ផ្លែល្មុត ជាផ្លែឈើមានរសជាតិផ្អែម ឆ្ងាញ់ ងាយហូប និងអាចក្រឡុកជាទឹកផ្លែឈើទៀតផង។  ជាពិសេសក្រៅពីឱជារសរបស់វា ផ្លែល្មុតមានផ្ទុកសារធាតុចិញ្ចឹមជាច្រើនប្រភេទ  តាំងពីសារធាតុរ៉ែ  សារធាតុសរសៃ  និងវីតាមីនជាច្រើនប្រភេទ ដែលធ្វើឲ្យវាក្លាយជាផ្លែឈើល្អយ៉ាងខ្លាំងសម្រាប់សុខភាពរាងកាយទាំងមូល។

ខាងក្រោមជាអត្ថប្រយោជន៍សុខភាពទាំង ៤ យ៉ាងទទួលបានពីផ្លែល្មុត៖

១. ល្អសម្រាប់សុខភាពឆ្អឹង

ផ្លែល្មុត មានផ្ទុកនូវកាល់ស្យូម ដែលជាសារធាតុរ៉ែដ៏សំខាន់សម្រាប់ការលូតលាស់ និងភាពរឹងមាំនៃដង់ស៊ីតេឆ្អឹង។  កត្តានេះធ្វើឲ្យផ្លែល្មុតជាភ្នាក់ងារចូលរួមចំណែកបង្ការជំងឺពុកឆ្អឹងយ៉ាងមានប្រសិទ្ធភាព។  ជាពិសេសវាល្អយ៉ាងខ្លាំងសម្រាប់កុមារ ដែលស្ថិតក្នុងវ័យលូតលាស់។

ដូច្នេះការរួមបញ្ចូលផ្លែល្មុត ក្នុងរបបអាហាររបស់អ្នកជាប្រចាំ នឹងផ្តល់ផលវិជ្ជមានចំពោះសុខភាពឆ្អឹងរបស់លោកអ្នក។

រូបតំណាង

២. បង្ការនិងព្យាបាលបញ្ហា ខ្វះគ្រាប់ឈាមក្រហម

សារធាតុដែកដើរតួនាទីយ៉ាងសំខាន់បំផុត ក្នុងការផ្លាស់ប្តូរឧស្ម័ន (អុកស៊ីសែន និងកាបូនឌីអុកស៊ីត) និងសារធាតុចិញ្ចឹមរវាងកោសិកា និងសរសៃឈាម។

អ្នកដឹងទេថាកង្វះសារធាតុដែកក្នុងខ្លួន អាចបង្កឲ្យមានបញ្ហារ៊ាំរ៉ៃជាច្រើន ដូចជា បញ្ហាឈឺក្បាល  វិលមុខ  បញ្ហាស្លេកស្លាំង  និងបញ្ហាហត់អស់កំលាំង ជាដើម។

បើទោះបីជាយ៉ាងណាក៏ដោយ ផ្លែល្មុតអាចជួយបំពេញបន្ថែមដល់លោកអ្នកនូវសារធាតុដែកដ៏សំខាន់បាន  ដោយគ្រាន់តែរួមបញ្ចូលវាក្នុងរបបអាហាររបស់អ្នកឲ្យច្រើន កាន់តែប្រសើរ។

រូបតំណាង

៣. ល្អសម្រាប់សុខភាពប្រព័ន្ធរំលាយអាហារ

សារធាតុសរសៃទទួលបានពីការហូបផ្លែល្មុត បានដើរតួនាទីយ៉ាងសំខាន់ក្នុងការជួយសម្រួលដល់ដំណើរការនៃការរំលាយអាហារ ការស្រូបយកនូវសារធាតុចិញ្ចឹម និងបង្កើតភាពងាយស្រួលដល់កាកសំណល់អាហារក្នុងការបញ្ចេញនៅទ្វារធំ។

ជាពិសេស ផ្លែល្មុត ជាឱសថធម្មជាតិ ជួយដោះស្រាយបញ្ហាទល់លាមក។

រូបតំណាង

៤. ល្អសម្រាប់សុខភាពភ្នែក

អ្នកដឹងទេថា វីតាមីន A ជាសារធាតុដ៏សំខាន់មិនអាចខ្វះបាន ដែលសរីរាង្គភ្នែកយើងត្រូវការជារៀងរាល់ថ្ងៃ ព្រោះវីតាមីន A ជាសារធាតុមួយចូលរួមចំណែកក្នុងការបង្កើតកោសិកាភ្នែកដែលជាអ្នកដើរតួនាទីក្នុងការចាប់យកនៅពន្លឺ ពណ៌ ដើម្បីបញ្ជូនទៅកាន់ខួរក្បាល  និងធ្វើបកប្រែជារូបភាពដែលយើងឃើញដូចពេលឥឡូវនេះអីចឹង។

ដូច្នេះការហូបផ្លែល្មុតនឹងជួយផ្តល់វីតាមីន A ដ៏សំខាន់ក្នុងការបំប៉ន  ពង្រឹងសុខភាពភ្នែក និងជាពិសេសបង្ការជំងឺភ្នែកទាក់ទងនឹងអាយុកាន់តែច្រើនទៅៗ៕

រូបតំណាង

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]