កើតជាមនុស្សស្រីចៀសមិនផុតពីការពាក់ស្បែកជើងកែងចោតនោះទេ គ្រាន់តែអ្នកខ្លះឧស្សាហ៍ពាក់វាជាប្រចាំថ្ងៃ និងអ្នកខ្លះពាក់តែក្នុងឱកាស ឬពិធីពិសេសៗដូចជាជប់លៀង និងចូលរួមមង្គលការជាដើម។ ជាការពិតណាស់ស្បែកជើងកែងអាចលើកសម្រស់ និងកម្ពស់មនុស្សស្រីឱ្យមើលទៅកាន់តែស្អាត និងទាក់ទាញមួយកម្រិតក៏ពិតមែន តែគ្មានមនុស្សស្រីណាដែលមិនធ្លាប់មានបញ្ហារឿងឈឺជើង រលាត់កែងជើងនោះឡើយរាល់ពេលពាក់ស្បែកជើងកែងចោតម្តងៗមិនថាស្បែកជើងនោះមានតម្លៃថោក ឬមានតម្លៃថ្លៃយ៉ាងណាទេ។

ដូច្នេះថ្ងៃនេះយើងនឹងលើកឡើងពីគន្លឹះ និងវិធីសាស្រ្តមួយចំនួនដែលអាចជួយសម្រាលការឈឺចាប់បានរាល់ពេលពាក់ស្បែកជើងកែងចោតដូចខាងក្រោមនេះ៖

ស្បែកជើងកែងចោត

១.ទុកស្បែកជើងកែងក្នុងទូទឹកកក

ជាដំបូងអ្នកត្រូវយកស្បែកជើងទៅដាក់នៅក្នុងទូទឹកកកកន្លែងដែលកកឱ្យបាន ៣០នាទីជាមុនសិនសឹមយកមកពាក់។ បន្ទាប់មក ពេលដែលអ្នកពាក់ស្បែកជើងដែលត្រជាក់ហើយ ធ្វើឱ្យសាច់ស្បែកជើងយឺតយារតាមទម្រង់ជើងដែលមានកម្តៅឧណ្ហៗរបស់អ្នកបាន ដូច្នេះវានឹងមិនសូវមានការឈឺចាប់ទៀតទេរាល់ពេលពាក់ស្បែកជើងកែងម្តងៗ។ ដើម្បីឱ្យកាន់តែមានប្រសិទ្ធភាព អ្នកអាចយកកូនថង់តូចៗដាក់ទឹករួចទុកនៅក្នុងស្បែកជើងបន្ថែម រាល់ពេលដាក់ក្នុងទូទឹកកកក៏បានដែរ។

ទុកស្បែកជើងកែងក្នុងទូទឹកកក

២.ស្រោមជើង និងទឹកក្តៅ

មុននឹងចេញទៅក្រៅ អ្នកអាចយកស្រោមជើងស្អាតមួយគូជ្រលក់ទឹកក្តៅឧណ្ហៗរួចយកមកពាក់ ហើយសឹមពាក់ស្បែកជើងមួយតង់ទៀតរួចដើរចុះដើរឡើងមួយសន្ទុះសិន។ បន្ទាប់មកអ្នកអាចដោះស្រោមជើងចេញ ហើយពាក់ស្បែកជើងនេះចេញក្រៅបានតាមធម្មតា ដោយវាជួយឱ្យមិនសូវមានការឈឺចាប់ ឬស្បែកជើងមានសភាពតឹងណែននាំឱ្យឈឺជើងទៀតទេ។

ស្រោមជើង និងទឹកក្តៅ

៣.ប្រើស្កុតមុខពីរ

យកស្កុតមុខពីរមកបិទលើបាតស្បែកជើង ឬបាតជើងរបស់អ្នកជាមុនសិន មុននឹងពាក់ស្បែកជើងកែង។ វិធីនឹងធ្វើឱ្យអ្នកពាក់ស្បែកជើងបានជាប់ល្អ ថែមទាំងអាចការងារការឈឺកែងជើង ឬដាច់រលាត់ស្បែកកែងជើងផងដែរ។

