អង់គ្លេស៖ អតីតវីរបុរសរបស់ក្រុមជម្រើសជាតិអង់គ្លេសលោក Rio Ferdinand បានលើកឡើងថា Lionel Messi និង Cristiano Ronaldo ប្រហែលជាដល់ពេលដែលពួកគេត្រូវប្រគល់ម្កុដមាសក្នុងនាមជាកីឡាករល្អបំផុតនៅក្នុងពិភពលោកទៅឲ្យខ្សែប្រយុទ្ធវ័យក្មេងរបស់បារាំង Kylian Mbappe ជាអ្នកកាន់វិញម្តងហើយ។

Rio Ferdinand

ខ្សែប្រយុទ្ធវ័យ ១៩ ឆ្នាំរូបនេះជាអ្នករកបានគ្រាប់ទី ៤ ក្នុងព្រឹត្តិការណ៍ FIFA World Cup 2018 វគ្គផ្តាច់ព្រ័ត្រនេះផងដែរ ពេលដែលក្រុមជម្រើសជាតិបារាំងបានផ្ដួលក្រូអាតក្នុងលទ្ធផល ៤-២ នៅរដ្ឋធានីមូស្គូកាលពីយប់មិញនេះ ដោយរូបគេបានឈ្នះពានរង្វាន់ជាកីឡាករវ័យក្មេងដ៏ឆ្នើមបំផុតក្នុងព្រឹត្តិការណ៍បាល់ទាត់ពិភពលោកឆ្នាំ ២០១៨ នេះ។

បន្ទាប់ពីបញ្ចប់ការប្រកួតលោក Ferdinand បាននិយាយថា៖ «Mbappe ជាកីឡាករដែលនឹងឈរនៅលើវេទិកាដើម្បីកាន់ពានរង្វាន់ Ballon d’Or នៅក្នុងឆ្នាំខាងមុខនេះ។ ខ្ញុំក៏សង្ឃឹមដែរថាគេអាចនឹងមកលេងជាមួយក្លិបចាស់របស់ខ្ញុំដែលពួកគេកំពុងតាមប្រមាញ់កីឡាកររូបនេះជាច្រើនដង។ គេមានទំនាក់ទំនងល្អជាមួយ Paul Pogba ដូច្នេះ Manchester United នឹងបើកទ្វារផ្ទះចាំទទួលរូបគេជានិច្ច។ ហើយគេនឹងមានឧកាសច្រើនជាងនេះដើម្បីឈ្នះពាន Ballon d’Or»។

Kylian Mbappe

គួរឲ្យដឹងថា អតីតវីរបុរសក្រុមជម្រើសជាតិអាល្លឺម៉ង់លោក Jurgen Klinsmann ក៏បាននិយាយផងដែរថា៖ «កីឡាករ Kylian Mbappe នៅមានសក្ដានុពលជាច្រើនទៀតដែលគេមិនទាន់បញ្ចេញមកអស់ ហើយខ្ញុំសង្ឃឹមថាគេអាចនឹងខិតខំជាបន្តទៅទៀតដើម្បីឈ្នះ Ballon d’Or។ គេជាខ្សែប្រយុទ្ធដែលកំពុងអង្រួនទីផ្សារជាខ្លាំង ទោះបីជាគេនៅមានវ័យទើបតែ ១៩ ឆ្នាំក្តី។ ខណៈដែល Ronaldo បានផ្លាស់ទៅ Juventus បាត់ទៅហើយចំណែក Neymar វិញក៏ត្រូវបានក្លិបផ្សេងៗកំពុងទាក់ទងផងដែរ ដូច្នេះខ្ញុំគិតថាគេជាអ្នកដែលស្នងដំណែងនេះយ៉ាងស័ក្ដិសមបំផុត»។

សូមបញ្ជាក់ថាខ្សែប្រយុទ្ធ Cristiano Ronaldo កំពុងតែមានវ័យកាន់តែជ្រែហើយពោលគឺនៅក្នុងឆ្នាំនេះគេមានអាយុ ៣៣ ឆ្នាំទៅហើយ ខណៈដែល Messi វិញក៏ឈានដល់មានវ័យ ៣១ ឆ្នាំដែរ ប៉ុន្តែពួកគេធ្លាប់ត្រូវបានចាត់ទុកថាជាកីឡាករល្អបំផុតក្នុងពិភពលោកជាង ១ ទសវត្សរ៍ចុងក្រោយនេះ ជាមួយនឹងការឈ្នះពាន Ballon d’Or ម្នាក់ ៥ ដងរួចមកនោះ៕

Kylian Mbappe

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]