(ភ្នំពេញ)៖ ទោះបីជាដឹងថា តារាចម្រៀង លោក ចាន់ សម័យ មានជំងឺរបេងឆ្អឹងជើង ដែលកំពុងស្ថិតក្នុងការព្យាបាល ដោយការលេបថ្នាំក៏ដោយ ប៉ុន្តែតារាកម្សត់រូបនេះ នៅតែជម្នះចិត្តខិតខំ ខ្នះខ្នែងរកថវិកាបន្ថែម ដើម្បីយកមកបំពេញតម្រូវការផ្សេងៗ ផ្គត់ផ្គង់លទ្ធភាព ដែលកំពុងមានភាពខ្វះខាត ត្រូវយកមករ៉ាប់រង់បន្ទុកគ្រួសារ ភរិយា និងកូន៥នាក់។ អ្វីដែលជាដំណឹងល្អគួរឲ្យរំភើបជំនួសលោក ចាន់ សម័យនោះ គឺថ្មីៗនេះលោកបានទទួលថា មានសមាគមខ្មែរមួយនៅប្រទេសបារាំង បានអញ្ជើញរូបលោកឲ្យទៅសម្ដែងនៅទីនោះ ដោយមិនដឹងរយៈពេល ដែលជាឱកាសមួយក្នុងការស្វែងរកថវិកាច្រើនគួរសម ដើម្បីប្រមែប្រមូលមកកាន់ប្រទេសកំណើតវិញ បំពេញតម្រូវការគ្រួសារ និងព្យាបាលជំងឺ។

ជាការពិតណាស់ នៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៨នេះ ភ្នាក់ងារគេហទំព័រ Khmer Talking បានធ្វើការទំនាក់ទំនងទៅ កាន់លោក ចាន់ សម័យ ដើម្បីឲ្យលោកចូលមកបកស្រាយ អំពីរឿងរ៉ាវផ្ទាល់ខ្លួនរបស់លោក ដែលបានបាត់រសាត់អណ្ដែតពីសិល្បៈ អស់រយៈ ១០ឆ្នាំ តាមរយៈកម្មវិធី «អាថ៌កំបាំងក្រៅឆាករបស់តារា» ព្រមទាំងក្រោយបែកធ្លាយដំណឹងថា លោកធ្លាក់ខ្លួនឈឺ និងមានភាពលំបាកចំពោះបញ្ហាគ្រួសារផងនោះ ប៉ុន្តែលោកបានឆ្លើយតបថា មិនអាចមកបានទេ ព្រោះលោករវល់នឹងការងារជាមួយក្រុមហ៊ុន អចលទ្រព្យ ដោយរវល់ចាប់ពីថ្ងៃនេះ រហូតដល់ចុងខែកក្កដាខាងមុខឯណោះ។

លោក ចាន់ សម័យ បានបញ្ជាក់ប្រាប់ Khmer Talking ថា «ចាប់ពីថ្ងៃនេះតទៅ ខ្ញុំរវល់ច្រើន ដោយត្រូវធ្វើការជាមួយក្រុមហ៊ុនអចលទ្រព្យ រហូតដល់ចុងខែកក្កដានេះ។ ចំពោះក្រុមហ៊ុនឈ្មោះអីនោះ ខ្ញុំសុំលាក់ទុកសិន ដោយមិនបញ្ចេញឈ្មោះនោះទេ។ ចំពោះការចូលធ្វើការជាមួយក្រុមហ៊ុន អចលនទ្រព្យមួយនេះ មិនបានធ្វើឲ្យមានផលប៉ះពាល់ ដល់សុខភាពរបស់ខ្ញុំនោះឡើយ ព្រោះខ្ញុំអាចលេបថ្នាំ ដើម្បីព្យាបាលជំងឺមួយនេះបាន»។

ទន្ទឹមនឹងក្រោយពេលលេចឮដំណឹងថា លោក ចាន់ សម័យ ធ្លាក់ខ្លួនឈឺ ដែលមានល្បីល្បាញបណ្ដាញសង្គមហ្វេសប៊ុករួចមក លោក ចាន់ សម័យ ក៏ត្រូវបានសមាគម ប្រចាំប្រទេសបារាំង អញ្ជើញឲ្យទៅចូលរួមសម្ដែង ដើម្បីស្វែងរកថវិកា ត្រឡប់មកកម្ពុជា នាពេលខ្លីខាងមុខនេះ។ លោក បានបញ្ជាក់ថា «នាពេលខាងមុខ សមាគមន៍ប្រចាំប្រទេសបារាំង ថែមទាំងបានហៅខ្ញុំ ឲ្យចេញទៅសម្ដែង នៅប្រទេសបារាំងទៀតផង»។

សូមបញ្ជាក់ថា សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដីនៃប្រទេសកម្ពុជា បានឧបត្ថម្ភថវិកាចំនួន ១ម៉ឺនដុល្លារ គួបផ្សំជាមួយលោក ឡេង ណាវ៉ាត់ត្រា ឲ្យដីមួយឡូត៍ ដើម្បីសាងសង់គេហដ្ឋាន សម្រាប់រស់នៅឲ្យបានសមរម្យក្ដី ប៉ុន្តែនៅតែមិនគ្រប់ថ្លៃចំណាយ សាងសង់ផ្ទះនៅឡើយទេ ដូច្នេះលោកត្រូវចេញទៅប្រទេសបារាំង ដើម្បីយកមកបង្គ្រប់ ថ្លៃសាងសង់ផ្ទះ។

យ៉ាងណាមិញ ការវិលត្រឡប់ចូលសិល្បៈវិញលើកនេះ បានធ្វើឲ្យអ្នកគាំទ្ររបស់លោក មានកោតសរសើរជាខ្លាំង ព្រោះត្បិតតែលោកបៀមជំងឺរបេងឆ្អឹងជើងមែន ប៉ុន្តែលោកនៅតែខិតខំប្រឹងប្រែង បញ្ចេញកម្លាំងញើសឈាម ស្ទើរតែអស់ពីសមត្ថភាពទៅហើយ៕

ចាន់ សម័យ
ចាន់ សម័យ
ចាន់ សម័យ
ចាន់ សម័យ
ចាន់ សម័យ
ចាន់ សម័យ
ចាន់ សម័យ

ប្រភព៖ Khmertalking

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]