ចិន៖ ជារឿងដ៏គួរឲ្យហួសចិត្តជាទីបំផុត ដែលនារីវ័យក្មេងជនជាតិចិនម្នាក់ រវល់តែជក់មើលទូរស័ព្ទ ខណៈពេលកំពុងតែបើកម៉ូតូ រហូតជ្រុលក្បាលទៅបុកគូទម៉ូតូអ្នកដទៃ បណ្តាលឲ្យដួលខ្លួនឯង តែឆ្ងាញ់ត្រង់ថានៅឆ្លៀតទាញទូរស័ព្ទ ដេកចុចកណ្តាលថ្នល់ធ្វើរំភើយទៀត។

ហេតុការណ៍នេះ បានកើតឡើងនៅតាមបណ្តោយផ្លូវមួយកន្លែង ស្ថិតក្នុងទីក្រុង Taizhou ខេត្ត Zhejiang ប្រទេសចិន។ នេះបើយោងតាមការចុះផ្សាយពីសារព័ត៌មានចិន Shanghaiist ។

រូបភាពក្នុងថ្ងៃកើតហេតុ

ជាក់ស្តែង តាមរយៈសកម្មភាពក្នុងវីដេអូឃ្លីប ថតជាប់ដោយកាម៉េរាសុវត្ថិភាពតាមផ្លូវ នៅក្នុងថ្ងៃកើតហេតុ គេឃើញ នារីវ័យក្មេងជាអ្នកបើកម៉ូតូវ៉ែស្ប៉ា (ឬម៉ូតូកូនទា) ដែលមិនត្រូវបានគេស្គាល់អត្តសញ្ញាណខាងលើនោះ ហាក់រវល់អោនមើលទូរស័ព្ទរបស់នាង ទាំងធ្វេសប្រហែសក្នុងអំឡុងពេលបើកបរ ចៃដន្យស៊យធំក៏ជ្រុលទៅប៉ះគូទម៉ូតូមួយគ្រឿងទៀតនៅពីមុខនាង រហូតបណ្តាលឲ្យដួលភ្លាមៗ ត្រឡប់ត្រឡិនតែម្នាក់ឯង។ ប៉ុន្តែអ្វីដែលគួរឲ្យចាប់អារម្មណ៍ និងធ្វើឲ្យគ្រប់គ្នាហួសចិត្តនោះ នារីរងគ្រោះបែរជានៅបន្តទាញទូរស័ព្ទដៃមកចុចមើល ទាំងខ្លួនឯងដេកដួលនៅលើផ្លូវថ្នល់ធ្វើព្រងើយ។

រូបភាពក្នុងថ្ងៃកើតហេតុ

ទោះបីជាយ៉ាងណាក្តី ជាសំណាងល្អ នារីរងគ្រោះត្រូវបានគេរាយការណ៍ថា មិនបានរងរបួសធ្ងន់ធ្ងរអ្វី នៅក្នុងហេតុការណ៍នោះឡើយ។

ប៉ុន្តែយ៉ាងណាមិញ នេះក៏ជាសារមួយ ជួយដាស់តឿនដល់អ្នកបើកបរទាំងអស់ គួរណាស់ត្រូវហាមប្រាមប្រើប្រាស់ទូរស័ព្ទ គ្រឿងអេឡិចត្រូនិច ឬរបស់របរផ្សេងៗទៀត នៅក្នុងកំឡុងពេលបើកបរ ដែលបង្កជារំខាន ចៀសវាងកើតមានគ្រោះថ្នាក់ជាយថាហេតុណាមួយកើតឡើង ដូចករណីនារីរងគ្រោះខាងលើនេះ ៕

ទស្សនាវីដេអូខាងក្រោម៖   

រូបភាពក្នុងថ្ងៃកើតហេតុ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]