មនុស្សស្រីជាច្រើនដែលស្រលាញ់សម្រស់សរសៃសក់ ប្រាកដជាមិនអាចបំភ្លេចបាននោះទេ នូវផលិតផលថែរក្សាសក់ម្យ៉ាងនោះគឺ សាប៊ូបន្ទន់សរសៃសក់ ឬសាប៊ូអប់សក់ ព្រោះក្រៅពីកក់សាប៊ូធម្មតារួចហើយ ដើម្បីសុខភាពសរសៃសក់ និងធ្វើឱ្យសក់កាន់តែរឹងមាំ មិនងាយដាច់ខូចនោះ ត្រូវតែលាប ឬលាងសាប៊ូបន្ទន់សរសៃសក់បន្ថែមមួយជាន់ទៀត។

តែអ្វីដែលនឹកស្មានមិនដល់នោះ សាប៊ូអប់សក់មួយនេះ មិនមែនត្រឹមតែអាចប្រើប្រាស់សម្រាប់សរសៃសក់ទេ តែវាត្រូវបានគេរកឃើញថា មានប្រយោជន៍ច្រើនផងដែរ នៅក្នុងការរស់នៅប្រចាំថ្ងៃ ប្រសិនយើងចេះកែច្នៃវានោះ។

ដូច្នេះមកតាមដានទាំងអស់គ្នាថា ក្រៅពីអាចធ្វើឱ្យសរសៃសក់មានសុខភាពល្អ តើសាប៊ូបន្ទន់សក់អាចជួយបានអ្វីខ្លះ៖

សាប៊ូបន្ទន់សរសៃសក់

១.ថែរក្សាស្បែកជើង

ស្នាម ឬជាការប្រឡាក់ពណ៌កខ្វក់ផ្សេងៗនៅលើស្បែកជើងរបស់អ្នកប្រាកដជារំខានអារម្មណ៍អ្នកហើយមែនទេ? កុំបារម្ភ គ្រាន់តែយកសាប៊ូបន្ទន់សរសៃសក់ក្នុងបរិមាណសមល្មម មកលាបឱ្យសព្វលើស្បែកជើងរបស់អ្នកមុននឹងចេញក្រៅ នោះនឹងអាចបង្ការស្នាមឆ្កួត និងស្នាមប្រឡាក់លើស្បែកជើងបានជាមិនខាន។

២.ធ្វើឱ្យសំលៀកបំពាក់រលុងជាងមុន

ប្រសិនជាអាវធំ ឬអាវរោមសាច់របស់អ្នកស្រាប់តែរាងតឹងណែនជាងមុនបន្តិចនោះ អ្នកគ្រាន់តែត្រាំសំលៀកបំពាក់នោះនៅក្នុងទឹក និងបន្ថែមសាប៊ូបន្ទន់សរសៃសក់១ស្លាបព្រា រួចទុកចោលឱ្យវាជោគសព្វខោអាវ ហើយបោកញីវាតិចៗនោះ សំលៀកបំពាក់ប្រាកដជារលុង ងាយពាក់ ថែមទាំងទន់ជាងមុនជាមិនខាន។ 

៣.ចិញ្ចៀនរឹបម្រាមដៃ

ក្នុងករណីចិញ្ចៀនរបស់អ្នក ស្រាប់តែចង្អៀតជាប់នឹងម្រាមដៃនោះ គ្រាន់តែយកក្រែមបន្ទន់សរសៃសក់មកលាបឱ្យសព្វជុំវិញចិញ្ចៀនជាការស្រេច នោះវានឹងត្របូតចេញមកវិញឯងហើយ។

៤.ជំនួសខ្លាញ់លាបទ្វារ

ទ្វារ ឬបង្អួចប្រើយូរៗទៅវានឹងស្ងួត ហើយបង្កជាសំឡេងរំខានជាមិនខាន។ ដូច្នេះគ្រាន់តែអ្នកយកសាប៊ូបន្ទន់សក់មកលាបលើសន្ទះគន្លឹះទ្វារ ឬបង្អួចនោះ (ត្រចៀកទ្វារ) សំឡេងរំខានងឺតៗនឹងលែងមាន ថែមទាំងមានក្លិនក្រអូបថែមទៀតផង ដោយមិនមានក្លិនអាក្រក់ដូចជាយកប្រេងធម្មតាមកលាបត្រចៀកទ្វារនោះទេ។

ជួយថែរក្សាស្បែកជើង និងចិញ្ចៀនដែលរឹបម្រាមដៃ

៥.ជូតគ្រឿងសម្អាង(Make up)

ក្នុងករណីអ្នកមិនមាន ឬអស់ផលិតផលជូតគ្រឿងសម្អាង ហើយត្រូវជូតចេញជាបន្ទាន់នោះកុំព្រួយ សាប៊ូអប់សក់ ឬសាប៊ូបន្ទន់សរសៃសក់អាចជួយអ្នកបាន។ គ្រាន់តែយកដុំសម្លីជ្រលក់ ឬលាបសាប៊ូបន្ទន់សក់ ក្នុងបរិមាណសមល្មមយកមកជូតគ្រឿងម្សៅលើផ្ទៃមុខចេញជាការស្រេច។

