(ស្វាយរៀង)៖ លោក ម៉ាន់ សុខន អនុប្រធានសាខាកាំកុងត្រូលខេត្តស្វាយរៀង សហការជាមួយមន្ទីរពាណិជ្ជកម្មខេត្តស្វាយរៀងនៅព្រឹកថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៨នេះបានដឹកនាំមន្ត្រីក្រោមឱវាទចុះពិនិត្យទំនិញបន្លែផ្លែឈើនៅទីតាំងផ្សារតាពៅ ក្នុងនោះរកឃើញភ្លៅមាន់ ស្លាបមាន់ខូចគុណភាពជាង៧គីឡូក្រាម និងទំនិញខូចគុណភាពជាច្រើនមុខទៀត ដែលដាក់តាំងលក់នៅផ្សារតាពៅ ក្រុងបាវិត ខេត្តស្វាយរៀង ហើយបានដកហូតយកទៅដុតកម្ទេចចោល។

លោក ម៉ាន់ សុខន បានថ្លែងថា ដោយមានការណែនាំពីលោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងលោក ម៉ក់ ពេជ្ជរិទ្ធ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកកាំកុងត្រូល ក្នុងនោះកាំកុងត្រូលខេត្តស្វាយរៀង តែងតែចុះពិនិត្យមុខទំនិញបានជាច្រើនលើក ហើយការចុះពិនិត្យមុខទំនិញនៅថ្ងៃនេះ ក្នុងគោលបំណងធានាបានសុវត្ថិភាពម្ហូបអាហារ ជូនប្រជាពលរដ្ឋ និងលើកកម្ពស់សុខមាភាពដល់ពួកគាត់ព្រោះវាមានសារសំខាន់ចាំបាច់ណាស់ក្នុងសង្គម និងជីវភាពប្រចាំថ្ងៃ។

លោកបានបន្តទៀតថា ការទទួលខុសត្រូវលើសុវត្ថិភាពម្ហូបអាហារ គឺជាការទទួលខុសត្រូវរួមគ្នា ទាំងស្ថាប័នជំនាញ ទាំងអ្នកនាំចូល អ្នកផលិត អ្នកចែកចាយ និងអ្នកទាំងអស់គ្នាជាអ្នកប្រើប្រាស់ផងដែរ ព្រោះសុខភាព គឺជាកត្តាចំបង នៃភាពរស់រាននៃជីវិត។

លោកបានបញ្ជាក់ថា មន្ត្រីជំនាញ​បានធ្វើការចុះពិនិត្យមុខទំនិញជាច្រើនមុខ ក្នុងទីតាំងផ្សារតាពៅនាពេលនេះ បានរកឃើញទំនិញខូចគុណភាព ភ្លៅមាន់ និងស្លាបមាន់ បានជាង៧គីឡូក្រាម គ្រឿងកំប៉ុង៣កំប៉ុង និងនំកញ្ចប់មួយចំនួនផងដែរ ហើយជាពិសេសបានដកហូត និងហាមឃាត់ម្ហូបអាហារ ដែលច្បាប់ហាមឃាត់ធ្វើឲ្យប៉ះពាល់ធ្ងន់ធ្ងរដល់សុខភាព ដែលនាំចូលពីក្រៅប្រទេសតាមច្រករបៀងផងដែរ។

ចំណែកអ្នកលក់​ក៏បានយល់ព្រមបញ្ឈប់ការដាក់លក់ទំ​និញដែលខូចគុណភាព ហួសការបរិច្ឆេទប្រើប្រាស់ ព្រោះពួកគេទាំងអស់នោះ​បានយល់ដឹង នូវផលប៉ះ​ពាល់ដល់​សុខភាពនៅពេលដែលប្រើប្រាស់ទំ​និញដែលខូចគុណភាព។

ជាមួយគ្នានោះ លោក ម៉ាន់ សុខន បានអំពាវដល់ប្រជាពលរដ្ឋ ក៏ដូចជាសិស្សានុសិស្សទាំងអស់ នៅខេត្តស្វាយរៀង សូមមានការប្រុងប្រយ័ត្នចំពោះការបរិភោគចំណីអាហារ ត្រូវពិនិត្យមើល​ស្លាកសញ្ញាកាលបរិច្ឆេទ​ឲ្យបានច្បាស់លាស់ មុន​ទិញយកទៅបរិភោគ ដើម្បីចូលរួមលើកកម្ពស់សុខមាលភាពទាំងអស់គ្នា ហើយមន្ត្រីកាំកុងត្រូល នឹងបន្តចុះ​ពិនិត្យទំនិញនៅតាមផ្សារនានា នៅក្នុងខេត្តស្វាយរៀង ឲ្យបានញឹកញាប់បន្ថែមទៀត៕

សាខាកាំកុងត្រូល ចុះត្រួតពិនិត្យ
សាខាកាំកុងត្រូល ចុះត្រួតពិនិត្យ
សាខាកាំកុងត្រូល ចុះត្រួតពិនិត្យ

ប្រភព : freshnews

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 085836679 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 085836679 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]