អង់គ្លេស៖ ក្រុម Chelsea បានចំណាយប្រាក់ជាង១២លានដុល្លាអាមេរិកដើម្បីបណ្តេញគ្រូបង្វឹក Antonio Conte ចេញពីដំណែង ក្រោយពីភាគីទាំងពីរបានមានភាពរកាំរកូសជាមួយគ្នាជាង៧ខែមកហើយ។

ទំនាក់ទំនងរវាងគ្រូបង្វឹកសញ្ជាតិអ៊ីតាលី និងម្ចាស់ក្លិប Chelsea លោក Roman Abramovich កាន់តែធ្លាក់ទៅក្នុងភាពស្រពេចស្រពិលខ្លាំងក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ ដោយសារតែមានការទាស់សម្តីគ្នាជាច្រើនរវាងភាគីទាំងសងខាង។ 

គ្រូបង្វឹក Conte និងម្ចាស់ក្លិប Abramovich

បើយោងតាមសារព័ត៌មានជាច្រើនបានឲ្យដឹងថា កាលពីម្សិលមិញ ក្រុម Chelsea បានសម្រេចចិត្តចែកផ្លូវគ្នាជាមួយគ្រូបង្វឹក Antonio Conte ក្រោយពីក្លិបតោខៀវមួយនេះបានធ្លាក់ទម្រង់លេងជាខ្លាំងនៅក្របខ័ណ្ឌ Premier League ក្នុងរដូវកាលនេះ ក្រោយពីពួកគេទើបតែក្លាយជាជើងឯកក្របខ័ណ្ឌមួយនេះនៅឆ្នាំមុនប៉ុណ្ណោះ។

ខណៈនេះដែរ ក្លិប Chelsea ក៏បានសម្រេចចិត្តចំណាយជាង១២លានដុល្លារអាមេរិកទៅឲ្យគ្រូបង្វឹកវ័យ៤៨ឆ្នាំរូបនេះផងដែរ ដោយសារតែនៅក្នុងកុងត្រារបស់លោកបានបញ្ជាក់អំពីប្រាក់សំណងនៅពេលដែលក្លិបបណ្តេញលោកចេញពីដំណែងមុនការផុតកំណត់របស់កុងត្រា ហើយការចាកចេញរបស់លោកនឹងត្រូវបានក្លិបប្រកាសជាសាធារណៈនៅរយៈប៉ុន្មានថ្ងៃខាងមុខទៀតនេះ។ 

គួរឲ្យដឹងថា អតីតគ្រូបង្វឹករបស់ក្រុម Napoli លោក Maurizio Sarri បានក្លាយទៅជាបេក្ខជននាំមុខគេ ដែលក្រុមតោខៀវអាចនឹងនាំលោកមកបង្វឹកនៅទឹកដី Stamford Bridge នារដូវកាលក្រោយ៕

លោក Maurizio Sarri

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]