គេថាស្នេហាមិនប្រកាន់អាយុ ភេទ វណ្ណៈ ជាតិសាសន៍ និងពណ៌សម្បុរនោះទេ តែទោះបីជាយ៉ាងណាក៏ដោយ បច្ចុប្បន្ននេះការស្រលាញ់ភេទដូចគ្នានៅតែមិនត្រូវបានគេគាំទ្រ និងទទួលស្គាល់ជាផ្លូវការទូទាំងប្រទេសនៅលើពិភពលោកនៅឡើយទេ ។ ធម្មតាមនុស្សយើងកើតមកហើយ គ្មានអ្នកណាចង់ឱ្យគេគ្រប់គ្នាមើលងាយ រើសអើង និងស្អប់ខ្ពើមនោះឡើយ តែធ្វើយ៉ាងណានេះជាធម្មជាតិរបស់មនុស្សម្នាក់ៗទៅហើយដែលមានចិត្ត និងបេះដូងស្រលាញ់ភេទដូចគ្នាដោយមិនអាចកែប្រែបាន។

ទោះទទួលបានការរិះគន់ និងមិនគាំទ្រយ៉ាងណាក្តី គិតមកទល់ចុងឆ្នាំ ២០១៧ ដើមឆ្នាំ ២០១៨នេះ គេបានរកឃើញថាមានប្រទេសចំនួន ២៧ មកហើយបានគាំទ្រ និងកែប្រែផ្តល់សិទ្ធិដល់អ្នកដែលស្រលាញ់ភេទដូចគ្នាដូចជា៖

រូបតំណាងប្រទេសដែលមានច្បាប់ស្រលាញ់ភេទដូចគ្នា

១.ប្រទេសហូឡង់ ឆ្នាំ ២០០០

ប្រទេសហូឡង់បានក្លាយទៅជាប្រទេសដំបូងគេនៅលើពិភពលោកដែលមានច្បាប់អនុញ្ញាតិឱ្យអ្នកដែលស្រលាញ់ភេទដូចគ្នារៀបការ។ នៅក្នុងនោះគូស្នេហ៍ភេទដូចគ្នាដំបូងគេបង្អស់ដល់ទៅ ៤គូ បានរៀបការនៅក្នុងឆ្នាំ ២០០១។

២.ប្រទេសបែលហ្សិក ឆ្នាំ ២០០៣

បើទោះបីជាច្បាប់ស្រលាញ់ភេទដូចគ្នាបានអនុម័តនៅក្នុងឆ្នាំ ២០០៣យ៉ាងណាក៏ដោយ តែសមាជិកសភានៃប្រទេសបែលហ្សិកទើបតែផ្តល់សិទ្ធិពេញលេញ និងស្មើគ្នាក្នុងឆ្នាំ ២០០៦។

៣.ប្រទេសកាណាដា ឆ្នាំ ២០០៥

ចាប់ពីឆ្នាំ ២០០៥មក ប្រពៃណីនៃការរៀបការរបស់ជនជាតិកាណាដារវាងបុរសនិងស្ត្រី បានបូករួមបញ្ចូលទាំងអ្នកដែលស្រលាញ់ភេទដូចគ្នា ដោយលែងមានការប្រកាន់ និងរើសអើងតទៅទៀតហើយ។

៤. ប្រទេសអេស្ប៉ាញ ឆ្នាំ ២០០៥

បន្ទាប់ពីច្បាប់ថ្មីត្រូវបានអនុវម័តនៅក្នុងឆ្នាំ ២០០៥ ប្រទេសអេស្ប៉ាញបានផ្តល់សិទ្ធិស្មើគ្នាឱ្យអ្នកដែលស្រលាញ់ភេទដូចគ្នា អាចរៀបការ ចិញ្ចឹមបីបាច់គ្នា និងរួមរស់ជាមួយគ្នាដូចជាគូស្វាមីភរិយាធម្មតាផងដែរ។

៥.ប្រទេសអាហ្វ្រិកខាងត្បូង ឆ្នាំ ២០០៦

ច្បាប់ថ្មីបានអនុម័តឱ្យផ្តល់សិទ្ធិឱ្យអ្នកស្រលាញ់ភេទដូចគ្នា អាចរៀបការ និងរួមរស់ជាមួយគ្នាដូចគូស្នេហ៍ដទៃបាន បន្ទាប់ពីទទួលបានការគាំទ្រពីគណបក្សនយោបាយប្រឆាំងដ៏ធំមួយក្នុងប្រទេសអាហ្វ្រិកខាងត្បូងក្នុងឆ្នាំ២០០៦។

