គំនិតទាក់ទងនឹងការចាប់ជាតិថ្មីបានកើតមានរាប់ពាន់ឆ្នាំមកហើយ។  វាជាជំនឿដែលពេលយើងស្លាប់ យើងនឹងកើតមកម្តងទៀតជាមនុស្សថ្មីទាំងស្រុង។ អ្នកដែលជឿរឿងនេះ ជួនកាលនិយាយថា ក្មេងៗអាចនៅចាំអតីតជាតិរបស់ខ្លួនទៀតផង។ មិនថាអ្នកជឿ ឬ មិនជឿទេ ខាងក្រោមនេះជារឿងរ៉ាវដែលក្មេងៗបានប្រាប់ ហើយសាច់រឿងត្រូវគ្នាគ្មានខុសសូម្បីបន្តិច៖

១០. James Leigninger

James កើតនៅឆ្នាំ ១៩៩៨។ នៅអាយុ ២ ឆ្នាំ គេបានចង្អុលទៅរូបភាពកោះ អ៊ីវ៉ូ ជីម៉ាក់ (Iwo Jima) ក្នុងមហាសមុទ្រប៉ាស៊ីហ្វិក ហើយប្រាប់ប៉ាម៉ាក់គេថា “វាជាកន្លែងដែលយន្តហោះរបស់គេត្រូវបានបាញ់ទម្លាក់”។ ក្រោយមកប៉ាម៉ាក់របស់ James ក៏ស្រាវជ្រាវពីរឿងនេះ ទើបដឹងថាមានតែយន្តហោះមួយគត់ ត្រូវបានបាញ់ទម្លាក់នៅទីនោះ ហើយវាជាយន្តហោះរបស់អនុសេនីយ James Huston Jr. ដែលត្រូវបានសម្លាប់ដោយទាហានជប៉ុននៅឆ្នាំ ១៩៤៥ នៅចុងបញ្ចប់នៃសង្គ្រាមលោកលើកទី២។  

James តូច បានចងចាំថាខ្លួនធ្លាប់ជាអនុសេនីយ James! គេបានបញ្ជាក់យ៉ាងត្រឹមត្រូវថា នាវាចម្បាំងប្រចាំការរបស់គេឈ្មោះ Natoma។ គេឧស្សាហ៍យល់សប្តិអាក្រក់ រួចមមើថា “ធ្លាក់យន្តហោះ” “ភ្លើងឆេះ” “ចេញមិនរួចទេ” ជាដើម។

ប៉ាម៉ាក់របស់ James បានទៅជួបកូនទាហានរបស់អនុសេនីយ James ដែលមានវ័យចាស់ៗទៅហើយ។ ពួកគេបញ្ជាក់ថា រាល់ពាក្យសម្តីដែល James តូច បាននិយាយសុទ្ធតែជាការពិត ១០០%។

James Leigninger

៩. Shanti Devi

នាងកើតនៅប្រទេសឥណ្ឌា ក្នុងឆ្នាំ ១៩២៦។ នៅអាយុ ៤ ឆ្នាំ នាងបានប្រាប់ឳពុកម្តាយថា ផ្ទះពិតប្រាកដរបស់នាងគឺនៅ ក្រុងម៉ាធុរ៉ា (Mathura) ដែលមានចម្ងាយ ១៤៥ គីឡូម៉ែត្រពីទីនោះ ហើយវាជាកន្លែងដែលស្វាមីនាងកំពុងរស់នៅ។

នាងបានប្រាប់គ្រូរបស់នាងថា ខ្លួនបានស្លាប់ក្រោយពីឆ្លងទន្លេបាន ១០ ថ្ងៃ។ គ្រូរបស់នាងក៏កត់សម្គាល់ថា តុងនិយាយរបស់នាង ដូចអ្នកក្រុងម៉ាធុរ៉ាដែរ។ ក្រោយមក នាងប្រាប់ថាប្តីរបស់នាងឈ្មោះ Kedar Nath។

គ្រូម្នាក់នោះក៏រកឃើញបុរសម្នាក់ដែលមានឈ្មោះនេះ នៅក្រុងម៉ាធុរ៉ា ប្រាកដមែន។ គេបានបាត់បង់ប្រពន្ធ ៩ ឆ្នាំមុន គឺ ១០ ថ្ងៃក្រោយពីសម្រាលបានកូនប្រុសរួច។ ឈ្មោះរបស់នាងគឺ Lugdi Devi។ Kedar បានមកជួប Shanti ហើយបន្លំធ្វើជាបងប្រុសនាង ប៉ុន្តែ Shanti ឃើញភ្លាមក៏ស្គាល់ភ្លែតថាជាប្តីរបស់ខ្លួន។

