អាមេរិក៖ សព្វថ្ងៃប្រព័ន្ធចំណាំមុខកាន់តែទំនើបទៅៗ និងត្រូវបានប្រើប្រាស់កាន់តែទូលំទូលាយ។ ចិនជាប្រទេសដែលនាំមុខគេក្នុងការប្រើប្រាស់ប្រព័ន្ធនេះដើម្បីពង្រឹងច្បាប់ និងកំណត់អត្តសញ្ញាណឧក្រិដ្ឋជន ប៉ុន្តែបច្ចេកវិទ្យានេះក៏កាន់តែពេញនិយមនៅសហរដ្ឋអាមេរិកដែរ ដោយនៅខែសីហាខាងមុខនេះ អាមេរិកនឹងចាប់ផ្តើមប្រើបច្ចេកវិទ្យាចំណាំមុខ ដើម្បីកំណត់អត្តសញ្ញាណមនុស្សដែលចេញចូលប្រទេសនេះ តាមច្រកព្រំដែនភាគខាងត្បូងរបស់ខ្លួន ដើម្បីបញ្ចៀសការបន្លំអត្តសញ្ញាណផ្តេសផ្តាស។

ប្រព័ន្ធចំណាំមុខមនុស្សនៅតាមផ្លូវ

ទោះយ៉ាងណា ថ្មីៗនេះអ្នកប្រើប្រាស់បណ្តាញសង្គម Twitter ម្នាក់បានរកឃើញវិធីថ្មីមួយដើម្បីយកឈ្នះ លើប្រព័ន្ធចំណាំមុខមាត់ ដែលជាកម្មវិធីកុំព្យូទ័រវិភាគរូបភាព ឬ វីដេអូដែលបង្ហាញមុខមនុស្ស ក្នុងបំណងសម្គាល់អត្តសញ្ញាណនេះ។

វិធីនោះគឺការគូរមុខតាមក្រុម Juggalos ដែលជាអ្នកគាំទ្រផ្កាប់មុខនៃក្រុមតន្ត្រី Insane Clown Posse។ ប្រព័ន្ធកុំព្យូទ័រនឹងវិលក្បុងដល់ថ្នាក់ចំណាំមុខលែងបាន ថាអ្នកណាជាអ្នកណាជាមិនខាន។

អ្នកគាំទ្រផ្កាប់មុខនៃក្រុមតន្ត្រី Insane Clown Posse
ក្រុមតន្ត្រី Insane Clown Posse

វិធីគូរមុខ៖ យោងតាមម្ចាស់គណនី គន្លឹះសំខាន់ដើម្បីបំភាន់ប្រព័ន្ធនេះដោយជោគជ័យគឺ គូរពណ៌ខ្មៅនៅផ្ទៃខាងក្រោមមាត់ ប៉ុន្តែនៅលើចង្កាដូចដែលក្រុម Juggalos ភាគច្រើនគូរ  នោះប្រព័ន្ធចំណាំមុខនឹងច្រឡំថាផ្នែកថ្គាមនៅកៀកនឹងមាត់ខ្លាំងដែលខុសពីការពិត។  ការធ្វើបែបនេះអាចរារាំងប្រព័ន្ធកុំព្យូទ័រ មិនឱ្យភ្ជាប់ទម្រង់មុខរបស់អ្នកគូរបែបនេះទៅនឹងទម្រង់មុខមនុស្សតែមួយដែលគ្មានគូរសោះ។

ការវិភាគទម្រង់មុខ "មុន និង ក្រោយ"
ការវិភាគទម្រង់មុខ តាមប្រព័ន្ធចំណាំមុខ

អ្នកលេងបណ្តាញសង្គមម្នាក់បានចោទជាសំនួរថា “តើវាអាចបំភាន់បានតែក្នុងករណីដែលប្រព័ន្ធចំណាំមុខ គ្មានរូបភាពពួកគេពេលផាត់មុខក្នុងប្រព័ន្ធ ទេឬ?”

ក្រោយមកម្ចាស់គណនីក៏បានឆ្លើយតបថា “ព្រោះតែរូបភាពគូរមុខ និងរូបភាពគ្មានគូរមុខ មានលក្ខណៈខុសគ្នាពេក ដូច្នេះបើទោះជាមានរូបភាពពេលគូរមុខក្នុងប្រព័ន្ធក៏ដោយ លុះត្រាតែគេគូរមុខក្នុងទម្រង់ដូចគ្នាបេះដាក់ទើបវាអាចចំណាំបាន។ ហើយវាអាចភ្ជាប់ទម្រង់មុខដែលគ្មានគូរមុខបាន លុះត្រាតែមនុស្សជាអ្នកវិភាគទម្រង់មុខ (មិនមែនកុំព្យូទ័រឡើយ)។” 

"សំនួរ និង ចម្លើយ" អំពីការវិភាគទម្រង់មុខ

តាមពិតទៅ វាជាការរកឃើញដោយចៃដន្យក៏ថាបាន ព្រោះដំបូងឡើយពលរដ្ឋអាមេរិកបានប្រមូលផ្តុំគ្នាតវ៉ា នឹងគោលនយោបាយរបស់ប្រធានាធិបតី Donald J. Trump ដោយគូរមុខបែបនេះតាំងពីខែកញ្ញាឆ្នាំមុនម្ល៉េះ។ រហូតមកដល់ថ្មីៗនេះ ទើបគេដឹងថាបច្ចេកវិទ្យាដែលរដ្ឋាភិបាលបានប្រើដើម្បីចំណាំមុខអ្នកតវ៉ា មិនអាចវិភាគស្គាល់អ្នកដែលគូរមុខតាមវិធីខាងលើទេ។ 

ក្រុមអ្នកតវ៉ាគោលនយោបាយ របស់ប្រធានាធិបតីអាមេរិក

គួរបញ្ជាក់ថា កាលពីមុនក៏មានការប៉ុនប៉ងបំភាន់ប្រព័ន្ធនេះ ដោយប្រើបច្ចេកវិទ្យាដ៏ស្មុគស្មាញ ប៉ុន្តែបានលទ្ធផលមិនច្បាស់លាស់។ ពេលនេះ អ្នកដែលចង់លាក់អត្តសញ្ញាណរបស់ខ្លួន គ្រាន់តែចំណាយលុយបន្តិចបន្តួចទិញទឹកថ្នាំស-ខ្មៅយកមកគូរមុខជាការស្រេច៕

សូមទស្សនាវីដេអូអំពីវិធីគូរមុខដូចក្រុមអ្នកគាំទ្រ Juggalos៖

តើប្រិយមិត្តយល់យ៉ាងណាដែរ? 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 085836679 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 085836679 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]