ចិន៖ ជារឿងត្រេកអរចំពោះក្មេងប្រុសជំទង់ជនជាតិចិនម្នាក់ ដែលត្រូវបានគេស្គាល់ និងចាត់ទុកថា មានទម្ងន់ធ្ងន់ជាងគេបង្អស់ប្រចាំប្រទេសចិន រហូតដល់ទៅជាង ៣០០គីឡូក្រាម ទីបំផុតទទួលបានការវះកាត់សម្រកទម្ងន់ បានប្រហែលពាក់កណ្តាលដោយជោគជ័យ ខណៈនៅពេលនេះកំពុងតែមានក្តីសង្ឃឹមខ្ពស់ចង់ធ្វើរឿងមួយ។

Wang Haonan មានអាយុ១៩ឆ្នាំ ជាមួយនឹងទម្ងន់ ៣៣៤គីឡូក្រាម មកពីទីក្រុង Jinan ខេត្ត Shandong ប្រទេសចិន ត្រូវបានគេដាក់រហស្សនាមឲ្យថា «China’s fattest man»«បុរសដែលធាត់ជាងគេបង្អស់ប្រចាំប្រទេសចិន» បច្ចុប្បន្នកំពុងតែញញឹម ពោរពេញដោយក្តីរំភើបរីករាយ ក្រោយស្រកទម្ងន់អស់ប្រហែល ១៥០គីឡូក្រាម ដោយឆ្លងកាត់តាមរយៈការវះកាត់។

Wang

ប៉ុន្តែបើទោះបីជាយ៉ាងនេះក្តី ប្រតិបត្តិការវះកាត់សម្រកទម្ងន់របស់ Wang គឺមិនមែនជារឿងងាយស្រួលនោះឡើយ។ ជាក់ស្តែង តាមការស្រង់សម្ដីពីក្រុមគ្រូពេទ្យវះកាត់ បានលើកឡើងថា Wang មានសន្ទស្សន៍ម៉ាសរាងកាយ (BMI) (ជារង្វាស់ ឬការគណនាពីទម្ងន់ និងកម្ពស់ ទៅតាមកម្រិតអាយុ) ដល់ទៅ ៩៦ ដែលមានន័យថា គេជាបុរសធាត់បំផុត ដែលមាន BMI ខ្ពស់ និងមិនធ្លាប់មាននៅក្នុងប្រវត្តិសាស្រ្តវះកាត់សម្រកទម្ងន់នៅក្នុងប្រទេសចិនពីមុនមកឡើយ។

បើយោងតាមប្រភពសារព័ត៌មាន បានឲ្យដឹងថា ទន្ទឹងនឹងការវះកាត់ខាងលើនេះ ត្រូវបានធ្វើឡើង ក្នុងនោះ Wang ក៏ត្រូវបានក្រុមគ្រូពេទ្យទាមទារឲ្យត្រៀមលក្ខណៈជាមុន ធ្វើយ៉ាងណាឲ្យស្រកទម្ងន់ ២៤គីឡូក្រាមក្នុងមួយខែសិន តាមរយៈការទទួលទានរបបអាហារសុខភាពត្រឹមត្រូវ និងប្រើប្រាស់វិធីវិជ្ជសាស្រ្តផ្សេងៗ (ដើម្បីឲ្យ BIM រាងថយចុះ)។ ហើយក្នុងនោះដែរ Wang ក៏បានសម្រេចចិត្តឈប់ជក់បារី ដើម្បីជួយកាត់បន្ថយដល់បញ្ហាសម្ពាធបេះដូង និងសួតរបស់គេផងដែរ។

Wang

បន្ទាប់ពីការវាយតម្លៃសម្រកទម្ងន់មុនពេលវះកាត់នេះ ឃើញថាមានប្រសិទ្ធភាពហើយនោះ ទីបំផុតកាលពីថ្ងៃអង្គារកន្លងទៅនេះ ក្រុមគ្រូពេទ្យនៅមន្ទីរពេទ្យ Shandong ក៏បានសម្រេចធ្វើការវះកាត់ (សម្រកទម្ងន់) ដោយចំណាយពេលរហូតដល់ទៅ ៦ម៉ោងឯណោះ លើប្រតិបត្តិការមួយនេះ។ ក្នុងនោះក្រុមគ្រូពេទ្យ បានវះកាត់យកចេញបួនភាគប្រាំ (៤/៥) នៃក្រពះរបស់ Wang ។

ជាលទ្ធផលនៅពេលនេះ Wang បានថយចុះនៃចំណង់អាហារ ដោយរូបគេញ៉ាំតិចៗប៉ុណ្ណោះ ប៉ុន្តែមានអារម្មណ៍ថាពេញលេញ ឬឆ្អែតតែម្តង។

ក្រុមគ្រូពេទ្យបានមានប្រសាសន៍ថា នេះជាគឺជាគោលបំណងតែមួយគត់របស់ Wang ដែលរូបគេចង់បាត់បង់ជាតិខ្លាញ់ច្រើនជាង ៨០ភាគរយ ចេញពីរាងកាយដ៏ធាត់របស់គេនេះ។ បន្ថែមលើនេះ ប្រសិនបើដំណើរល្អ Wang អាចនឹងស្រកបានច្រើនជាង ១៨០គីឡូក្រាម ក្នុងរយៈពេលកន្លះឆ្នាំបន្ទាប់ទៀត។

ជាមួយគ្នានេះដែរ Wang ក៏សង្ឃឹមថា រូបគេនឹងចាប់ផ្តើមធ្វើការហាត់ប្រាណឲ្យបានទៀងទាត់ នឹងអាចក្លាយខ្លួនជាគ្រូបង្ហាត់ប្រាណផ្ទាល់ខ្លួនម្នាក់ (ឬ Gym) នៅពេលអនាគត បន្ទាប់ពីរូបគេអាចស្រកទម្ងន់នៅសល់ក្រោម ១៥០គីឡូក្រាម ៕

ទស្សនាវីដេអូខាងក្រោម៖ 

Wang
Wang

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]