បារាំង៖ អ្នក​ចាំ​ទីក្រុមជម្រើសជាតិបារាំងកីឡាករ Hugo Lloris បាន​រំលឹក​ថាការ​ចាញ់​របស់​បារាំង​ក្នុង​វគ្គ​ផ្ដាច់ព្រ័ត្រ Euro កាល​ពី​ឆ្នាំ​ ២០១៦ កន្លងទៅ គឺជាមេរៀនមួយដែលអាចឲ្យមិត្ត​រួម​ក្រុមរបស់គេ បន្ត​យក​ចិត្ត​ទុក​ដាក់បន្ថែមទៀតព្រោះពួកគេមិនចង់ឲ្យប្រវត្តិសាស្រ្តដ៏អាក្រក់នោះកើតឡើងម្តងទៀតនោះទេ។

Hugo Lloris

ប្រធានក្រុមជម្រើសជាតិបារាំងរូបនេះ បាន​ថ្លែង​ប្រាប់​អ្នក​សារព័ត៌មាន​ថា៖ «ខ្ញុំមានអារម្មណ៍​ដូចជាអស្ចារ្យ​ខ្លាំងណាស់ ដែល​យើង​អាចឡើង​មកដល់​វគ្គ​ផ្ដាច់ព្រ័ត្រ World Cup ២០១៨ បានប៉ុន្តែ​យើង​ធ្លាប់​ចាញ់​វគ្គ​ផ្ដាច់ព្រ័ត្រ​ម្ដង​រួចមកហើយ​កាល​ពី​ ២ឆ្នាំ​មុន ដូច្នេះ​ហើយមេរៀនទាំងនេះទើបយើងមានថ្ងៃនេះ តែពួកយើងក៏​ត្រូវ​បន្ត​យក​ចិត្ត​ទុក​ដាក់​ឲ្យ​មែន​ទែនព្រោះក្រូអាតជាក្រុមខ្លាំងមួយ»។

អ្នក​ចាំ​ទីក្លិប Tottenham Hotspur រូបនោះក៏បាន​បន្តថា៖ «ការ​ជឿ​ជាក់លើខ្លួនឯង​គឺ​ជា​រឿង​មួយដ៏សំខាន់។ ក្នុង​​ជម្រើស​ជាតិ កម្រិត​នៃ​ការ​ជឿ​ជាក់ គឺត្រូវតែ​មាន​ភាព​ប្រកដប្រជាមួយ។ យើង​នៅ​សល់ការ​ប្រកួតមួយ​ទៀត​ក្នុង​កម្មវិធី ហើយ​ប្រកួត​នោះគឺ​សំខាន់​ណាស់ ក្នុង​អាជីព​ជាអ្នកចាំទីរបស់​ខ្ញុំ»។

Hugo Lloris

គួរឲ្យដឹងផងដែរថា Lloris ក៏ថាទោះបីជាពួកគេមាន​កីឡាករ​ក្មេងៗ​ជា​ច្រើន​ក្នុង​ក្រុម​ជម្រើស​ជាតិ​បារាំង​ក្នុងពេលបច្ចុប្បន្នមែន តែ​ស្តាយដែលពួកគេមិន​បាន​ចូល​រួម​លេង​ក្នុង Euro ២០១៦ កុំគេមិនចាញ់នោះទេ។ 

អ្នកចាំទីរូបនេះថា​ គេនឹងអាច​ប្រើ​ប្រាស់​បទ​ពិសោធន៍​ក្នុង​ផ្លូវ​វិជ្ជមានរបស់គេដើម្បីធ្វើការណែនាំ​ដល់​កីឡាករ​ក្មេងៗ​ក្នុង​ក្រុម​ទាំង​អស់ ដើម្បីលើកពានឲ្យបានក្នុងឆ្នាំ ២០១៨ នេះ។

សូមបញ្ជាក់ថា កាល​ពីព្រឹត្តិការណ៍បាល់ទាត់ Euro ២០១៦ ដែលធ្វើឡើងក្នុងទឹក​ដី​របស់ពួកគេនោះ បារាំង​បាន​ចាញ់​ក្រុមជម្រើសជាតិព័រទុយហ្គាល់​ក្នុង​លទ្ធផល ១-០ ក្នុង​វគ្គ​ផ្ដាច់ព្រ័ត្រកាលពី ២ឆ្នាំមុន ហើយការប្រកួតវគ្គផ្តាច់ព្រ័ត្រក្នុងព្រឹត្តការណ៏បាល់ទាត់ពិភពលោកនេះវិញបារាំង នឹងត្រូវប៉ះក្រុមកំពុងឡើងជើងក្រូអាតនៅថ្ងៃទី ១៥ ខែកក្កដាខាងមុខនេះ៕

Hugo Lloris

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]