ស្រាក្រហមភាគច្រើនខុសពីស្រាបៀ ឬ ស្រាដប វាមានរសជាតិឈ្ងុយឆ្ងាញ់ ហើយចត់បែបស្រទន់។  អ្នកដឹងទេថាស្រាក្រហម មិនមែនទើបមាននៅប៉ុន្មានសតវត្សរ៍ចុងក្រោយនេះទេ តាមពិតទៅគេបានឃើញសារធាតុនៃស្រាក្រហមពីផូស៊ីល ព្រះចៅផារ៉ាអ៊ុងនៃអេហ្ស៊ីបបុរាណ ដែលមានអាយុកាល ៣ ០០០ឆ្នាំ មុនគ្រឹស្តសករាជឯណោះ។

មកដល់ពេលបច្ចុប្បន្នយើងនៅតែនិយមពិសាក្នុងកម្មវិធីជប់លៀងតូចធំ។ តែអ្វីដែលមនុស្សភាគច្រើនពុំដឹងនោះគឺថា ការពិសាស្រាក្រហមត្រឹមតែ ១កែវក្នុងមួយថ្ងៃ អាចផ្តល់នូវផលវិជ្ជមានយ៉ាងខ្លាំងដល់សុខភាពនៃប្រព័ន្ធប្រសាទ  សុខភាពបេះដូង  សុខភាពចរន្តឈាម ជាដើម។

ដូច្នេះខាងក្រោមនេះជាអត្ថប្រយោជន៍សុខភាពទាំង ៤យ៉ាងទទួលបានពីការពិសាស្រាក្រហមក្នុងបរិមាណមួយល្មម(១កែវ)៖

១. ជំរុញសុខភាពបេះដូង

សារធាតុពិសេសមួយចំនួនទទួលបានពីស្រាក្រហម ត្រូវបានគេរកឃើញថា ពួកវា បានចូលរួមចំណែកក្នុងការកាត់បន្ថយនូវសារធាតុកូលេស្តេរ៉ុលមិនល្អមាននៅតាមសរសៃឈាម  ការពារពីការប្រមូលផ្តុំសារធាតុខ្លាញ់នៅតាមរន្ធសរសៃឈាម ដែលសុទ្ធតែជាកត្តាជួយដល់ការរក្សាសំពាធឈាមឲ្យនៅធម្មតា។  ជាហេតុនាំឱ្យហានិភ័យនៃការវិវឌ្ឍជំងឺមួយចំនួនទាក់ទងនឹងបេះដូងមានតិចតួចមែនទែន រាប់តាំងពីជំងឺគាំងបេះដូង ជំងឺក្រិនសរសៃឈាម និងជាពិសេសជំងឺដាច់សរសៃឈាមខួរក្បាល។ នេះបើយោងទៅតាមការសិក្សាស្រាវជ្រាវជាច្រើនអំពីឥទ្ធិពលនៃស្រាក្រហមមកលើសរីរាង្គបេះដូង។

រូបតំណាង

២. ប្រឆាំងនឹងជាតិពុល

ដូចគ្នាផងដែរ ស្រាក្រហមមានផ្ទុកនៅសារធាតុពិសេសម៉្យាង (Resveratrol) ដែលគេរកឃើញថា វាដើរតួនាទីក្នុងការប្រឆាំងសារធាតុពុល ឬហៅថាម៉ូលេគុលសេរី ដែលសារធាតុពុលនេះ អាចមានឥទ្ធិពលអវិជ្ជមានមកលើកោសិកានៃរាងកាយយើង ដោយធ្វើឱ្យខូចនូវទ្រង់ទ្រាយ និងដំណើរការនៃកោសិកា។  វាក៏ជាដើមហេតុនៃជំងឺទូទៅជាច្រើនទៀតក្នុងរាងកាយយើងដូចជា ជំងឺឈឺរ៊ាំរ៉ៃ ជំងឺបេះដូង ជំងឺសន្លាក់ដៃជើង និងជាពិសេសជំងឺមហារីកទៀតផង។

ដូច្នេះការពិសាស្រាក្រហម "មួយថ្ងៃត្រឹមតែមួយកែវគត់" នឹងជួយការពារអ្នកពីការបំផ្លាញដោយសារធាតុសរីរាង្គទាំងឡាយ។

រូបតំណាង

៣. គ្រប់គ្រងកម្រិតជាតិស្ករ

អ្នកដឹងទេថាការពិសាស្រាក្រហម មានឥទ្ធិពលវិជ្ជមានទៅលើដំណើរការនៃការស្រូបជាតិស្ករពីប្រព័ន្ធរំលាយអាហារ (ពោះវៀន) ចូលក្នុងចរន្តឈាមដោយការបន្ថយនូវសកម្មភាពនៃអង់ស៊ីមពិសេសម៉្យាងដែលដើរតួនាទីជាចំបងក្នុងការភ្ញោចឲ្យចាប់យកម៉ូលេគុលស្ករចូលក្នុងសរសៃឈាម។   ហេតុនេះហើយស្រាក្រហម គឺជាភ្នាក់ងារពិសេស ក្នុងការជួយរក្សាកម្រិតជាតិស្ករក្នុងឈាមឲ្យនៅក្នុងកម្រិតមួយធម្មតា បើទោះបីជាលោកអ្នកទទួលទានអាហារដែលសំបូរជាតិស្ករក៏ដោយ។ ជាពិសេស វាល្អយ៉ាងខ្លាំងសម្រាប់បុគ្គលមានជំងឺទឹកនោមផ្អែម។

រូបតំណាង

៤. ប្រឆាំងនឹងជំងឺវង្វេងវង្វាន់

ដូចបានរៀបរាប់ពីខាងលើមក សារធាតុពិសេសប្រឆាំងនឹងជាតិពុលនេះ មិនត្រឹមតែការពារសរីរាង្គនៅតួខ្លួនយើងប៉ុណ្ណោះទេ ប៉ុន្តែវាថែមទាំងការពារការខូចខាត និងការបាត់បង់នៃកោសិកាណឺរ៉ូនប្រសាទនៃខួរក្បាល ដែលដើរតួនាទីសំខាន់បំផុត ក្នុងដំណើរការនៃការគិតពិចារណា ការចងចាំ និងការធ្វើចលនាទាំងឡាយ។  ដោយសារមេកានិចវិជ្ជមានមួយនេះហើយ ធ្វើឲ្យស្រាក្រហមក្លាយជាថ្នាំបង្ការនៃការវិវឌ្ឍន៍ជំងឺទាក់ទងនឹងខួរក្បាលដូចជា ជំងឺវង្វេងវង្វាន់ និង ជំងឺបាត់ការចងចាំ ជាដើម៕

រូបតំណាង

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]