ករណីនេះត្រូវបានបញ្ជាឱ្យធ្វើរបាយការណ៍ពេញលេញ ដោយបិតាឯករាជ្យឥណ្ឌា មហាត្មៈ គន្ធី ដោយផ្ទាល់ ហើយគ្រប់យ៉ាងសុទ្ធតែជាការពិត។

Shanti Devi

៨. Ryan

ក្មេងប្រុសម្នាក់នេះមកពីតំបន់ Midwest ហើយបានអះអាងថាជាតិមុន ខ្លួនជា Marty Martin ដែលជាតួសម្តែងបន្ទាប់បន្សំ ហើយក្លាយជាភ្នាក់ងារហូលីវូដ។

គេបានចង្អុលតួអង្គម្នាក់ក្នុងរូបភាពមួយ រួចនិយាយថាម្នាក់នោះគឺជារូបគេ។ ប៉ាម៉ាក់គេចាប់ផ្តើមសង្ស័យ ព្រោះ Ryan បាននិយាយថា គេធ្លាប់ធ្វើដំណើរជុំវិញពិភពលោកដោយជិះកប៉ាល់ធំ រាំក្នុងកម្មវិធី Broadway និងមានផ្ទះធំជាមួយអាងហែលទឹកមួយ។

ស្តាប់ទៅមិនសូវដូចជីវិតរបស់តួបន្ទាប់បន្សំទេ ប៉ុន្តែគួរឱ្យភ្ញាក់ផ្អើលដែលវាសុទ្ធតែជាការពិត។ គេធ្លាប់ជាអ្នករាំក្នុងកម្មវិធី Broadway។ ក្រោយមកក៏ផ្លាស់ទៅនៅរដ្ឋ L.A. ដើម្បីធ្វើការជាភ្នាក់ងារម្នាក់ និងមានផ្ទះធំជាមួយអាងហែលទឹកផងដែរ។

Ryan

៧. Cameron MaCauley

នៅអាយុ ២ឆ្នាំ ក្មេងប្រុសដែលមកពីក្រុង Glasgow នេះចាប់ផ្តើមនិយាយពីជីវិតនៅលើកោះ Barra ជាកោះដាច់ស្រយាលនៃប្រទេសស្កុតលែនដ៍ ដែល Cameron តូចមិនធ្លាប់ទៅពីមុនឡើយ។ អស់រយៈពេល ៣ ឆ្នាំ អ្វីៗគ្រប់យ៉ាងដែលគេនិយាយ គឺមានតែរឿងអំពីផ្ទះនៅកោះ Barra មិត្តភក្តិ និងគ្រួសាររបស់គេនៅទីនោះ។

គេបាននិយាយថា ប៉ារបស់គេឈ្មោះ Shane Robertson។ គេស្លាប់ដោយសារឡានបុក ហើយគេនឹកម៉ាក់របស់គេខ្លាំងណាស់ រហូតដល់ធ្លាក់ក្នុងសភាពបញ្ហាផ្លូវចិត្ត។ ទីបំផុត ប៉ាម៉ាក់គេបានសម្រេចចិត្តនាំទៅកោះ Barra ដោយក្រុមថតភាពយន្តឯកសារក៏ចូលរួមផងដែរ។ ពួកគេភ្ញាក់ផ្អើលចំពោះរឿងជាច្រើនដែល Cameron ប្រាប់មិនខុស តាំងពីចំណុចលម្អិតតូចៗដូចជា៖ ពូជឆ្កែ ពណ៌ផ្ទះ និងសូម្បីទេសភាពមើលពីបង្អួច!  

Cameron MaCauley

៦. បងប្អូនភ្លោះ Pollock!

បងប្អូនភ្លោះមកពីក្រុង Hexam ប្រទេសអង់គ្លេសនេះត្រូវបានគេនិយាយថា បានចាប់ជាតិពីបងប្អូនពួកគេផ្ទាល់ដែលបានស្លាប់! បងប្អូនស្រីរបស់ពួកគេឈ្មោះ Jacqueline និង Joanna បានស្លាប់ ១ ឆ្នាំ ក្នុងគ្រោះថ្នាក់ចរាចរណ៍នៅអាយុ ៦ និង ១១ ឆ្នាំ មុននឹងពួកគេកើតមកដោយមានឈ្មោះថា Gillian និង Jennifer Pollock។

ប៉ារបស់ពួកគេកត់សម្គាល់ថា Jennifer មានស្នាមឆ្នូតសនៅលើក្បាល ដែលស្រដៀងនឹងស្នាមរបស់ Jacqueline ដោយសារជិះកង់ដួល។ នាងក៏មានស្នាមខ្នៅពីកំណើតលើជើងផងដែរ។ គ្រួសារនេះបានផ្លាស់ចេញពីក្រុង ហើយមិនដែលមកវិញអស់រយៈពេល ៤ ឆ្នាំ។

