ភ្នំពេញ៖ ក្រុមហ៊ុនសាណូហ្វីកម្ពុជា សហការជាមួយសមាគមធ្មបកម្ពុជា បានរៀបចំសិក្ខាសាលាជា២លើកហើយស្តីពី “សារប្រយោជន៍នៃកាល់ស្យូមសម្រាប់ស្រ្តីមានផ្ទៃពោះ និងកុមារ” ទៅកាន់អ្នកចូលរួមប្រមាណជាង៣៥០គ្រួសារ ដោយក្នុងនោះមានស្រ្តីមានផ្ទៃពោះចំនួន៦៥នាក់ ស្រ្តីជាម្តាយជិត២៧០នាក់ និងកុមារជាង៤០០នាក់ ដោយលើកទី១ធ្វើនៅ Kids City ក្នុងរាជធានីភ្នំពេញកាលពីដើមខែកក្កដា និងលើកទី២ធ្វើនៅសណ្ឋាគារខេមរាបាត់ដំបង១ ខេត្តបាត់ដំបងកាលពីថ្ងៃទី១៥​ កក្កដា ២០១៨ កន្លងទៅនេះ។

អ្នកស្រី Monsinee​ Sathirakawinskul ប្រធានប្រតិបត្តិផ្នែក CHC ប្រចាំក្រុមហ៊ុនសាណូហ្វី កម្ពុជា បានមានប្រសាសន៍ថា៖

«សិក្ខាសាលានេះមានគោលបំណងផ្តល់ការអប់រំដល់ស្រ្តីជាម្តាយ ស្រ្តីមានផ្ទៃពោះ ស្រ្តីស្ថិតក្នុងវ័យបន្តពូជ ទទួលបានការយល់ដឹងកាន់តែច្រើនអំពីសារសំខាន់នៃអាហារូបត្ថម្ភ​ដ៏ត្រឹមត្រូវសម្រាប់ពួកគេ និងកុមារ ជាពិសេសសារសំខាន់នៃកាល់ស្យូមតែម្តង។​ ម្យ៉ាងទៀត សិក្ខាសាលានេះក៏​ផ្តល់​​ការអប់រំដល់ស្រ្តីអំពីការមានផ្ទៃពោះ និងភាពជាម្តាយផងដែរ​។»

អ្នកស្រី Monsinee បានបន្ថែមថា៖

“យើងមានគោលដៅបម្រើជូនប្រជាជនកម្ពុជាទទួលបានសុខភាពកាន់តែល្អប្រសើរឡើង និងជីវិតដ៏ពេញលេញ ហើយតាមរយៈកិច្ចសហការនេះ យើងមានគម្រោងបញ្ចៀបការយល់ដឹងអំពីសារសំខាន់នៃកាល់ស្យូម​សម្រាប់​ស្រ្តីមានផ្ទៃពោះ និងកុមារ ឲ្យបានកាន់តែទូលំទូលាយនៅតាមបណ្តា​ខេត្តក្រុងសំខាន់ៗដូចជា រាជធានីភ្នំពេញ ខេត្តបាត់ដំបង កំពង់ចាម និងសៀមរាប ដោយរំពឹងថានឹងអាចមានអ្នកចូលរួមប្រមាណជាង ១៥០០ គ្រួសារ។ លោកស្រី ឆាយ ស្វែងជាអាទិ៍ ប្រធានសមាគមធ្មបកម្ពុជាបានមានប្រសាសន៍ថា “កិច្ចសហការរវាងសមាគមឆ្មបកម្ពុជា និងក្រុមហ៊ុនសាណូហ្វី ពិតជាមានសារសំខាន់ និងចាំបាច់ ហើយវាពិតជាបានផ្តល់ផលប្រយោជន៍យ៉ាងច្រើនសម្រាប់ស្រ្តីមានផ្ទៃពោះ និងស្រ្តីដែលត្រៀមខ្លួនមានផ្ទៃពោះ។”

ក្នុងសិក្ខាសាលានេះដែរ អ្នកចូលរួមទទួលបានការពិគ្រោះយោបល់ពីគ្រូពេទ្យជំនាញស្តីពីអាហារូបត្ថម្ភសម្រាប់ស្រ្តីមានផ្ទៃពោះនិងកុមារ ទទួលបានការពិនិត្យសុខភាពដូចជា ការវាស់ចង្វាក់បេះដូងទារកក្នុងផ្ទៃ ការ​ពិនិត្យ​​ផ្ទៃពោះ និងវាស់សម្ពាធឈាមសម្រាប់ស្រ្តីជាម្តាយជាដើម។ ជាមួយគ្នានេះ សិក្ខាសាលាក៏រៀបចំឲ្យមានជាវគ្គសំនួរ​ចម្លើយ និងការធ្វើបទបង្ហាញពីសំណាក់គ្រូពេទ្យជំនាញថែមទៀតផង។

