ជាការពិតមិនថាពីណាគេឡើយ សុទ្ធតែមិនចង់មានជំងឺឡើយ មិនថាក្តៅខ្លួន ឈឺ ជាពិសេសជំងឺលើសឈាមនេះហើយ។  ប៉ុន្តែមនុស្សភាគច្រើនមានទស្សនៈថា «ចាំដល់ពេលគោបាត់ ទើបធ្វើរបង»។ 

ដូចគ្នាផងដែរ លុះត្រាណាឈឺខ្លួនខ្លាំង បានចាប់ផ្តើមស្វះស្វែងគិតគូរ រកដំណោះស្រាយព្យាបាលជំងឺ។  ពិតមែនណាស់ ជំងឺលើសឈាមនឹងអាចបង្កជាផលប៉ះពាល់ជាច្រើនទៀតទៅដល់សុខភាពទូទៅយ៉ាងធ្ងន់ធ្ងរ។  បើទោះបីជាយ៉ាងណាក៏ដោយ រាល់បញ្ហាសុទ្ធតែមានដំណោះស្រាយទុកជាមុន ដើម្បីបង្ការវាពុំឲ្យកើតឡើង។

ខាងក្រោមជាផលប៉ះពាល់មួយចំនួនបណ្តាលមកពីជំងឺលើសឈាម និងវិធីសាស្ត្របង្ការជំងឺនេះ៖ 

១. ផលប៉ះពាល់

ជំងឺលើសឈាម ជាមូលហេតុមួយដ៏ចំបងនៃជំងឺដូចជា៖

* ជំងឺគាំងបេះដូង

* ជំងឺដាច់សរសៃឈាមខួរក្បាល

* ជំងឺបេះដូងរ៊ាំរ៉ៃ

* ប៉ះពាល់ដល់ភ្នែក

* មានបញ្ហាផលិតថាមពល

* ប៉ះពាល់ដល់ប្រព័ន្ធប្រសាទ ដូចជា បញ្ហាការចងចាំ

* បង្កើនហានិភ័យនៃការរហែកសរសៃឈាម 

រូបតំណាង

២. វីធីបង្ការ

ក. ការផ្លាស់ប្តូររបបអាហារ

ខាងក្រោមនេះជារបបអាហារមួយចំនួនអ្នកគួរចៀសវាងកាន់តែច្រើនកាន់តែល្អ ដើម្បីបង្ការការវិវឌ្ឍន៍នៃជំងឺលើសឈាមកាន់តែធ្ងន់ធ្ងរ៖

* ហូបគ្រឿងស្រវឹងលើសកម្រិត មិនត្រឹមតែអាចប៉ះពាល់ដល់សរីរាង្គថ្លើមប៉ុណ្ណោះទេ វាថែមទាំងអាចធ្វើឲ្យសរសៃឈាមរួមតូច  បណ្តាលឲ្យសម្ពាធឈាមកើនឡើង។ ការពិសាគ្រឿងស្រវឹងលើសចំណុះ និងញឹកញាប់ពេក អាចបណ្តាលឲ្យសម្ពាធឈាមអ្នកកើនឡើងមិនប្រក្រតីញឹកញាប់ ដែលឲ្យអ្នកវិវឌ្ឍទៅរកជំងឺលើសឈាម។

ដូច្នេះសូមលោកអ្នក កាត់បន្ថយបរិមាណនៃការពិសាគ្រឿងស្រវឹង។  ចំណាំកម្រិតដែលល្អសម្រាប់សុខភាពទទួលបានពីការពិសាគ្រឿងស្រវឹងនោះគឺត្រឹម ១កំប៉ុងកន្លះក្នុងមួយថ្ងៃតែប៉ុណ្ណោះ។

* បន្ថយអាហារសំបូរជាតិប្រៃ ជាកត្តាដ៏សំខាន់មួយក្នុងការកាត់បន្ថយហានិភ័យនៃជំងឺលើសឈាម។  នេះពុំសូវជាបញ្ហាឡើយសម្រាប់វ័យក្មេង ឬ ជំទង់  តែវាបង្កជាបញ្ហាខ្លាំងចំពោះវ័យកណ្តាល និងវ័យចាស់ ព្រោះវាជាកត្តាបណ្តាលឲ្យសម្ពាធឈាមកើនឡើង។

