ជប៉ុន៖ សហព័ន្ធបាល់ទាត់​ប្រទេសជប៉ុន បានចាត់ទុក​លោក Arsene Wenger ជា​បេក្ខភាពទី ១ នៅក្នុងចំណោមគ្រូបង្វឹកដទៃទៀត ដែលមកប្រជែង​យក​កៅអី​ដំបូងដើម្បីបានឱកាសដឹកនាំ​ក្រុម​ជម្រើសជាតិ​ដែលបានធ្លាក់ចេញពីព្រឹត្តិការណ៍ពានរង្វាន់បាល់ទាត់ពិភពលោកឆ្នាំ ២០១៨ ត្រឹមវគ្គ ១៦ ក្រុមចុងក្រោយមួយនេះឲ្យកាន់តែល្អប្រសើរឡើងវិញផងដែរ។

Arsene Wenger

បន្ទាប់ពីអតីត​គ្រូបង្វឹកក្លិបកាំភ្លើងធំ Arsenal រូបនេះត្រូវ​បានក្លិបសម្រេចបញ្ចប់កុងត្រារបស់លោករួចមក គេបានគិតថាលោកអាចនឹងទៅដឹកនាំក្លិប Real Madrid និង Paris Saint-Germain វិញប៉ុន្តែក្លិបអធិរាជស​របស់អេស្ប៉ាញមួយនេះបាន​តែងតាំង​គ្រូបង្វឹកថ្មីលោក Julen Lopetegui រួច​រាល់​ទៅហើយ ខណៈដែលលោកនៅតែជម្រើសមួយទៀតគឺទៅកាន់តំណែងនៅក្នុងក្លិប PSG ក្នុងនាមលោកជានាយកផ្នែកបច្ចេកទេសតែប៉ុណ្ណោះ។

ជាមួយគ្នានេះដែរ ក៏មានក្លិបមួយចំនួននៅក្នុងប្រទេសចិន ក៏ចង់បានគ្រូបង្វឹកវ័យ ៦៨ ឆ្នាំរូបនេះឲ្យទៅដឹកនាំនៅទីនោះដូចគ្នា ដោយពួកគេហ៊ានចំណាយប្រាក់សម្រាប់ថ្លៃអត្តពលកម្មរបស់លោកដល់ទៅជា ៣០លានដុល្លារអាមេរិកជាមួយនឹងកុងត្រារយៈពេល ២ឆ្នាំផងដែរ ប៉ុន្តែត្រូវបានលោក​បដិសេធជាច្រើនដងរួចមកហើយ ដោយហេតុថាលោកចង់នៅបន្តដឹកនាំក្លិបធំៗមួយចំនួនទៀត ដើម្បីបង្កើនសមត្ថភាពរបស់លោកជាបន្តទៅទៀត។

Arsene Wenger និង Alexis Sanchez

សូមបញ្ជាក់ថា ក្រោយពីក្រុមជម្រើសជាតិជប៉ុនបានធ្លាក់ចេញពីព្រឹត្តិការណ៍ពានរង្វាន់បាល់ទាត់ពិភពលោកឆ្នាំ ២០១៨ រួចមកសហព័ន្ធបាល់ទាត់ជប៉ុនក៏បានសម្រេចចែកផ្លូវគ្នាជាមួយគ្រូបង្វឹកលោក Akira Nishino ថ្មីៗនេះ ស្របពេលដែលពួកគេកំពុងត្រូវការគ្រូបង្គោលថ្មីជាចាំបាច់ ដោយសម្លឹងឃើញអតីតគ្រូបង្វឹករបស់ក្លិប Monaco រូបនេះនៅទំនេរក៏សម្រេចចិត្តទៅចរចាជាមួយលោកដោយផ្ទាល់តែម្តង ចំពោះលទ្ធផលយ៉ាងណានោះសហព័ន្ធបាល់ទាត់ជប៉ុននៅមិនទាន់ឲ្យដឹងនៅឡើយទេ៕

ក្រុមជម្រើសជាតិជប៉ុនត្រលប់មកពី World Cup 2018

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]