រូបតំណាងប្រទេសដែលមានច្បាប់ស្រលាញ់ភេទដូចគ្នា

៦. ប្រទេសន័រវ៉េស ឆ្នាំ ២០០៨

បន្ទាប់ពីច្បាប់ស្រលាញ់ភេទដូចគ្នាបានអនុម័តនៅក្នុងឆ្នាំ ២០០៨ ព្រះវិហារ Lutheran នៅក្នុងប្រទេសន័រវ៉េស ទើបតែអនុញ្ញាតិឱ្យអ្នកគង្វាល (អាចារ្យក្នុងគ្រឹស្តសាសសនា) អាចធ្វើពិធីរៀបការ និងស្បថស្បែឱ្យទៅគូស្នេហ៍ដែលស្រលាញ់ភេទដូចគ្នាពេញលក្ខណៈដូចគូស្នេហ៍ដទៃនៅក្នុងឆ្នាំ ២០០៩។

៧.ប្រទេសអ៊ុតអែត ឆ្នាំ ២០០៩

ក្រុមប្រឹក្សាព្រះវិហារនៃប្រទេសស៊ុតអែត បាននាំគ្នាធ្វើលិខិតស្នើសុំឱ្យមានការផ្តល់សិទ្ធិឱ្យអ្នកដែលមានភេទដូចគ្នា អាចរៀបការ និងរួមរស់ជាមួយគ្នាបាន រហូតដល់មានការអនុម័តច្បាប់ពេញលេញនៅក្នុងឆ្នាំ ២០០៩។

៨.ប្រទេសអាហ្សង់ទីន ឆ្នាំ ២០១០

ប្រទេសអាហ្សង់ទីន បានក្លាយទៅជាប្រទេសប៉ែកអាមេរិចឡាទីនដំបូងគេបង្អស់ដែលមានច្បាប់អនុញ្ញាតិឱ្យអ្នកស្រលាញ់ភេទដូចគ្នារៀបការ និងរួមរស់ជាមួយគ្នា។

៩.ប្រទេសព័រទុយហ្គាល់ ឆ្នាំ ២០១០

បន្ទាប់ពីឆ្លងកាត់ការប្រឆាំង និងតវ៉ាមិនគាំទ្រ ដោយឱ្យពិនិត្យឡើងវិញពី ការបង្កើតច្បាប់ស្រលាញ់ភេទដូចគ្នាយ៉ាងណាក៏ដោយ តែទីបំផុតច្បាប់ថ្មីនៅតែបានអនុម័តជាផ្លូវការនៅក្នុងឆ្នាំ ២០១០ ដោយអនុញ្ញាតិឱ្យអ្នកស្រលាញ់ភេទដូចគ្នាអាចរៀបការ និងរួមរស់ជាមួយគ្នាដូចគូស្នេហ៍ដទៃទៀត។

១០.ប្រទេសអ៊ីស្លង់ ឆ្នាំ ២០១០

នៅក្នុងឆ្នាំ ២០១០ ច្បាប់ស្រលាញ់ភេទដូចគ្នារបស់ប្រទេសអ៊ីស្លង់បានកកើតឡើង បន្ទាប់ពីមានការបោះឆ្នោតគាំទ្រជាឯកច្ឆ័ន្ទ។

រូបតំណាងប្រទេសដែលមានច្បាប់ស្រលាញ់ភេទដូចគ្នា

១១.ប្រទេសដាណឺម៉ាក ឆ្នាំ ២០១២

បើទោះបីជាច្បាប់ស្រលាញ់ភេទដូចគ្នាទើបតែអនុម័តពេញលេញក្នុងឆ្នាំ ២០១២ តែប្រទេសដាណឺម៉ាកបានក្លាយទៅជាប្រទេសដំបូងបង្អស់ដែលផ្តល់សិទ្ធិឱ្យអ្នកដែលស្រលាញ់ភេទដូចគ្នាចុះ បញ្ជីរួមរស់ជាមួយគ្នាដូចជាប្តីប្រពន្ធ តែមិនអាចរៀបការបាន (Domestic partners) ជាយូរមកហើយ ។

