ជាការពិតនៅក្នុងពិភពលោកនៃសតវត្សរ៍ទី២១ គ្មានមនុស្សណាម្នាក់រស់នៅដោយពុំបាច់ប្រើប្រាស់ទូរស័ព្ទសោះបានឡើយ។  ពិភពលោកមានភាពភ្ជាប់ទំនាក់ទំនងគ្នាដែលពុំធ្លាប់ឃើញមានពីមុនមក ក៏ដោយសារបច្ចេកវិទ្យាទូរស័ព្ទដែរ។  មនុស្សម្នាក់ៗ អាចឃើញមុខគ្នាទៅវិញទៅមកនៅប្រទេសពីរផ្សេងគ្នា នៅតែលើបាតដៃតែប៉ុណ្ណោះ។  យើងអាចនិយាយបានថា ទូរស័ព្ទបានក្លាយជាផ្នែកមួយនៃជីវិតរបស់មនុស្សគ្រប់រូប ដែលពុំអាចខ្វះបានត្រឹមតែមួយថ្ងៃក៏ដោយ។ ប៉ុន្តែតម្រូវការជារៀងរាល់ថ្ងៃនេះ អាចផ្តល់នូវផលប៉ះពាល់ដល់សុខភាពយើងផងដែរ  បើយើងប្រើប្រាស់វាខុសរបៀប និងយូរម៉ោងខ្លាំងពេក។

អ្នកដឹងទេថាទូរស័ព្ទដៃនៅពេលជិតអស់ថ្ម មានបញ្ចេញរលកវិទ្យុសកម្មច្រើនជាងធម្មតា ១០ដងឯណោះ រាល់ពេលយើងលើកទូរស័ព្ទនិយាយ ឬ ក៏ទំនាក់ទំនងទៅនរណាម្នាក់។

ដូច្នេះខាងក្រោមនេះជាផលអវិជ្ជមាននៃសុខភាពទាំង ៣យ៉ាងធំៗបំផុត បណ្តាលមកពីទូរស័ព្ទដៃរបស់លោកអ្នក៖

១. មហារីកខួរក្បាល

បើទោះបីជាការពិត ប្រជាជនយើងភាគច្រើនបានចាប់ផ្តើមប្រើប្រាស់ទូរស័ព្ទដៃរាប់ឆ្នាំមកហើយក្តី ក៏ពុំឃើញមានភាពមិនប្រក្រតីណានៃខួរក្បាលដែរ។ ប៉ុន្តែផលប៉ះពាល់នៃទូរស័ព្ទដៃមានរយៈពេលវែងទៅវិញទេ។

អ្នកដឹងទេថា អង់តែនក្នុងទូរស័ព្ទដៃជាកន្លែងបញ្ចេញរលកវិទ្យុសកម្មរបស់ទូរស័ព្ទ ហើយប្រសិនបើយើងកាន់ធម្មតា វាពុំមានការប៉ះពាល់ឡើយ តែការប៉ះចំតំបន់អង់តែនក្នុងទូរស័ព្ទរយៈពេលយូរ  អាចធ្វើឲ្យកោសិកាយើងស្រូបយកនូវថាមពលក្នុងទំរង់ជាអេឡិចត្រូម៉ាញេទិច ដែលអាចប៉ះពាល់ដល់ទ្រង់ទ្រាយ និងដំណើរការនៃកោសិកា ដែលជាហេតុនៃការវិវឌ្ឍន៍ទៅរកជំងឺមហារីក។ ជាពិសេសកោសិកាខួរក្បាលតែម្តង ពីព្រោះនៅពេលយើងនិយាយទូរស័ព្ទយើងតែងដាក់ទូរស័ព្ទអឹបជាប់នឹងក្បាលយើង។  ជាហេតុធ្វើឲ្យខួរក្បាលជាសរីរាង្គមួយ ដែលមានហានិភ័យខ្ពស់ជាងគេ ក្នុងការវិវឌ្ឍន៍នៃកោសិកាមហារីក។

បើទោះបីជាយ៉ាងណាក៏ដោយ នេះបើយោងតាមការសិក្សាជាច្រើនទៅលើបញ្ហានេះ ក្រុមអ្នកវិទ្យាសាស្ត្រពុំទាន់អាចធ្វើការសន្និដ្ឋានណាជាក់លាក់ប្រាកដឡើយ។ ការវិវឌ្ឍន៍នៃកោសិកាមហារីកនៃខួរក្បាល អាចបណ្តាលមកពីកត្តាបន្ទាប់បន្សំផ្សេងទៀត។