ប្រើស្កុតមុខពីរ

៤.ប្រើទ្រនាប់ជើងពិសេស

សម័យបច្ចុប្បន្ននេះងាយស្រួលរកប្រភេទទ្រនាប់ ឬស្រោមស្បែកជើងពិសេសខ្លាំងណាស់ ដែលមានច្រើនប្រភេទណាស់ឯប្រសិទ្ធភាពក៏ដូចគ្នាដែរ។ មានទាំងប្រភេទជាស្រោមបាតជើងក្រណាត់ស្តើង ជាតិស៊ីលីកូន និងផ្លាស្ទិកជាដើម ដែលវាមានប្រយោជន៍អាចជួយកាត់បន្ថយការកកិតនៃស្បែកជើងដែលធ្វើឱ្យឈឺចាប់ និងការពារការដាច់សាច់រលាត់កែងជើងផងដែរ។

ប្រើទ្រនាប់ជើងពិសេស

៥.ក្រែមផ្តល់សំណើម

មុននឹងពាក់ស្បែកជើងកែងចេញទៅក្រៅ អ្នកអាចសាកល្បងយកក្រែមផ្តល់សំណើមលាបឱ្យសព្វប្រអប់ជើង និងបាតជើងជាមុនសិន ព្រោះវាអាចជួយកាត់បន្ថយអាការឈឺចុកចាប់ពេលពាក់ស្បែកជើង និងការពារការកកិតរលាត់កែងជើងផងដែរ ជាពិសេសសម្រាប់ស្បែកជើងដែលទើបតែទិញមកថ្មី ឬពាក់ទៅតឹង និងចង្អៀតខ្លាំង។

ក្រែមផ្តល់សំណើម

៦.ម្សៅកូនក្មេង

គ្រាន់តែយកម្សៅកូនក្មេងមកលាបឱ្យសព្វជើង ឬចាក់នៅក្នុងស្បែកជើង វាអាចជួយបង្ការអាការបែកញើសជើង និងមានសភាពរអិលៗដែលអាចជួយការពារកុំឱ្យជើងកកិតនឹងស្បែកជើងខ្លាំងពេកបង្កជាមុខរបួសនៅត្រង់កែងជើងផងដែរ។

ម្សៅកូនក្មេង

៧.រុំម្រាមជើង

អ្នកអាចសាកល្បងរុំម្រាមជើងទី២ និងទី៣ ដែលនៅជាប់នឹងមេជើងចងផ្អោបគ្នា (មើលរូប) ឱ្យជាប់ ព្រោះវិធីនេះអាចជួយបន្ថយសម្ពោធសរសៃម្រាមជើងទាំង២ ដែលជាដើមហេតុបង្កឱ្យមានអាការឈឺជើងនេះឡើង។

រុំម្រាមជើង

៨.ឈឺជើងហាមដោះស្បែកជើងចេញ

នៅពេលដែលអ្នកពាក់ស្បែកជើងកែងយូរៗទៅស្រាប់តែឈឺជើង សុំកុំដោះស្បែកជើងចេញឱ្យសោះ។ បើទោះបីជាពេលដោះស្បែកជើងចេញអាចសម្រាលការឈឺចាប់បានមួយភ្លែតក៏ពិតមែន ប៉ុន្តែវានឹងធ្វើឱ្យជើងរបស់អ្នកហើម ហើយពេលដែលត្រូវពាក់ស្បែកជើងវិញម្តងទៀត វានឹងរឹតតែធ្វើឱ្យអ្នកឈឺជើងលើសដើម។

កុំដោះស្បែកជើងចេញ

៩.ពាក់ស្បែកជើងនៅផ្ទះ

អ្នកអាចសាកយកស្បែកជើងមកពាក់ចុះឡើងៗនៅក្នុងផ្ទះឱ្យបានយ៉ាងហោចមួយអាទិត្យ មុននឹងពាក់ស្បែកជើងកែងចេញទៅក្រៅ ព្រោះវាអាចធ្វើឱ្យស្បែកជើងរាងរលុង មិនសូវតឹងដូចមុនដែលអាចបណ្តាលឱ្យឈឺជើង។ វិធីនេះល្អបំផុតសម្រាប់ស្បែកជើងដែលទើបតែទិញមកថ្មី ឬតូចចង្អៀតខ្លាំង។

