អង់គ្លេស៖ ក្លិបបាល់ទាត់ហ្សងក្រហម Liverpool បាន​ដាក់​សំណើ​ជាថ្មីដើម្បីទិញ​យក អ្នកចាំទី Alisson Becker ពី​ក្លិប Roma ក្នុងតម្លៃមួយមិន​គួរ​ឲ្យ​ជឿ គឺ​ប្រមាណជា ៦២​លាន​ផោន​ (ជាង ៨២ លានដុល្លារអាមេរិក) ដែលជា​តម្លៃ​មួយ​ខ្ពស់បំផុត​ក្នុងប្រវត្តិសាស្រ្តមិន​ធ្លាប់​មាន​សម្រាប់​អ្នក​ចាំ​ទី។​

Alisson Becker

គួររម្លឹកថា កំណត់ត្រា​ចាស់ដែលថ្លៃ​បំផុត​របស់​អ្នក​ចាំទី​ Gianluigi Buffon កាល​ពី​១៧​ ឆ្នាំ​មុន​ដែល​រូបគេបានផ្ទេរ​ពីក្លិប​ Parma ទៅ​កាន់ក្លិប Juventus ក្នុង​តម្លៃ​ ៣២,៦​លាន​ផោន​(ជាង ៤២ លានដុល្លារអាមេរិក) ហើយ​ក្រោយ​មក​ត្រូវ​បំបែក​ដោយ​ Ederson ដែល​ផ្ទេរ​ពី​ក្លិប Benfica ទៅ​ Manchester City ក្នុង​តម្លៃ​ ៣៤,៩​លាន​ផោន(ជាង ៤៥ លានដុល្លារអាមេរិក)។

បើសិនជាក្លិបហង្ស​ក្រហម​ពិតជាជោគជ័យ​ក្នុង​ការ​នាំយក​អ្នកទីក្រុមជម្រើសជាតិប្រេសុីលរូបនោះមកកាន់ទឹកដីអង់គ្លេសមែន​នោះ​ កីឡាករ​វ័យ​ ២៥ ​ឆ្នាំខាងលើ​នឹង​ក្លាយ​ជា​អ្នក​ចាំ​ទីដែលមាន​តម្លៃថ្លៃ​បំផុត​មិន​ធ្លាប់​មាន​នៅលើ​លោក។​ 

យ៉ាងណាមិញ ក្លិប​ Roma នៅមិន​ទាន់​ព្រមព្រៀង​លក់​ក្នុងតម្លៃខាងលើនោះទេ ពោលគឺក្លិបដែលមានមូលដ្ឋាន​នៅ​ទីក្រុង​រ៉ូម​មួយនេះ ទាមទារ​​រហូត​ដល់ ​៦៦ ​លាន​ផោន (ជាង ៨៦ លានដុល្លារអាមេរិក) ទើបព្រមលក់អ្នកចាំទីដែលទើបនឹងបញ្ចប់ភារកិច្ចពី World Cup ២០១៨ ថ្មីៗនេះ។​​

Alisson Becker និង Roberto Firmino

គួរឲ្យដឹងថា ក្លិប ហ្សងក្រហម Liverpool កាល​ពី​កន្លង​ទៅ​ក៏​ធ្លាប់បាន​ចាយ​លុយ​ទិញ​ ខ្សែការពារ Virgil Van Dijk ពី​ក្លិប Southampton ក្នុង​តម្លៃ​បំបែក​កំណត់ត្រា​ខ្សែ​ការពារ​ថ្លៃ​បំផុត​លើ​លោក​ផង​ដែរ គឺ​រហូត​ដល់​ ៧៥​ លាន​ផោន(ជាង ៩៨ លានដុល្លារអាមេរិក)៕

Virgil Van Dijk

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]