនថ្លៃជាងគេទីពីរនៅក្នុងប្រវត្តិសាស្ត្រក្របខ័ណ្ឌប្រេស៊ីល ដោយលេខមួយបានទៅ Neymar ដែលកាលនោះក្រុម Barcelona បានចំណាយប្រាក់ជាង ១០០លានដុល្លារអាមេរិក ដើម្បីនាំយកខ្សែប្រយុទ្ធរូបនេះមកកាន់ទឹកដី Camp Nou កាលពីឆ្នាំ២០១៣ ៕

កីឡាករ Messi និង Neymar

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]