បារាំង៖ កីឡាករ Neymar បានចេញមុខប្រកាសជាសាធារណៈថា ខ្លួននឹងមិនចេញទៅណាចោលក្រុម Paris Saint Germain នោះទេ នៅរដូវកាលក្រោយ។

ក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ មានពាក្យចចាមអារ៉ាមជាច្រើនបានបង្ហើបថា ខ្សែប្រយុទ្ធសញ្ជាតិប្រេស៊ីលរូបនេះ អាចនឹងចាកចេញពីក្រុម Paris Saint-Germain ដើម្បីទៅលេងនៅក្លិប Real Madrid ជំនួសកីឡាករ Cristiano Ronaldo ដែលទើបនឹងចាកចេញទៅលេងនៅក្រុម Juventus កាលពីដើមខែកក្កដា កន្លងទៅ។ 

កីឡាករ Ronaldo និង Neymar

យ៉ាងណាមិញ ពេលនេះអតីតកីឡាករក្រុម Barcelona រូបនេះ ចេញមុខមកបកស្រាយថា ខ្លួននឹងបន្តអាជីពជាមួយក្រុម Paris Saint-Germain ទៅមុខទៀត ហើយខ្លួនក៏ចង់បង្កើតកេរ្តិ៍ឈ្មោះនៅក្របខ័ណ្ឌបារាំងផងដែរ ដោយខ្លួនមិនទាន់ចង់វិលត្រលប់ទៅលេងនៅប្រទេសអេស្ប៉ាញវិញពេលនេះទេ។

ខ្សែប្រយុទ្ធវ័យ២៦ឆ្នាំ រូបនេះ បានបន្តទៀតថា ខ្លួននៅតែមិនទាន់បានបង្ហាញសមត្ថភាពពិតឲ្យពិភពលោកបានឃើញនៅឡើយទេ ពីព្រោះតែកាលពីរដូវកាលមុន លោកបានរងរបួសពាក់កណ្តាលទី ហើយមិនអាចជួយក្រុមឲ្យទទួលបានជោគជ័យ តែពេលនេះលោកសង្ឃឹមថា លោកនឹងអាចបញ្ចប់អ្វីដែលលោកបានចាប់ផ្តើម។ 

កីឡាករ Neymar

គួរឲ្យដឹងថា Neymar បានក្លាយទៅជាបេក្ខជននាំមុខគេ ក្នុងបញ្ជីកីឡាករដែល Real Madrid គ្រោងយកមកជំនួស Ronaldo ប៉ុន្តែ ក្រោយពីរូបគេបានសម្រេចចិត្តបន្តអាជីពនៅទីក្រុង Paris ក្រុមអធិរាជសនឹងបង្វែរគោលដៅរបស់ខ្លួន ទៅចូលចែចូវខ្សែប្រយុទ្ធ Eden Hazard វិញម្តង៕

កីឡាករ Hazard

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]