១២.ប្រទេសអ៊ុយរ៉ាហ្គាយ ឆ្នាំ ២០១៣

បន្ទាប់ពីប្រទេសអ៊ុយរ៉ាហ្គាយ បានបង្កើតច្បាប់ផ្តល់សិទ្ធិឱ្យអ្នកស្រលាញ់ភេទដូចគ្នានៅក្នុងឆ្នាំ ២០១៣រួចមក ប្រទេសនេះបានទាក់ទាញភ្ញៀវទេសចរជាច្រើនមកធ្វើដំណើរកម្សាន្ត។

១៣.ប្រទេសប្រេស៊ីល ឆ្នាំ ២០១៣

មានគូស្នេហ៍ស្រលាញ់ភេទដូចគ្នាដល់ទៅជាង ៣៧០០គូ បានរៀបការជាមួយគ្នាភ្លាមៗ ក្រោយពីប្រទេសប្រេស៊ីលបានអនុម័តច្បាប់ស្រលាញ់ភេទដូចគ្នាក្នុងឆ្នាំ២០១៣ ។

១៤.ប្រទេសញ៉ូហ្សេឡែន ឆ្នាំ ២០១៣

ពិធីរៀបការស្របច្បាប់ និងមានសិទ្ធិពេញលេញរបស់គូស្នេហ៍ស្រលាញ់ភេទដូចគ្នាក្នុងប្រទេសញ៉ូហ្សេឡែន បានអនុម័តនៅក្នុង ឆ្នាំ ២០១៣។

១៥.ចក្រភពអង់គ្លេស និងប្រទេសវែល ឆ្នាំ ២០១៣

បន្ទាប់ពីឧបរដ្ឋមន្ត្រីនៃចក្រភពអង់គ្លេសបានថ្លែងថា ប្រជាជនទាំងអស់សុទ្ធតែមានសិទ្ធិស្មើៗគ្នា ច្បាប់ស្តីពីការស្រលាញ់ភេទដូចគ្នាបានបង្កើតឡើងនៅក្នុងឆ្នាំ ២០១៣។

រូបតំណាងប្រទេសដែលមានច្បាប់ស្រលាញ់ភេទដូចគ្នា

១៦.ប្រទេសបារាំង ឆ្នាំ ២០១៣

បន្ទាប់ពីច្បាប់ស្រលាញ់ភេទដូចជាបានបង្កើតឡើងនៅក្នុងឆ្នាំ ២០១៣ គូស្នេហ៍ភេទដូចគ្នាដំបូងគេដែលបានរៀបការនៅក្នុងប្រទេសបារាំងត្រូវបានមហាជនអបអរសាទរ និងគាំទ្រយ៉ាងខ្លាំង។

១៧.ប្រទេសលុចស៊ាំបួរ ឆ្នាំ ២០១៤

ច្បាប់រៀបការចាស់តាំងពីសម័យឆ្នាំ ១៨០៤ របស់ប្រទេសលុចស៊ាំបួរ បានកែប្រែជាថ្មីនៅក្នុងឆ្នាំ ២០១៤ ដោយបានផ្តល់សិទ្ធិដល់អ្នកដែលស្រលាញ់ភេទដូចគ្នាអាចរៀបការ និងរួមរស់ដូចគូស្នេហ៍ដទៃ។

១៨.ប្រទេសស្កុតឡែន ឆ្នាំ ២០១៤

បន្ទាប់ពីច្បាប់ស្រលាញ់ភេទដូចគ្នាបានបង្កើតឡើងនៅក្នុងឆ្នាំ ២០១៤ រយៈពេល ៣ឆ្នាំក្រោយមក ព្រះវិហារ Episcopal នៃប្រទេសស្កុតឡែន បានក្លាយទៅជាព្រះវិហារគ្រឹស្តសាសនាដំបូងគេបង្អស់របស់ចក្រភពអង់គ្លេសដែលបានអនុញ្ញាតិឱ្យគូស្នេហ៍ស្រលាញ់ភេទដូចគ្នាអាចរៀបការជាមួយគ្នាបាន។

១៩.សហរដ្ឋអាមេរិច ឆ្នាំ ២០១៥

ក្រោយពីសហរដ្ឋអាមេរិចបានអនុម័តច្បាប់ស្រលាញ់ភេទដូចគ្នានេះឡើងក្នុងឆ្នាំ ២០១៥ វាបានក្លាយទៅជាព្រឹត្តការណ៍ដ៏សំខាន់មួយដែលធ្វើឱ្យពិភពលោករំជើបរំជួលយ៉ាងខ្លាំង ជាពិសេសតាមរយៈបណ្តាញសង្គមនានាជុំវិញពិភពលោក។

