អង់គ្លេស៖ លោក Jose Mourinho អ្នក​ចាត់​ការ​ទូទៅរបស់ក្លិបបិសាចក្រហម Manchester United បាន​លើកឡើងកាលពីយប់មិញនេះ​ថា មូលហេតុដែលខ្សែ​ប្រយុទ្ធ Cristiano Ronaldo សម្រេចចិត្តផ្លាស់ទៅកាន់ក្លិប Juventus គឺដើម្បី​ធ្វើ​ឲ្យលីគ​កំពូល​អុីតាលីមួយនេះមានភាពទាក់ទាញ​ដល់ចំណាប់​អារម្មណ៍​របស់អ្នកគាំឲ្យច្រើនជាងមុនតែប៉ុណ្ណោះ។ 

Jose Mourinho និង Cristiano Ronaldo

គ្រូបង្វឹក Mourinho បាន​ថ្លែង​ប្រាប់​សារព័ត៌មាន Tele Radio Stereo ឲ្យដឹងថា៖ «ឥឡូវ​ នេះពួក​យើងត្រូវ​មើល​ឃើញ​បាល់ទាត់​ជា​បី​ជ្រុង​ធំៗ។ អ្នក​ទាំង​អស់​គ្នាអាចនឹង​ចាប់​អារម្មណ៍​បាល់​អុីតាលី​ឡើងវិញដោយ​សារតែនៅទីនោះមាន Ronaldo ស្រាប់ ចំណែកឯបាល់​អេស្ប៉ាញវិញក៏មាន​ Lionel Messi ផងដែរ ហើយ​បាល់​អង់គ្លេសគឺអ្នកទាំងអស់គ្នាស្គាល់ស្រាប់ហើយខ្ញុំមិនហ៊ានថាកីឡាករណាមួយល្អជាងកីឡាករណានោះទេ ព្រោះពួកគេម្នាក់ៗសុទ្ធតែមានសមត្ថភាពសម្រាប់ Premier League រដូវកាលថ្មីនេះ»។

លោក​ Mourinho បាន​ហៅ Serie A ថា​ជា​ "លីគ​ដែល​សំខាន់​បំផុត​នៅ​ក្នុង​ពិភព​លោក" នៅពេលនេះ។ ទោះ​ជា​យ៉ាង​ណា លោក​មិន​បាន​បក​ស្រាយ​ច្រើន​ទេថា ហេតុអ្វីបាន​ជា​លោក​អះអាង​ដូច​ខាង​លើ។

Cristiano Ronaldo

អតីតគ្រូបង្វឹកក្លិប Real Madrid និងជាអតីតគ្រូដែលធ្លាប់ដឹកនាំ Ronaldo ផងដែរនោះបាន​លើក​ឡើង​ទៀត​ថា អ្វី​ៗ​ក៏​អាច​ប្រែប្រួល​បាន​ដែរនៅក្នុង​ពិភពបាល់ទាត់។ ក្រុម​បាល់ទាត់​ដូច​ជា Inter Milan, AC Milan និង Roma នៅ​ពេល​នេះ​បាន និងកំពុង​ប្រែប្រួល​ហើយ ខណៈ​ដែរ Juventus វិញគឺរឹត​តែ​ខ្លាំង​ថែម​ទៀត ក្រោយ​ពីពួកគេទិញបានខ្សែ​ប្រយុទ្ធរបស់ក្រុមជម្រើសជាតិព័រទុយហ្គាល់រូបនោះ។

សូម​បញ្ជាក់​ផង​ដែរ​ថា កាល​ពី​សប្ដាហ៍​មុន ក្លិប Real Madrid បាន​ប្រកាស​ជា​ផ្លូវ​ការ​ថា Ronaldo បាន​យល់​ព្រម​ចូល​រួម​ Juventus ក្នុងតម្លៃ​ ១០០ លាន​អឺរ៉ូ (ជាង ១១៦ លាន​ដុល្លារ​អាមេរិក)ដែលមានកុងត្រា​រយះពេល ៤ ឆ្នាំ​ជាមួយ​ក្លិបយក្សអុីតាលីផងដែរ៕

Jose Mourinho និង Cristiano Ronaldo

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]