ពិភពលោក៖ បើគិតតាម "ផលិតផលក្នុងស្រុកសរុប (GDP)" និងប្រើ "តម្លៃសមភាពនៃសមត្ថភាពទិញ (PPP)" ទំនិញនិងសេវាសរុបចុងក្រោយ ដើម្បីបង្ហាញតម្លៃពិតគិតជាដុល្លារអាមេរិកក្នុងប្រទេសមួយក្នុងរយៈពេលគិតជាឆ្នាំ (ឬត្រីមាស និង ឆមាស) នោះយើងនឹងបានតួលេខនៃ "ប្រាក់ចំណូលសរុបជាមធ្យមរបស់មនុស្សម្នាក់ៗ" ដែលដកស្រង់ចេញពីរបាយការណ៍របស់មូលនិធិរូបិយវត្ថុអន្តរជាតិដូចខាងក្រោម (IMF)៖

រូបតំណាងមាសដែលជារូបិយវត្ថុមួយ

១៥. បារ៉ែន៖ ៥១,៨៤៥ ដុល្លារអាមេរិក/ម្នាក់

ក្រៅពីពឹងផ្អែកលើការនាំចេញប្រេង សេដ្ឋកិច្ចប្រទេសនេះក៏រួមចំណែកដោយការផ្តល់សេវាកម្ម និងវិស័យទេសចរណ៍ផងដែរ។

បារ៉ែន

១៤. អ៊ីស្លង់៖ ៥២,១៥០ ដុល្លារអាមេរិក/ម្នាក់

ប្រទេសដែលមានប្រជាជនសរុបជាង ៣សែននាក់នេះ ពឹងផ្អែកលើការផលិតកម្មវិធីកុំព្យូទ័រ (software) ជីវ-បច្ចេកវិទ្យា និងទេសចរណ៍ (ជាពិសេសអេកូទេសចរណ៍)។

អ៊ីស្លង់

១៣. ហូឡង់៖ ៥៣,៥៨១ ដុល្លារអាមេរិក/ម្នាក់

ជាមួយអាត្រាប្រជាជនជាង ១៧ លាននាក់ ប្រទេសនេះមិនត្រឹមតែល្បីខាងផ្កាទុលីបដ៏ស្រស់ស្អាតនោះទេ ប៉ុន្តែសេដ្ឋកិច្ចហូឡង់ជោគជ័យលើបីកត្តា៖ ធនធានរ៉ែ កសិកម្ម និង រោងចក្រផលិត។  

ហូឡង់

១២. អារ៉ាប៊ីសាអ៊ូឌីត៖ ៥៥,២៦២ ដុល្លារអាមេរិក/ម្នាក់

សេដ្ឋកិច្ចប្រទេសនេះពឹងផ្អែកលើប្រេងកាតជាចម្បង ដោយមានការគ្រប់គ្រងដ៏រឹងមាំពីរដ្ឋាភិបាល។ អារ៉ាប៊ីសាអ៊ូឌីតមានប្រេងកាតស្មើនឹង ១៨% នៃប្រេងកាតសរុបរបស់ពិភពលោក និងជាអ្នកនាំចេញប្រេងធំបំផុតផងដែរ។  

អារ៉ាប៊ីសាអ៊ូឌីត

១១. សហរដ្ឋអាមេរិក៖ ៥៩,៤៩៥ ដុល្លារអាមេរិក/ម្នាក់

បើគិតតាមប្រាក់ចំណូលនៃប្រជាជនជាមធ្យម ប្រទេសដែលមានប្រជាជនច្រើនគឺមិនងាយជាប់ក្នុងបញ្ជីនេះទេ ប៉ុន្តែសហរដ្ឋអាមេរិកដែលមានដល់ទៅជាង ៣២៥ លាននាក់មានឈ្មោះនឹងគេដែរក៏ព្រោះឧស្សាហកម្មគ្រឿងយន្តក្នុងស្រុកដ៏ធំ បច្ចេកវិទ្យាដែលជំរុញការច្នៃប្រឌិត និងប្រព័ន្ធប្រជាធិបតេយ្យដែលការពារកម្មសិទ្ធិបញ្ញា និង សហគ្រិនភាព។

