(ភ្នំពេញ)៖ ស្ទើរតែជារឿងមួយមិនគួរឲ្យជឿ ខណៈដែលបន្ទាប់ពីបានដឹងថា អតីតតារាចម្រៀងលោក ចាន់ សម័យ បានធ្លាក់ខ្លួនដើរស្ទូចត្រីនៅតាមមាត់ទន្លេ យកមកធ្វើជាម្ហូបអាហារផ្គត់ផ្គង់ជីវភាពប្រចាំថ្ងៃនោះ មានសប្បុរសជនជាច្រើន បានឧបត្ថម្ភ និងផ្ដល់ជំនួយយ៉ាងច្រើនគួរសម មានទាំងសប្បុរសជននៅក្នុងស្រុក និងក្រៅស្រុក បានផ្ដល់សម្ភារៈប្រើប្រាស់ប្រចាំ រួមទាំងថវិកា ជូនដល់រូបលោក។

ទន្ទឹមនឹងលេចឮដំណឹងថា មានការផ្ដល់ជំនួយជូនលោក ចាន់ សម័យ អតីតតារាសម្ដែងលោក សោ ពន្លឺ (តួអង្គ គួ ចាលើយ) ដែលត្រូវបានគេស្គាល់ថា ធ្លាប់បានសម្ដែងនៅក្នុងរឿង F4 ក៏បានបរិច្ចាគថវិកាប្រមាណ ១០០ដុល្លារ ជូនដល់ម្ចាស់បទ «មិនស្រឡាញ់អូនមិនបាន» ដោយថវិកាមួយនេះ ផ្ញើរផ្ទាល់មកប្រទេសកម្ពុជា។

អ្នកនាង ស៊ិន ឧត្ដមផល្លា បានប្រាប់ឲ្យដឹងតាមរយៈគណនីហ្វេសប៊ុកថា «លោក សោ ពន្លឺ អតីតតារាសម្ដែងក្នុងទសវត្សរ៍ ២០០០ លោកគឺជាតួអង្គ គួចាលើយខ្មែរ ក្នុងបទចម្រៀង (មិនស្រឡាញ់អូនមិនបាន F4) បច្ចុប្បន្ននេះលោកកំពុងតែរស់នៅក្នុងប្រទេស អូស្ត្រាលី លោកបានផ្ញើថវិកាចំនួន 100$ ជូនចំពោះលោក ចាន់ សម័យ»។

គ្រាន់តែបានជ្រាបដំណឹងមួយនេះភ្លាម គេក៏បាននឹកឃើញទៅដល់រឿងដ៏ល្បីល្បាញ នាទសវត្សន៍ទៅ២០០០ ដែលជាឆ្នាំកំពុងផ្ទុះខ្លាំង ជាមួយនឹងរឿង «F4» ដោយកម្ពុជា បានយកខ្សែភាពយន្តមួយនេះ មកសម្ដែងសារឡើងវិញ ពីប្រទេសចិន។ ជាមួយគ្នានេះផងដែរ ទន្ទឹមនឹងទទួលបានការគាំទ្រខ្លាំង និង មានភាពល្បីល្បាញ គេក៏បានស្គាល់តារាសម្ដែងប្រុស៤ ដួង ដោយលោក សោ ពន្លឺ គឺជាតារាមួយរូប ស្ថិតនៅក្នុងរឿងមនោសញ្ចេតនាមួយនេះ។ រហូតមកទល់ពេលនេះ ទស្សនិកជន នៅមិនទាន់ភ្លេចនូវមុខរបស់លោកឡើយ ខណៈបច្ចុប្បន្ន លោកកំពុងរស់នៅប្រទេសអូស្រ្ដាលី ជាមួយក្រុមគ្រួសារ។

ជាការកត់សម្គាល់ រយៈពេលប៉ុន្មានថ្ងៃមកនេះ លោក ចាន់ សម័យ ហាក់ធ្វើឲ្យអ្នកសិល្បៈ និងមហាជន-អនិកជនគ្រប់ទិសទី មានភាពឆោឡោរ និង ភ្ញាក់ផ្អើលជាខ្លាំង ដោយមិននឹកស្មានថា សភាពរបស់លោក ក្នុងពេលបច្ចុប្បន្ននេះ មានភាពទ្រុឌទ្រោម យ៉ាប់យ៊ឺន ថែមទាំងមានបៀមជំងឺរ៉ាំរ៉ៃឆ្អឹងរបេងឆ្អឹងជើង ធ្វើឲ្យគេមើលទៅពិតជាពិបាកទ្រាំ មិនជួយមិនបាន ខណៈរូបលោកក៏ធ្លាប់ជាតារាទទួលបានប្រជាប្រិយភាព ជាពិសេសគឺបទចម្រៀងរបស់លោកផ្ទាល់តែម្ដង៕

សោ ពន្លឺ
សាររបស់ ស៊ិន ឧត្តមផល្លា
ចាន់ សម័យ
ចាន់ សម័យ

ប្រភព៖ khmertalking

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]