* កាត់បន្ថយជាតិស្ករ ក៏ចូលរួមចំណែកយ៉ាងសំខាន់ក្នុងការប្រឆាំងនឹងវិបត្តិនៃជំងឺលើសឈាមផងដែរ។ យោងតាមការសិក្សាស្រាវជ្រាវ បានបង្ហាញឲ្យឃើញថា សារធាតុផ្អែម ក៏អាចបង្កឲ្យសម្ពាធឈាមកើនឡើងដូចសារធាតុប្រៃអីចឹងដែរ ហើយជាពិសេសវាអាចផ្តល់ផលប៉ះពាល់ធ្ងន់ធ្ងរជាងជាតិប្រៃទៀតផង។

* ចៀសវាងការពិសាកាហេ្វ ឬ ភេសជ្ជៈមានផ្ទុកសារធាតុកាហ្វេអ៊ីន ច្រើនលើសកំណត់ក្នុងមួយថ្ងៃ។  ជាការពិតការពិសាសារធាតុកាហ្វេអ៊ីនច្រើន អាចធ្វើឲ្យចង្វាក់បេះដូងអ្នកដើរលឿនញាប់ខ្លាំង បណ្តាលឲ្យសម្ពាថឈាមកើនឡើងខ្លាំង។ ដូច្នេះការពិសាកាហ្វេក្នុងបរិមាណមួយល្មមសមរម្យ  នឹងល្អសម្រាប់ខ្លួនប្រាណអ្នក ហើយជាពិសេសនឹងមិនបង្កជាបញ្ហាលើសឈាមឡើយ។

ខ. ការផ្លាស់ប្តូររបៀបរស់នៅ

* បង្កើនភាពសកម្មនៃរាងកាយតាមរយៈការហាត់ប្រាណ និងលេងកីឡា យ៉ាងតិចណាស់៣ដង ក្នុងមួយសប្តាហ៍ដែរ។  បើលោកអ្នករវល់ខ្លាំង ការដើរត្រឹមតែ ៣០នាទីក្នុងមួយថ្ងៃ ក៏អាចជួយកាត់បន្ថយហានិភ័យនៃបញ្ហានេះផងដែរ។

* កាត់បន្ថយស្ត្រេស ជាកត្តាមួយដ៏សំខាន់ដែរ ពីព្រោះនៅពេលយើងស្ត្រេសញឹកញាប់ វាមិនត្រឹមតែធ្វើឲ្យចង្វាក់បេះដូងដើរញាប់ សម្ពាធឈាមកើនឡើងនោះទេ វាថែមទាំងប៉ះពាល់យ៉ាងខ្លាំងទៅដល់សរីរាង្គដទៃទៀតនៃរាងកាយយើង តាំងពីខួរក្បាល ក្រពះ តម្រងនោម ជាដើម។

ដូច្នេះបើអាចលោកអ្នកគប្បីព្យាយាមរកពេលវេលាសម្រាប់លំហែកាយ និងសម្រាកខួរក្បាលពីកិច្ចការបន្ទុកប្រចាំថ្ងៃខ្លះផង។

* កត្តាបន្ថែមផ្សេងទៀត មានដូចជា បរិភោគអាហារបំប៉នដូចជា ខ្លាញ់ត្រី Omega 6, ធ្វើការណាត់ជួប និង ពិនិត្យសុខភាពយ៉ាងតិចណាស់ក៏ឲ្យបាន ម្តងក្នុង១ឆ្នាំដែរ, ឧស្សាហ៍តាមដានសម្ពាធឈាម, និងរបបអាហារដែលមានលំនឹង ពោលគឺមិនផ្អែមច្រើនពេក មិនប្រៃច្រើនពេក៕

ការតាំងសមាធិ ល្អសំរាប់រក្សានៅសំពាធឈាម
ការផ្លាស់ប្តូូររបបអាហារ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]