ជាការពិតដំឡូងផ្អែមជាដំណាំមើម ងាយរកងាយញ៊ាំ មានរសជាតិផ្អែមឆ្ងាញ់ និងមានតម្លៃធូរថ្លៃ។  អ្វីដែលមនុស្សភាគច្រើនពុំដឹងនោះគឺ សារធាតុចិញ្ចឹមដ៏ច្រើនលើសលុប ដែលនឹងស្មានពុំដល់នោះ ដូចជាវីតាមីនជាច្រើនប្រភេទ សារធាតុរ៉ែ និងសារធាតុសរសៃជាដើម។ សារធាតុចិញ្ចឹមទាំងនេះ សុទ្ធតែជាតម្រូវការប្រចាំថ្ងៃរបស់រាងកាយយើងសម្រាប់ការលូតលាស់និងភាពរឹងមាំ។

ខាងក្រោមនេះជាអត្ថប្រយោជន៍សុខភាពទាំ៤ ទទួលបានពីការរួមបញ្ចូលដំឡូងផ្អែមក្នុងរបបអាហាររបស់លោកអ្នក៖

១. ជំនួយខួរក្បាល

វីតាមីន B6 ទទួលបានពីការហូបដំឡូងផ្អែមត្រូវបានគេរកឃើញថា សារធាតុនេះបានជួយជំរុញតួនាទីរបស់ខួរក្បាលឲ្យកាន់តែលឿន បង្កើនសមត្ថភាពនៃការចងចាំ ការគិតពិចារណា  និងការពារពីការខូចខាតនៃកោសិកាណឺរ៉ូនរបស់ខួរក្បាល។

ដូច្នេះការហូបដំឡូងផ្អែមឲ្យបានយ៉ាងតិច ៣ដងក្នុងមួយសប្តាហ៍ ប្រៀបបីដូចជាជំនួយថ្នាំធម្មជាតិចំពោះសុខភាពខួរក្បាលរបស់លោកអ្នក។

ដំឡូងផ្អែម

២. ពង្រឹងប្រព័ន្ធភាពស៊ាំរាងកាយ

វីតាមីន A និងវីតាមីន C  ជាវីតាមីនមានច្រើនជាងគេនៅក្នុងបរិមាណសារធាតុចិញ្ចឹមទទួលបានពីដំឡូងផ្អែម និងបានដើរតួនាទីយ៉ាងសំខាន់ក្នុងប្រព័ន្ធការពាររាងកាយយើង។  វីតាមីនទាំងនេះជាភ្នាក់ងារដ៏សកម្មប្រឆាំងនឹងការលូតលាស់ខុសប្រក្រតីនៃកោសិកា ឬក៏ដុំសាច់។  ជាពិសេសវាបានភ្ញោចឲ្យមានការផលិតកោសិកាឈាមសបន្ថែម ដើម្បីប្រឆាំងនិងទប់ទល់ការឆ្លងមេរោគដែលអាចបង្កទៅជាជំងឺផ្សេងៗ។

ដូច្នេះបើអ្នកចង់បានសុខភាពរាងកាយរឹងមាំ ពុំងាយឈឺ នោះការរួមបញ្ចូលដំឡូងផ្អែមក្នុងរបបអាហាររបស់លោកអ្នកពិតជាសំខាន់ណាស់។

ដំឡូងផ្អែម

៣. ជំនួយភ្នែក

អ្នកដឹងទេថា វីតាមីន A ជាវីតាមីនដ៏សំខាន់ដែលសរីរាង្គភ្នែកយើងពុំអាចខ្វះបានឡើយ។  កង្វះនៃវីតាមីនអា អាចបណ្តាលឲ្យប៉ះពាល់ទៅដល់គុណភាពនៃភ្នែក ព្រោះវីតាមីន A ជាម៉ូលេគុលមួយចូលរួមចំណែកក្នុងការផលិតសារធាតុចាប់យកពន្លឺនិងពណ៌ពីខាងក្រៅ។  ដូច្នេះលទ្ធផលនៃការខ្វះវីតាមីន A អាចធ្វើឱ្យស្ងួតភ្នែក  គុណភាពភ្នែកធ្លាក់ខ្សោយ  និងករណីធ្ងន់ធ្ងរអាចឈានទៅដល់ការងងឹតភ្នែកទៀតផង។

ដូច្នេះបើលោកអ្នកស្រលាញ់កែវភ្នែក គប្បីហូបដំឡូងផ្អែមដែលជាប្រភពនៃវីតាមីន A យ៉ាងច្រើន។ 

ដំឡូងផ្អែម

៤. រក្សាកម្រិតជាតិស្ករ

បើទោះបីជាដំណាំនេះបរិភោគទៅមានរសជាតិផ្អែមក្តី តែទម្រង់ស្ករស្មុគស្មាញទទួលបានពីដំឡូងនេះមិនត្រឹមតែមិនធ្វើឲ្យជាតិស្ករកើនឡើងនោះទេ  វាថែមទាំងជួយរក្សានិងកាត់បន្ថយបរិមាណជាតិស្ករក្នុងឈាមទៀតផង។

យោងទៅតាមការសិក្សាមួយនៅប្រទេសអូទ្រីសនៃសំណាកចំនួន ៦១នាក់ បានឲ្យឃើញាថា ក្នុងចំណោមក្រុមដែលទទួលបានការបរិភោគដំឡូងផ្អែមអស់រយៈពេល ៩០ថ្ងៃ មាននូវកម្រិតជាតិស្ករតិចជាងក្រុមដែលពុំបានហូបដំឡូង។ ជាពិសេស គេឃើញទៀតថា ដំណើរការនៃអរម៉ូនអាំងស៊ុយលីនដែលជាអរម៉ូនដើរតួនាទីយ៉ាងសំខាន់ក្នុងការរក្សាកំរិតជាតិស្ករឲ្យនៅធម្មតាក្នុងឈាម  មានភាពប្រសើរឡើងៗផងដែរ៕

ដំឡូងផ្អែម

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]