អ្នកចូលរួមក្នុងសិក្ខាសាលានេះក៏បានសម្តែងការពេញចិត្ត និងលើកឡើងថាពួកគាត់ទទួលបានចំណេះដឹងថ្មីៗអំពីសារសំខាន់នៃកាល់ស្យូម ដែលជួយឲ្យពួកគាត់មានការយកចិត្តទុកដាក់ចំពោះប្រភេទអាហារដែលសម្បូរកាល់ស្យូមសម្រាប់ការលូតលាស់ឆ្អឹង និងកម្ពស់របស់កុមារ និងការការពារខ្លួនពួកគាត់ផ្ទាល់ពីជំងឺបម្រុងក្រឡាភ្លើង ការសម្រាល់កូនមុនខែ និងជំងឺពុកឆ្អឹងជាដើម។

តាមការណែនាំរបស់អង្គការសុខភាពពិភពលោកបានឲ្យដឹងថា ស្រ្តីគួរទទួលទានកាល់ស្យូម​ឲ្យបានគ្រប់គ្រាន់ជារៀងរាល់ថ្ងៃចាប់ពីសប្តាហ៍ទី២០នៃការពពោះ។

ការបន្ថែមកាល់ស្យូម១០០០មិល្លីក្រាមក្នុងមួយថ្ងៃ មានអត្ថប្រយោជន៍ក្នុងការកាត់បន្ថយហានិភ័យជំងឺបម្រុងក្រឡាភ្លើងបាន៣១% ទៅ ៦៥%។ នេះបើតាមការសិក្សារបស់ Nutrition Reviews។

សិក្ខាសាលាស្តីពី “សារប្រយោជន៍នៃកាល់ស្យូមសម្រាប់ស្រ្តីមានផ្ទៃពោះ និងកុមារ”

តាមការសិក្សាដដែលនេះ ការបន្ថែមកាល់ស្យូម១០០០មិល្លីក្រាមក្នុងមួយថ្ងៃ មានអត្ថប្រយោជន៍ក្នុងការកាត់បន្ថយហានិភ័យនៃការសម្រាលកូនមិនគ្រប់ខែបាន២៤%។

ជាមួយគ្នានេះដែរ នៅកម្ពុជា កុមារប្រហែល៣២% ដែលមានអាយុក្រោម៥ឆ្នាំ មានជំងឺក្រិន ដោយសារកង្វះកាល់ស្យូម។ នេះបើតាមការសិក្សារបស់ CDSH ក្នុងឆ្នាំ 2014។

សាណូហ្វី កម្ពុជា ដែលជាក្រុមហ៊ុនឱសថលំដាប់ពិភពលោក សហការជាមួយសមាគមធ្មបកម្ពុជា នឹងបន្តធ្វើសិក្ខាសាលានេះតាមបណ្តាខេត្ត ក្រុង នានាជាបន្តបន្ទាប់ទៀតដូចជា ខេត្តកំពង់ចាមថ្ងៃទី១២ សីហា ២០១៨ ខេត្តសៀមរាប ២៦ សីហា ២០១៨ និងរាជធានីភ្នំពេញថ្ងៃទី ១៩ សីហា ២០១៨ និង ០២ កញ្ញា ២០១៨។

សិក្ខាសាលានេះធ្វើឡើងជា២ពេល គឺពេលព្រឹក និងពេលរសៀល ហើយបើកទូលាយសម្រាប់សាធារណៈជនទូទៅ ជាពិសេសផ្តោតសំខាន់លើស្រ្តីមានផ្ទៃពោះដែលត្រៀមខ្លួនធ្វើជាម្តាយ ស្រ្តីជាម្តាយ ស្រ្តីដែលស្ថិតក្នុងវ័យបន្តពូជ និងកុមារ៕

សិក្ខាសាលាស្តីពី “សារប្រយោជន៍នៃកាល់ស្យូមសម្រាប់ស្រ្តីមានផ្ទៃពោះ និងកុមារ”
សិក្ខាសាលាស្តីពី “សារប្រយោជន៍នៃកាល់ស្យូមសម្រាប់ស្រ្តីមានផ្ទៃពោះ និងកុមារ”
សិក្ខាសាលាស្តីពី “សារប្រយោជន៍នៃកាល់ស្យូមសម្រាប់ស្រ្តីមានផ្ទៃពោះ និងកុមារ”
សិក្ខាសាលាស្តីពី “សារប្រយោជន៍នៃកាល់ស្យូមសម្រាប់ស្រ្តីមានផ្ទៃពោះ និងកុមារ”
សិក្ខាសាលាស្តីពី “សារប្រយោជន៍នៃកាល់ស្យូមសម្រាប់ស្រ្តីមានផ្ទៃពោះ និងកុមារ”

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]