រាជធានីភ្នំពេញ ៖ ដោយសារតែរូបរាងស្គម និងស្លេកស្លាំងធ្វើឱ្យមនុស្សមួយចំនួនគិតថាអ្នកកំប្លែង នាយកណ្តុរជាមនុស្សញៀនថ្នាំ ។ ជាពិសេសពេលនាយកំពុងសម្តែង នៅលើឆាកត្រូវយុវជនញៀន ថ្នាំបក់ដៃហៅទៅសេពគ្រឿងញៀនជាមួយ ។
តើអ្នកកំប្លែងរូបនេះពិតជាអ្នកញៀនថ្នាំមែនឬ?

នាយកណ្តុរគឺជាតារាកំប្លែងដែលភាគច្រើន គេស្គាល់តាមរយៈការសម្តែងខារ៉ាអូខេ និងខ្សែភាពយន្ត ។តាំងពីនាយកណ្តុរចូលក្នុងរង្វង់សិល្បៈមក មានបុគ្គលមួយចំនួនយល់ថានាយជាមនុស្សញៀនថ្នាំ ។ គេយល់ច្រឡំបែបនេះ គឺដោយសារតែនាយមានរូបរាងស្គម និងសាច់ឈាមមានសភាពស្លេកស្លាំងខុសពីមនុស្សធម្មតា ។

នាយកណ្តុរប្រាប់កោះសន្តិភាពថា មានមនុស្សមិនតិចទេ ដែលយល់ថានាយជាមនុស្សញៀនថ្នាំ ។ ជាពិសេសរាល់ពេលនាយទៅសម្តែងនៅតាមខេត្ត មានយុវជនមួយចំនួនជាអ្នកញៀនថ្នាំចង់ឱ្យនាយចូលរួម ជាមួយពួកគេ ។ខណៈពេលនាយកំពុងសម្តែងនៅលើឆាក ពួកគេបានធ្វើសញ្ញាហៅលោកឱ្យទៅសេពថ្នាំញៀនជាមួយ ។ មានអ្នកខ្លះទៀតបានបបួលនាយផ្ទាល់ឱ្យទៅជាមួយពួកគេទៀត ផង ។ នាយបានបដិសេធទៅពួកគេយ៉ាងរហ័សដោយនាយនិយាយថា«ប្អូន យល់ច្រឡំចំពោះបងហើយ កុំឃើញរូបរាងបងបែបនេះ ប្អូនគិតថាបងជាមនុស្សញៀនថ្នាំនោះ ។ បងមិនប៉ះពាល់ជាមួយថ្នាំញៀនទាល់តែសោះ ក្នុងមួយជីវិតរបស់បងនេះ បើប្អូនចង់ហៅបងទៅញ៉ាំសាច់គោអាំង និងផឹកស៊ីតិចតួចបងទៅ តែបើហៅបងទៅលេងថ្នាំ ទៅសេពថ្នាំញៀននោះបងមិនទៅជាដាច់ខាត» ។

នាយកណ្តុរបន្ថែមទៀតថា ជាការពិតណាស់ លោកពិតជាមានការអន់ចិត្តយ៉ាងខ្លាំងនៅពេលដែលមានគេ សម្លឹងមើលមករូបលោកក្នុងផ្លូវអាក្រក់បែបនេះ តែធ្វើយ៉ាងម៉េចបើលោកមានរូបរាងបែបនេះ ។ ដូច្នេះលោកសំណូមពរទៅដល់អ្នកយល់ច្រឡំចំពោះរូបលោកទាំង អស់ថា សូមកុំវាយតម្លៃមនុស្សតែសម្បកក្រៅ សូមយល់ពីអារម្មណ៍របស់អ្នកដែលត្រូវគេវាយតម្លៃក្នុងផ្លូវ ខុសផង ។
នាយកណ្តុរប្តេជ្ញាថា លោកមិនប៉ះពាល់ជាមួយថ្នាំញៀន និងល្បែងពាលាដែលធ្វើឱ្យសង្គម និងបងប្អូនពិបាកជាដាច់ខាត ។ រូបលោកមិនទៅប៉ះពាល់ថ្នាំញៀន ព្រោះសង្គមស្អប់ខ្ពើម និងជារឿងខុសច្បាប់ថែមទៀតផង ។

កាលពីមុនពេលចូលពិភពសិល្បៈនាយកណ្តុរ ធ្លាប់ចិញ្ចឹម និងមើលការខុសត្រូវក្មេងអនាថា និងក្មេងញៀនថ្នាំមួយចំនួននៅក្រុងសៀមរាប ។ ក្មេងដែលលោកចិញ្ចឹម និងមើលការខុសត្រូវទាំងនោះបានប្រែក្លាយទៅជាមនុស្សដែល សង្គមទទួលស្គាល់គ្រប់គ្នា ដែលនេះគឺជាមោទនភាពបំផុតសម្រាប់ជីវិតរបស់លោក ។នាយកណ្តុរមានឈ្មោះពិត ជុំ ផានិត មានស្រុកកំណើតនៅភូមិព្រៃឃ្នេស ឃុំព្រៃឃ្នេស ស្រុកមេសាង ខេត្តព្រៃវែង ។ ឪពុករបស់នាយឈ្មោះជុំ ខាត់ ជាព្រះចៅអធិការវត្តនៅស្រុកមេសាង ខេត្តព្រៃវែង ឯម្តាយឈ្មោះជួប ឃឹម បានចែក ឋានទាំងពីនាយមានអាយុ៥ឆ្នាំម៉្លេះ៕  

បញ្ចូលអត្ថបទ ៖ ស្រីណា កោះ

ផ្តល់សិទ្ធដោយ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]