២០.ប្រទេសអៀរឡើងឆ្នាំ ២០១៥

ប្រទេសអៀរឡង់បានក្លាយទៅជាប្រទេសដំបូងគេបង្អស់ដែលបានអនុម័តច្បាប់ស្រលាញ់ភេទដូចគ្នានៅក្នុងឆ្នាំ ២០១៥ បន្ទាប់ពីបានធ្វើការបោះឆ្នោត (Popular vote)ដោយយកមតិភាគច្រើន។

រូបតំណាងប្រទេសដែលមានច្បាប់ស្រលាញ់ភេទដូចគ្នា

២១.ប្រទេសហ្វាំងឡង់ឆ្នាំ ២០១៥

ច្បាប់ស្រលាញ់ភេទដូចគ្នារបស់ប្រទេសហ្វាំងឡង់បានអនុម័តជាផ្លូវការនៅក្នុងឆ្នាំ ២០១៥ បន្ទាប់ពីទទួលបានការស្នើសុំពីមហាជន និងលិខិតគាំទ្រដល់ទៅជាង ១៦៧០០០ ហត្ថលេខា។

២២.ប្រទេសគ្រីនឡែនឆ្នាំ ២០១៥

ប្រទេសគ្រីនឡែនបានក្លាយទៅជាប្រទេសប្រភេទកោះដ៏ធំដំបូងគេបង្អស់ដែលបានអនុម័តច្បាប់ស្រលាញ់ភេទដូចគ្នានៅក្នុងឆ្នាំ ២០១៥។

២៣.ប្រទេសកូឡុំប៊ី ឆ្នាំ ២០១៦

ក្នុងឆ្នាំ ២០១៦ ប្រទេសកូឡុំប៊ី បានបង្កើតច្បាប់មួយថ្មីចែងថា ប្រជាជនទាំងអស់សុទ្ធតែមានសិទ្ធិសេរីភាពស្មើគ្នា ក្នុងការរៀបការ និងបង្កើតគ្រួសារដោយមិនប្រកាន់ថាជាភេទដូចគ្នា ឬផ្ទុយគ្នានោះឡើយ។

២៤.ប្រទេសម៉ាល់តា ឆ្នាំ ២០១៧

ច្បាប់ស្រលាញ់ភេទដូចគ្នារបស់ប្រទេសម៉ាល់តាបានបង្កើតឡើងនៅក្នុងឆ្នាំ ២០១៧ បើទោះបីជាទទួលបានការប្រឆាំង និងរិះគន់ពីសំណាក់ព្រះវិហារកាតូលិកយ៉ាងណាក៏ដោយ។

២៥. ប្រទេសអូស្ត្រាលី ឆ្នាំ ២០១៧

ការពិតទៅអ្នកស្រលាញ់ភេទដូចគ្នារបស់ប្រទេសអូស្ត្រាលីបានត្រូវគេគាំទ្រ និងមានច្បាប់អាចរួមរស់ក្រៅផ្លូវការជាមួយគ្នាជាយូរមកហើយ តែការសម្រេចបង្កើតនៅក្នុងផ្លូវច្បាប់ជាផ្លូវការរបស់ប្រទេសនេះ ទើបតែអនុម័តនៅក្នុងឆ្នាំ ២០១៧ប៉ុណ្ណោះ។

២៦.ប្រទេសអាឡឺម៉ង់ ឆ្នាំ ២០១៧

ដោយសារតែទទួលបានការស្នើសុំយ៉ាងច្រើនពីសំណាក់ប្រជាជនក្នុងប្រទេស និងទោះបីជាទទួលបានការបោះឆ្នោតគាំទ្រឈ្នះដោយប្រផិតប្រផើយយ៉ាងណាក៏ដោយ តែទីបំផុតច្បាប់ស្រលាញ់ភេទដូចគ្នារបស់ប្រទេសអាឡឺម៉ង់បានអនុម័តជាផ្លូវការនៅក្នុងឆ្នាំ ២០១៧៕

រូបតំណាងប្រទេសដែលមានច្បាប់ស្រលាញ់ភេទដូចគ្នា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]