៦.សម្អាតជក់ផាត់មុខ

សាប៊ូបន្ទន់សរសៃសក់អាចយកមកប្រើការជំនួសសាប៊ូធម្មតាបាន ដើម្បីត្រាំ និងលាងសម្អាតជក់ផាត់មុខរបស់អ្នកឱ្យកាន់តែស្អាត និងអស់ភាពកខ្វក់បានល្អ។

ជួយជូតគ្រឿងសម្អាង និងជក់ផាត់មុខ

៧.សក់រញ៉េរញ៉ៃ

ប្រសិនជាសក់របស់អ្នកចេះតែហើរ ប៉ើងតាមខ្យល់ ឬសល់កូនសក់ច្រើននោះ អ្នកគ្រាន់តែយកផលិតផលសាប៊ូបន្ទន់សរសៃសក់មកញីនឹងដៃ រួចលាបលើសសៃសក់បន្តិចនោះ សក់របស់អ្នកប្រាកដជារាបជាប់ល្អ និងមិនរញ៉េរញ៉ៃដូចមុនទេ។

៨.សក់ជំពាក់ ឬសំពោង

បើសក់របស់អ្នកស្រាប់តែធំសំពោង ថែមទាំងជំពាក់គ្នាពិបាកសិតនោះ អ្នកអាចលាយសាប៊ូបន្ទន់សក់ ជាមួយនឹងសក់ក្នុងបរិមាណ ១ភាគ៩ រួចច្រកទុកក្នុងដប ហើយបាញ់លើសរសៃសក់ ។ បន្ទាប់មកយកក្រាស់មកសិតតាមធម្មតា នោះអ្នកនឹងសង្កេតឃើញថាសរសៃសក់របស់អ្នកទន់ស្រួលសិតជាងមុនមិនខាន។

ជួយដល់សសៃសក់

៩.ជួយសម្អាតប្រអប់ដៃ

ប្រសិនជាអ្នកបោកខោអាវដោយដៃ នឹងធ្វើឱ្យដៃរបស់ឈឺ របួស ក្រហម និងរអិលៗជាមិនខាន។ ដូច្នេះអ្នកអាចយកសាប៊ូបន្ទន់សក់មកលាងដៃ ជាមួយនិងទឹកបន្តិច ចាំជូតនឹងក្រណាត់ស្ងួតឱ្យស្អាត នោះអ្នកនឹងឃើញថាដៃរបស់អ្នកទន់ជាងមុខមិនខាន។

១០.ផលិតផលសម្រាប់ស្បែក

សាប៊ូបន្ទន់សក់អាចយកមកជំនួសផលិតផលសម្រាប់ងូតទឹកបានច្រើនយ៉ាង ដូចជា យកប្រើប្រាស់ជាសាប៊ូដុសខ្លួន ប្រេងជំនួយស្បែក សាប៊ូផ្តល់សំណើម និងការពារស្បែកស្ងួត ថែមទាំងធ្វើឱ្យស្បែករបស់អ្នកទាន់រលោងស្អាតផងដែរ។

១១.កម្ចាត់ស្អិតៗនៃបង់បិទដំបៅពីស្បែក

ប្រសិនជាអ្នកមានបិទបង់បិទដំបៅ បង់សឺរ៉ូម ឬជាប្រភេទកៅអៀកផ្សេងៗនោះ នៅពេលដែលបកចេញមកវិញវានឹងបន្សល់ស្អិតៗជាប់ស្បែក ថែមទាំងអាចបង្កជាខ្មៅអាក្រក់មើលផងដែរប្រសិនជាជូតវាមិនទាន់ជ្រះនោះ។ តែកុំបារម្ភ គ្រាន់តែយកសាប៊ូបន្ទន់សក់មកលាប និងដុសថ្នមៗ របស់ស្អិតៗទាំងនោះនឹងបាត់អស់ជាមិនខាន។

១២. ជំនួយគល់ក្រចក

ប្រសិនជាសាច់គល់ក្រចករបស់អ្នកមានការឈឺចាប់ និងមានដុះសាច់ក្រចកថែមទៀតនោះ (ត្រចៀកក្រាញ់) ដើម្បីបន្ថយការឈឺចាប់ មុននឹងធ្វើការកាត់ចេញនោះ អ្នកគ្រាន់តែយកសាប៊ូបន្ទន់សរសៃសក់មកលាបត្រង់តំបន់ដែលមានបញ្ហានេះបន្តិចដើម្បីផ្តល់សំណើមជាការស្រេច។

១៣.ក្រែមជំនួយកោររោម

ប្រសិនជាក្រែមផ្តល់សំណើម ឬក្រែមបន្ទន់ស្បែកសម្រាប់ប្រើប្រាស់នៅក្នុងការកោររោមជើងរបស់អ្នកអស់ មិនបាច់បារម្ភនោះទេ អ្នកអាចយកសាប៊ូបន្ទន់សក់មកជំនួសបាន។