ពេលត្រឡប់មកវិញ បងប្អូនភ្លោះទាំងពីរបានចង្អុលទៅព្រំដី ដែលពួកគេមិនធ្លាប់មកសោះ។ ពួកគេបានស្បថថា សាលាដែល Jacqueline និង Joanna ធ្លាប់រៀន គឺជាសាលារបស់ពួកគេ។ ក្រោយមក ប៉ាម៉ាក់ពួកគេក៏ឱ្យមើលវត្ថុក្មេងលេង ហើយពួកគេប្រាប់ឈ្មោះគ្មានខុសមួយឡើយ។ ពួកគេថែមទាំងខ្លាចឡានទៀតផង។ ទោះយ៉ាងណា ការចងចាំទាំងនេះបានរលាយអស់ នៅអាយុប្រហែល ៥ ឆ្នាំ ហើយកូនភ្លោះទាំងពីរលែងចាំអ្វីទាំងអស់ តាំងពីពេលនោះមក។ 

បងប្អូនភ្លោះ Pollock!

៥. Hunter

វាជាឈ្មោះដែលគេដាក់ឱ្យក្មេងប្រុសអាយុ ៣ ឆ្នាំម្នាក់ ដែលអះអាងថាជាតិមុន ខ្លួនជាអ្នកវាយកូនហ្គោល Bobby Jones ដ៏ល្បីល្បាញ។ គេបានចង្អុលទៅរូបភាពមួយ រួចនិយាយថា “នេះជារូបខ្ញុំ!” ហើយចង្អុលរូបផ្ទះពីកុមារភាពរបស់ Bobby Jones រួចនិយាយថា វាធ្លាប់ជាផ្ទះរបស់ខ្លួនទៀត!

រឿងលម្អិតដែល Hunter ចងចាំ អាចថាជារឿងចៃដន្យ ប៉ុន្តែនៅមានរឿងមួយទៀតគឺ Hunter ពូកែវាយកូនហ្គោលខ្លាំងមែនទែន! នៅត្រឹមអាយុ ៧ ឆ្នាំ គេបានឈ្នះការប្រកួត ៤១ ក្នុងចំណោម ៥០ ដោយរួមទាំងឈ្នះ ២១ ដងជាប់ៗគ្នាទៀតផង!  

Hunter

៤. Barbro Karlen

កាលពីនៅតូច Barbro បាននិយាយថា ជាតិមុននាងជា...Anne Frank! វាជាឈ្មោះក្មេងស្រីដ៏ល្បីល្បាញ ដែលបានសរសេរកំណត់ហេតុអំពីជីវិតលាក់ខ្លួនពីពួក ណាស៊ីស (Nazis)។ Barbro បានប្រាប់ប៉ាម៉ាក់នាងថា នាងធ្លាប់ជា Anne!

នាងបានប្រាប់ថា ពួកគេមិនមែនជាប៉ាម៉ាក់ពិតប្រាកដទេ ហើយទទូចថាប៉ាម៉ាក់ពិតរបស់នាងនឹងមកយកនាង។ Barbro ជាជនជាតិស៊ុយអ៊ែត ដែលកាលនោះកំណត់ហេតុរបស់ Anne Frank មិនទាន់ត្រូវបានបកប្រែជាភាសាស៊ុយអ៊ែតផង។

នៅអាយុ ១០ ឆ្នាំ ប៉ាម៉ាក់នាងបាននាំទៅក្រុង អាំស្ទែរដាំ (Amsterdam)។ ពួកគេបានចូលក្នុងតាក់ស៊ី ប៉ុន្តែ Barbro និយាយថា “មិនបាច់ជិះតាក់ស៊ីទេ ខ្ញុំដឹងថាយើងនៅទីណាច្បាស់ណាស់!” ក្រោយមកនាងបាននាំពួកគេទៅរហូតដល់ផ្ទះនោះ និងទៅដល់កន្លែងដែល Anne Frank ធ្លាប់លាក់ខ្លួនតែម្តង។

តាំងពីថ្ងៃនោះមក ប៉ាម៉ាក់នាងក៏ជឿថា កូនស្រីរបស់ពួកគេគឺពិតជា Anne Frank ចាប់ជាតិមែន។  

Barbro Karlen

៣. Edward Austrian

ក្មេងប្រុសអាយុ ៤ ឆ្នាំម្នាក់នេះ តែងតែខ្លាចថ្ងៃដែលមានភ្លៀងរលឹម និងថ្ងៃដែលមានសំណើម។ គេតែងនិយាយពីការធំឡើងដែលត្រូវគេបាញ់ចំ “ក”។ រឿងនេះមានភាពច្របូកច្របល់ រហូតដល់គេប្រាប់ម្តាយអំពីជាតិមុនរបស់ខ្លួនថា ជាទាហានក្នុងសង្គ្រាមលោកលើកទី១។