សហរដ្ឋអាមេរិក

១០. សានម៉ារីណូ៖ ៦០,៣៥៨ ដុល្លារអាមេរិក/ម្នាក់

កូនប្រទេសដែលជាមីក្រូរដ្ឋក្នុងទ្វីបអឺរ៉ុបនេះ ពឹងផ្អែកលើវិស័យធនាគារ ទេសចរណ៍ អេឡិចត្រូនិក ការផលិតស្រា និង ឈីស។ អ្វីដែលគួរឱ្យកត់សម្គាល់គឺ ប្រទេសនេះគ្មានបំណុលជាតិឡើយ ហើយប្រមាណពាក់កណ្តាលនៃចរន្តសេដ្ឋកិច្ច គឺអាស្រ័យលើវិស័យទេសចរណ៍។   

សានម៉ារីណូ

៩. ស៊្វីស៖ ៦១,៣៥៩ ដុល្លារអាមេរិក/ម្នាក់

គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ជួយរក្សាសេដ្ឋកិច្ចប្រទេសនេះឱ្យលេចត្រដែតតែម្តង។ គួរបញ្ជាក់ផងដែរថា មហាសេដ្ឋីនិងក្រុមហ៊ុនធំៗជាច្រើនក្នុងពិភពលោក មានគណនីនៅធនាគារស្វ៊ីស អាស្រ័យហេតុនេះ ស្វ៊ីសអាចយកដើមទុនទៅប្រើក្នុងបំណងវិនិយោគ។  

ស៊្វីស

៨. អារ៉ាប់រួម៖ ៦៨,២៤៥ ដុល្លារអាមេរិក/ម្នាក់

ប្រទេសដែលមានប្រជាជនជាង ៩ លាននាក់នេះ មានសេដ្ឋកិច្ចពឹងផ្អែកលើប្រេងកាត ខណៈដែលវិស័យបម្រើសេវាកម្ម និងទូរគមនាគមន៍ ក៏រួមចំណែកយ៉ាងសំខាន់ផងដែរ។  

អារ៉ាប់រួម

៧. គុយវ៉ែត៖ ៦៩,៦៦៩ ដុល្លារអាមេរិក/ម្នាក់

គុយវ៉ែតមានប្រេងសរុបជិត ១០% នៃប្រេងកាតពិភពលោក ហើយក៏ជាអ្វីដែលរួមចំណែកស្ទើរពាក់កណ្តាលនៃ GDP និង ៩៥% នៃប្រាក់ចំណូលពីការនាំចេញ។  

គុយវ៉ែត

៦. ន័រវែស៖ ៧០,៥៩០ ដុល្លារអាមេរិក/ម្នាក់

ជាមួយអាត្រាប្រជាជនជាង ៥ លាននាក់ និងសេដ្ឋកិច្ចពឹងផ្អែកលើការនេសាទ ធនធានធម្មជាតិ ការរុករកប្រេងដ៏ធំ ន័រវែសជាប្រទេសនាំចេញប្រេងឆៅធំបំផុតទី៨ នាំចេញប្រេងចម្រាញ់រួចធំបំផុតទី៩ និងនាំចេញឧស្ម័នធម្មជាតិធំបំផុតទី៣ ក្នុងពិភពលោក។   

ន័រវែស

៥. អៀរឡង់៖ ៧២,៦៣២ ដុល្លារអាមេរិក/ម្នាក់

កោះនៃត្បូងមរកតនេះមានប្រជាជនប្រមាណ ៥ លាននាក់ ខណៈស្នូលនៃសេដ្ឋកិច្ចពឹងផ្អែកលើ វាយនភ័ណ្ឌ ធនធានរ៉ែ និងការផលិតម្ហូបអាហារ។  