ជួយជំនួសផលិតផលងូតទឹកច្រើនយ៉ាង

១៤.ជួយផ្តល់ក្លិនក្រអូបក្នុងបន្ទប់

ចង់ឱ្យបន្ទប់មានក្លិនក្រអូបងាយទេ អ្នកអាចលាយសាប៊ូបន្ទន់សក់ ជាមួយនឹងទឹកក្នុងបរិមាណ ១ភាគ៩ រួចច្រកទុកក្នុងដបទុកដូចដែលបានរៀបរាប់ខាងលើ។ បន្ទាប់មកម្តងនេះ អ្នកអាចយកទឹកមួយដបនេះដើរបាញ់តាមកន្លែងណាដែលអ្នកចង់ឱ្យវាមានក្លិនក្រអូបបានដូចជា ក្នុងផ្ទះ បន្ទប់គេង លើវាំងនន និងគ្រឿងសង្ហារិមផ្សេងៗក៏បានដែរ។

១៥.ផ្តល់ក្លិនក្រអូបដល់សំលៀកបំពាក់

ប្រសិនជាអ្នកអស់ទឹកក្រអូបបោកខោអាវមិនបាច់បារម្ភទេ អ្នកគ្រាន់តែយកសាប៊ូបន្ទន់សក់មកប្រើប្រាស់ជំនួសជាការស្រេច ។ មិនត្រឹមតែជួយធ្វើឱ្យសំលៀកបំពាក់មានក្លិនក្រអូបនោះទេ ថែមទាំងធ្វើឱ្យសាច់ក្រណាត់ទន់ទៀតផង។

ជួយធ្វើឱ្យបន្ទប់មានក្លិនក្រអូប

១៦.កាកដែលស្ទះរន្ធលាងដៃ ឬលាងចាន

កន្លែងដែលអ្នកលាងដៃ ឬកន្លែងលាងចាន ប្រើយូរៗវាប្រាកដជាមានការកកស្ទះនូវកាកសំណល់ផ្សេងជាមិនខាន ពេលនេះមិនបាច់បារម្ភច្រើនទេ។ ជាដំបូងគ្រាន់តែ ចាក់សាប៊ូបន្ទន់សក់ក្នុងបរិមាណសមល្មមទៅក្នុងបំពង់កន្លែងលាងចាន ឬសាទែនលាងមុខ។  បន្ទាប់មក យកទឹកក្តៅឧណ្ហៗចាក់ស្រោចពីលើទៀត នោះវានឹងអាចពាំនាំកាកសំណល់ដែលស្ទះរន្ធនេះចេញទៅអស់ ចូលទៅក្នុងលូរជាមិនខាន។

១៧.ការពារច្រេះ

អ្នកអាចឧស្សាហ៍យកសាប៊ូបន្ទន់សក់មកលាបលើឧបករណ៍ ឬរបស់ប្រើប្រាស់ផ្សេងៗក៏បាន ដើម្បីការពារការច្រេះចាប់ និងថែមទាំងធ្វើឱ្យសំភារៈមានសភពរលាងភ្លឺស្អាតផងដែរ។

១៨.ប៉ូលាគ្រឿងសំភារៈឱ្យភ្លឺរលោង

សាប៊ូបន្ទន់សក់អាចយកមកប្រើប្រាស់លាប និងជូតលើរបស់របរមួយចំនួនដើម្បីឱ្យវាមានសភាពរលោង ភ្លឺ ចញ្ចែងចញ្ចាំងស្អាតផងដែរ ដូចជា ទូទឹកកក គ្រឿងសង្ហារិម និងតុទូ ព្រមទាំងសំភារៈមួយចំនួនទៀត។ នៅពេលជូតសាប៊ូបន្ទន់សក់រួច កុំភ្លេចយកក្រណាត់ស្អាតជូតចេញតាមក្រោយផង។

១៩.ខ្សែរូតកាតាប ឬសំលៀកបំពាក់

មនុស្សមិនតិចនាក់ទេ ជួបនឹងបញ្ហារូតខោអាវខូច ខំទាញរហូតដាច់សាច់ ឬជាប់ខោអាវ បើមិនអ៊ីចឹងទេក៏កាតាប ឬកាបូបរូតមិនចេញទាក់នឹងរបស់ ឬអំបោះអ្វីមួយ។ ពេលនេះអស់បញ្ហាហើយ គ្រាន់តែយកសាប៊ូបន្ទន់សក់មកលាបលើរូតនេះបន្តិច វានឹងប្រែជាធូររលុងរូតបានវិញជាមិនខាន៕  

សាប៊ូបន្ទន់សសៃសក់អាចជួយធ្វើឱ្យគ្រឿងសង្ហារិមភ្លឺស្អាត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 085836679 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 085836679 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]