បរទេស៖ ខ្សែប្រយុទ្ធក្លិប Real Madrid កីឡាករ Cristiano Ronaldo ​បាន​សម្រេច​ចាកចេញ​​ពីក្លិបរបស់គេហើយ ក្រោយ​ពីរូបគេបាននៅ​រួមរស់​ជាមួយ​ក្លិប​យក្ស​នៅ​អេស្ប៉ាញ​អស់ ៩​ឆ្នាំ​មក​នេះ ដើម្បីទៅចូលរូមជាមួយក្លិប​ថ្មី​របស់​គេ គឺ Juventus ​ក្នុង​កុងត្រា​ ៤​ ឆ្នាំ ​និងមាន​ប្រាក់​ឈ្នួល​ដល់ទៅ ៥ ​សែន​ផោន ​ក្នុង​មួយ​សប្ដាហ៍។

Cristiano Ronaldo

ទន្ទឹម​នឹងការ​ចាកចេញ​នេះ​ដែរ Ronaldo ​បាន​បន្សល់​ទុក​នៅ​កំណត់ត្រា​ជា​ច្រើន ​ជាមួយ​ក្លិប Real Madrid ​ដោយរូបគេ​ក្លាយ​ជា​កីឡាករ​ដែលអាចរក​គ្រាប់​បាល់​បាន​ច្រើន​ជាងគេប្រចាំ​ក្លិិប​, ​ជា​កីឡាករ​ឈ្នះ​ពាន UEFA Champions League ​បាន​ច្រើនជាងគេ នឹង​បាន​ក្លាយ​ជា​វីរបុរស​ក្នុង​ប្រវត្តិសាស្ត្រ​របស់ Real Madrid ​ថែម​ទៀតផង។ 

មិន​ត្រឹម​តែ​ប៉ុណ្ណោះ អតីតខ្សែប្រយុទ្ធរបស់ក្លិបបិសាចក្រហម Manchester United រូបនេះ​​តែងតែ​ទទួលបានការសរសើរ​ជានិច្ច ជាពិសេសគឺរូបគេមាន​ប្រវត្តិ​តស៊ូ​ខ្លាំងបំផុត ​សូម្បី​តែ Lionel Messi , Maradona ​និង Pele ​ក៏​បាននិយាយ​សរសើរ​រូបគេផងដែរ។

ខ្សែប្រយុទ្ធ Lionel Messi បាននិយាយថា៖ «ត្បិត​តែ​ជា​គូ​ប្រជែង​នៅ​លើ​ទីលាន​ពិត​មែន ប៉ុន្តែ Cristiano Ronaldo ​ជា​កីឡាករ​ដ៏​អស្ចារ្យ ​ដែល​មាន​កម្រិត​ល្អ​ខ្លាំង​បំផុត។ គេតែងតែ​បង្កើត​កំណត់ត្រា​រាល់​ឆ្នាំ ​ដែល​នេះ​ជា​អ្វី​ធ្វើ​ឱ្យ​គេក្លាយ​ជា​កីឡាករ​ល្អ​បំផុត​លើ​លោក​»។

Cristiano Ronaldo និង Lionel Messi

ចំណែកឯ អតីតវីរបុរសអាហ្សង់ទីលោក Diego Maradona ក៏បានលើកឡើងផងដែរថា៖ «Cristiano ​ជា​ផ្នែក​មួយ​នៃ​កីឡាបាល់ទាត់​ក្នុងពិភពលោកនេះ។ គេជា​កីឡាករ​ម្នាក់​ក្នុង​ចំណោម​កីឡាករ​ដែល​តែងតែ​ប្រឹងប្រែង​ដោយ​ខ្លួន​គេផ្ទាល់ ​ហើយ​អាច​ជួយ​ក្រុម​ដើម្បីស្វែងរក​ភាព​ជោគជ័យ​បាន​នៅ​ចុង​បញ្ចប់»។

គួរបញ្ជាក់ផងដែរថា វីរបុរស​បាល់ទាត់​ប្រេស៊ីលវិញ ​បាន​និយាយ​ចំពោះ Ronaldo ​ថា​៖ «គ្មាន​អ្វីត្រូវសង្ស័យ​ ចំពោះ​សមត្ថភាព​របស់គេ​នោះទេ​ក្នុង​នាមខ្ញុំ​ជា​កីឡាករ​បាល់ទាត់ដូចគេ។ ខ្ញុំ​គិត​ថា​បច្ចុប្បន្ន​នេះ Cristiano Ronaldo ​ជា​កីឡាករ​ល្អ​បំផុត​នៅលើ​លោក​នេះ។ គេជា​អ្នក​រក​គ្រាប់​បាល់​ល្អ​បំផុត ​និង​ជា​ខ្សែ​ប្រយុទ្ធ​ល្អ​បំផុតក្នុងលោក»៕

Diego Maradona និង Cristiano Ronaldo
Pele និង Cristiano Ronaldo

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]