អៀរឡង់

៤. ប្រ៊ុយណេ៖ ៧៦,៧៤៣ ដុល្លារអាមេរិក/ម្នាក់

កូនប្រទេសដែលមានប្រជាជនខ្ទង់ ៤ សែននាក់នេះ ពឹងផ្អែកលើវិស័យប្រេងកាត។ ប្រ៊ុយណេជាប្រទេសផលិតឧស្ម័នរាវធម្មជាតិធំបំផុតទី៩ ក្នុងពិភពលោក និងផលិតប្រេងធំបំផុតទី៣ ក្នុងតំបន់អាស៊ីអាគ្នេយ៍។ ទោះយ៉ាងណា រដ្ឋាភិបាលកំពុងព្យាយាមបំលែងសេដ្ឋកិច្ច កុំឱ្យពឹងផ្អែកលើចំណូលពីវិស័យប្រេងខ្លាំងពេក។  

ប្រ៊ុយណេ

៣. សិង្ហបុរី៖ ៩០,៥៣១ ដុល្លារអាមេរិក/ម្នាក់

កូនរដ្ឋ-ក្រុងនេះបានឡើងពីចំណាត់ថ្នាក់លេខ៥ ដោយប្រាក់ចំណូលជាធម្យម ច្រើនជាងបុគ្គលធម្មតាម្នាក់ដល់ទៅ៥ ដង ក្នុងពិភពលោក។ ប្រភពនៃចំណូលគឺបានមកពី វិស័យសេវាកម្ម ឧស្សាហកម្មនាំចេញផលិតផលគីមី និងគោលនយោបាយសេដ្ឋកិច្ចសេរី។ លើសពីនេះ សិង្ហបុរីមានកំពង់ផែដែលមានសកម្មភាពមមាញឹកបំផុតទី២ ក្នុងពិភពលោក។  

សិង្ហបុរី

២. លុចហ្សំបួ៖ ១០៩,១៩២ ដុល្លារអាមេរិក/ម្នាក់

ប្រទេសលុចហ្សំបួ ដែលជានិមិត្តសញ្ញានៃភាពស្តុកស្តម្ភ មានសេដ្ឋកិច្ចរឹងមាំពឹងផ្អែកលើវិស័យហិរញ្ញវត្ថុដ៏មានសន្ទុះ គោលនយោបាយសារពើភ័ណ្ឌដ៏ប្រុងប្រយ័ត្ន ព្រមទាំងឧស្សាហកម្មថាមវ័ន្ត និងដែកថែប។ វិស័យធនាគារជាផ្នែកដ៏ធំបំផុតនៃសេដ្ឋកិច្ចជាមួយទ្រព្យមូលដ្ឋានជាង ១.២៤ លានលានដុល្លារឯណោះ។  

លុចហ្សំបួ

១. កាតា៖ ១២៤,៩២៧ ដុល្លារអាមេរិក/ម្នាក់

ប្រទេសដែលប្រជាជនមានប្រាក់ចំណូលខ្ពស់បំផុតក្នុងពិភពលោកនេះ មានឧស្សាហកម្មរុករកប្រេងកាតដែលមានការអភិវឌ្ឍខ្ពស់ ហើយឧស្សាហកម្មនេះរួមចំណែកដល់ទៅ ៧០% នៃប្រាក់ចំណូលរបស់រដ្ឋាភិបាល ៦០% នៃ GDP និង ៨៥% នៃចំណូលពីការនាំចេញសរុប។ ដោយសារតែចំនួនប្រជាជនត្រឹម ២ លាននាក់ ទើបធ្វើឱ្យប្រទេសដែលត្រៀមធ្វើជាម្ចាស់ផ្ទះ FIFA World Cup ២០២២ ជាប់ចំណាត់ថ្នាក់លេខ១ ពេលគេយក GDP ចែកនឹងចំនួនប្រជាជនទាំងអស់៕  

កាតា

តើប្រិយមិត្តយល់យ៉ាងណាដែរ?

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]