ប៉ុន្តែយើងជាអ្នកប្រើប្រាស់ គួរការពារប្រសើរជាងព្យាបាល ដោយព្យាយាមកាត់បន្ថយការប្រើប្រាស់ទូរស័ព្ទអឹបជាប់ជាមួយត្រចៀក ឬមុខ។ ជាពិសេសនៅពេលនិយាយទូរស័ព្ទ គួរប្រើប្រាស់ជាកាស ឬក៏ដាក់សំលេងមកក្រៅ។

រូបតំណាង

២. បញ្ហាក្រពេញទីរ៉ូអ៊ីត

អ្នកដឹងទេថាក្រពេញទីរ៉ូអ៊ីត ជាក្រពេញមួយដ៏សំខាន់នៃរាងកាយយើង ដោយវាដើរតួនាទីយ៉ាងសកម្មក្នុងការបញ្ចេញអរម៉ូនទីរ៉ូអ៊ីត ដែលជាអរម៉ូនចំបងបំផុត ត្រួតពិនិត្យនូវកម្រិតមេតាបូលីសនៃការផលិតថាមពលរាងកាយទាំងមូល។ ក្រៅពីនេះវាជួយដល់ការរក្សាទម្ងន់ កំណត់ចង្វាក់បេះដូង  ដង្ហើម  សីតុណ្ហភាពរាងកាយ និងកម្រិតកូលេស្តេរ៉ុល ជាដើម។  ដូច្នេះភាពមិនប្រក្រតីនៃក្រពេញនេះអាចមានផលប៉ះពាល់យ៉ាងខ្លាំងដល់ដំណើរការធម្មតានៃរាងកាយទាំងមូល។

យោងទៅតាមការសិក្សាស្រាវជ្រាវជាច្រើនទៅលើក្រុមវ័យជំទង់បានឲ្យឃើញថា ការនិយាយទូរស័ព្ទញឹកញាប់ដោយដាក់អឹបត្រចៀក បានបង្កើនហានិភ័យ នៃការប្រែប្រួលដំណើរការ និងកម្រិតអរម៉ូនទីរ៉ូអ៊ីត។  ប៉ុន្តែអ្វីដែលគួរឲ្យចាប់អារម្មណ៍នោះគឺថា ការប្រែប្រួលអរម៉ូនទីរ៉ូអ៊ីតក្នុងកម្រិតមួយតិចតួច ក៏អាចផ្តល់ផលប៉ះពាល់ដល់ដំណើរការនៃខួរក្បាលបានដែរ។

ដូច្នេះបើវាស្តាប់ទៅមិនគួរឲ្យជឿ និងមិនចាប់អារម្មណ៍ក្តី តែយើងយល់ល្អគួរការពារជាមុន ដោយឈប់ប្រើប្រាស់ ជាពិសេសនៅពេលនិយាយដោយដាក់អឹបនឹងត្រចៀក។

រូបតំណាង

៣. ប៉ះពាល់ដល់មេជីវិតបុរស

សំរាប់បុរសៗយើងគប្បីគិតម្តងទៀត នៅពេលដាក់ទូរស័ព្ទនៅតាមហោប៉ាវខោ ពីព្រោះសារធាតុវិទ្យុសកម្មនៃទូរស័ព្ទ កាលណាកោសិកាបន្តពូជយើងរងឥទ្ធិពលរយៈពេលយូរ វាអាចធ្វើឱ្យមេជីវីត (ស្ពែម៉ាតូសូអ៊ីត) ងាយងាប់លឿនជាងធម្មតារហូតដល់ទៅ ៣ដងឯណោះ។

ដូច្នេះប្រិយមិត្តបុរសៗ គួរកែប្រែទម្លាប់ក្នុងការដាក់ទូរស័ព្ទក្នុងហោប៉ាវខោ ដោយជំនួសវិញដោយដាក់ក្នុងកូនកាបូបតូច ឬ កាតាប ណាមួយតាមខ្លួនវិញ ទើបជាការប្រសើរ៕

រូបតំណាង

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]