ពាក់ស្បែកជើងនៅផ្ទះ

១០.ផលិតផលលាបក្លៀក

មុននឹងពាក់ស្បែកជើងចេញទៅក្រៅ អ្នកអាចយកផលិតផលបំបាត់ក្លិនក្លៀក (Deodorant) មកលាបត្រង់បាតជើងក៏បានកែងជើងក៏បាន ដើម្បីការពារការឈឺជើង ការកកិត និងដាច់រលាត់កែងជើងជាដើម។

ផលិតផលលាបក្លៀក

១១.កុំចុះចាញ់ កុំដោះចេញ

ទោះបីជាការពាក់ស្បែកជើងកែងវាធ្វើឱ្យកើតមានអាការឈឺចាប់យ៉ាងណាក៏ដោយ តែអ្នកត្រូវតែទ្រាំដើម្បីភាពស្រស់ស្អាត។ ឈឺយ៉ាងណាត្រូវតែដើរទៅមុខ ឈឺយ៉ាងណាត្រូវតែទ្រាំ គឺទ្រាំរហូតដល់អ្នកទ្រាំមិនបានក៏ហាមដោះចេញជាដាច់ខាត គ្រាន់តែអង្គុយចុះហើយសម្រាកបន្តិច វានឹងបានធូរស្រាលជាងមុនជាមិនខាន។

កុំចុះចាញ់

១២.ថែរក្សាប្រអប់ជើង

ប្រសិនជាអ្នកប្រះកែងជើង ពងស្បែក ឬរលាត់កែងជើង អ្នកត្រូវតែថែរក្សា និងព្យាបាលឱ្យជាសះស្បើយជាមុនសិន ព្រោះអាការទាំងនេះអាចធ្វើឱ្យរាល់ពេលអ្នកពាក់ស្បែកជើងកែងរឹតតែឈឺជាងមុនទៅទៀត។ ជាពិសសបើអាច គូរតែមានផលិតផលថែរក្សាប្រអប់ជើងជាប្រចាំក៏ជាការល្អ។

ថែរក្សាប្រអប់ជើង

១៣.ជ្រើសស្បែកជើងដែលសាកសម

ប្រសិនជាអ្នកមិនធ្លាប់ពាក់ស្បែកជើងកែងចោតពីមុនទេ កុំទាន់អាលសាកពាក់ស្បែកជើងមានកែងខ្ពស់ៗពេកអី ព្រោះវាអាចធ្វើឱ្យអ្នកឈឺជើងបាន។ ម្យ៉ាងវិញមួយទៀត អ្នកត្រូវតែទិញស្បែកជើងដែលត្រូវនឹងជើងកុំរលុងពេក កុំចង្អៀតពេក យ៉ាងហោចឱ្យធំជាងជើងប្រហែលជាមួយអ៊ីង ឬមួយលេខទើបជាការល្អ។

ជ្រើសស្បែកជើងដែលសាកសម

១៤.បង់រុំមុខរបួស

មនុស្សស្រីភាគច្រើន ជាពិសេសអ្នកដែលឧស្សាហ៍ចូលចិត្តពាក់ស្បែកជើងកែងចោតគួរតែមានបង់រុំរបួសតូចៗនៅជាប់នឹងខ្លួន ដើម្បីងាយស្រួលយកមកប្រើភ្លាមៗរាល់ពេលមានមុខរបួស ឬដាច់រលាត់កែងជើងជាដើម។ ប្រសិនជាអ្នកអាចបិទបង់មុខរបួសទាន់ពេលវេលា វាអាចជួយសម្រាលការឈឺចាប់របស់អ្នកភ្លាមៗបាន៕  

បង់រុំមុខរបួស

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]