គេបានប្រាប់ថាឈ្មោះជាតិមុនរបស់គេគឺ James អាយុ ១៨ឆ្នាំ ហើយកំពុងដើរកាត់ភក់នៅប្រទេសបារាំង។ វាជាថ្ងៃដែលមានភ្លៀងត្រជាក់ និងមានសំណើម។ កាំភ្លើងអាការបស់គេដូចជាធ្ងន់ណាស់។ អ្វីដែលគេឃើញគឺ ការបំផ្លិចបំផ្លាញនៅលើសមរភូមិ។ គេបានឮស្នូរកាំភ្លើងពីក្រោយខ្នង ដែលបាញ់ទម្លុះទាហានម្នាក់ រួចបន្តទម្លុះកញ្ចឹងករបស់គេទៀត ដែលធ្វើឱ្យគេមានអារម្មណ៍ថា ឈាមស្រោចជោគជាំបំពង់ក។

គេបានទទូចថា ខ្លួនមិនបានមើលហេតុការណ៍ទាំងនេះតាមទូរទស្សន៍ ឬក្នុងភាពយន្តឡើយ ហើយថាវាជាការពិតដែលបានកើតឡើងលើរូបគេ។

Edward Austrian

២. ការរកផ្នូររបស់ខ្លួន

(ក្មេងប្រុសក្នុងរឿងនេះទើបតែអាយុ ៣ ឆ្នាំ ដូច្នេះឈ្មោះរបស់គេត្រូវបានការពារ។)

នៅឆ្នាំ ២០០៩ វេជ្ជបណ្ឌិតម្នាក់បានស៊ើបអង្កេត អំពីការដែលក្មេងនេះបានអះអាងថាចាំជាតិ ហើយត្រូវបានសម្លាប់ដោយគេយកពូថៅវាយចំក្បាល ចំកន្លែងដែលមានខ្នៅពីកំណើតរបស់គេ។ ក្មេងនេះបាននាំគ្រូពេទ្យទៅភូមិមួយ ហើយដើរទៅរកបុរសសក់ស្កូវម្នាក់ ហើយនិយាយថា “ខ្ញុំធ្លាប់ជាអ្នកជិតខាងរបស់លោក។ យើងបានឈ្លោះគ្នា លោកក៏សម្លាប់ខ្ញុំនឹងពូថៅ” ទឹកមុខបុរសនោះចាប់ផ្តើមស្លេកភ្លាម។ គេបាននិយាយថា “ខ្ញុំដឹងកន្លែងដែលគេកប់សពខ្ញុំ”។

គេបាននាំអ្នកទាំងពីរទៅគំនរថ្មមួយ ហើយនៅក្រោមនោះជាឆ្អឹងខ្មោចរបស់បុរសម្នាក់ ដែលមានសម្លៀកបំពាក់ជាកសិករ។ លលាដ៏ក្បាលមានស្នាមប្រេះចំពីលើតែម្តង។ ញាក់សាច់!!! 

ការរកផ្នូររបស់ខ្លួន

១. Chanai Choomalaiwong

ក្មេងប្រុសអាយុ ៣ ឆ្នាំ មកពីប្រទេសថៃនេះបាននិយាយថា កាលពីជាតិមុនខ្លួនជាគ្រូបង្រៀនឈ្មោះ Bua Kai។ គេបាននិយាយថា ថ្ងៃមួយនៅតាមផ្លូវទៅសាលា គេត្រូវបានបាញ់សម្លាប់ចំក្បាល។ គេបានប្រាប់ជីដូនទាំងអស់អំពីឳពុកម្តាយ ប្រពន្ធ ព្រមទាំងកូនៗកាលពីជាតិមុន ហើយអង្វរជីដូនឱ្យនាំទៅលេងពួកគេ!

ក្មេងនេះបាននាំពួកគេទៅដល់ផ្ទះរបស់ Bua Kai។ នៅទីនោះគេបានជួបឳពុកម្តាយរបស់ Bua ដែលបានប្រាប់ថា Bua ត្រូវបានសម្លាប់ ៥ ឆ្នាំ មុននឹង Chanai ចាប់កំណើត។ រឿងដែលគួរឱ្យខ្លាចគឺ Chanai មានខ្នៅពីរកន្លែង មួយនៅក្រោយក្បាល និងមួយទៀតនៅលើភ្នែកខាងឆ្វេង។

វាជាកន្លែងដែលគ្រាប់កាំភ្លើងទម្លុះក្បាលរបស់ Bua Kai តែម្តង៕ 

Chanai Choomalaiwong

តើប្រិយមិត្តយល់យ៉ាងណាដែរ?

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 085836679 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 085836679 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]