អនាគត៖ តើយើងគួរស្រមៃខ្លះទេ អំពីអនាគតមនុស្សលោក? តើយើងនៅតែត្រូវការភាពស្និទ្ធស្នាល ឬក៏លែងចង់ប៉ះពាល់គ្នាហើយ? តើមនុស្សយន្តនឹងដើរតួអ្វីខ្លះក្នុងជីវិតយើង? តាមរយៈវីដេអូឃ្លីបមួយ យើងនឹងភ្ញាក់ផ្អើលថាបច្ចេកវិទ្យានឹងអភិវឌ្ឍដល់កម្រិតណា។ 

ខាងក្រោមនេះជាបច្ចេកវិទ្យាទាំង១០ ដែលនឹងលេចរូបរាងនៅត្រឹមឆ្នាំ ២០២៥៖

១០. មនុស្សយន្តស្វ័យប្រវត្តិដែលមានអាជ្ញាប័ណ្ណក្នុងការសម្លាប់

ការកើនឡើងនៃម៉ាស៊ីនពេជ្ឈឃាតទាំងនេះ គឺជាអ្វីដែលគួរឱ្យខ្លាច ប៉ុន្តែជាក់ស្តែងយើងធានាថា វានឹងកើតមានឡើង។ បច្ចុប្បន្ន យើងមានម៉ាស៊ីនស្វ័យប្រវត្តិ និងប្រព័ន្ធអាវុធច្រើនកម្រិតខុសៗគ្នារួចទៅហើយ ដោយរួមមាននាវាចម្បាំង និងមីស៊ីលការពារខ្លួន។ ប្រព័ន្ធប្រយុទ្ធ Aegis ត្រូវបានដាក់បញ្ចូលក្នុងនាវាចម្បាំង ហើយកំណត់ឱ្យដើរដោយស្វ័យប្រវត្តិ ដែលប្រើកុំព្យូទ័រដ៏មានសមត្ថភាពខ្ពស់ និងរ៉ាដាចាប់ទីតាំងអាវុធសត្រូវ ដើម្បីបាញ់កម្ទេចចោល។

ថ្វីបើមានការអំពាវនាវឱ្យបញ្ឈប់ការអភិវឌ្ឍន៍ទាហានម៉ាស៊ីនទាំងនេះ ដែលអាចបញ្ជាក់អត្តសញ្ញាណ និងសម្លាប់ដោយគ្មានការបញ្ជាពីមនុស្ស ក៏មេដឹកនាំយោធានានាមិនស្ទាក់ស្ទើរក្នុងការប្រើមនុស្សយន្តដែរ នៅពេលដែលគេអាចរក្សាជីវិតមនុស្សបាន។ លើសពីនេះ ម៉ាស៊ីនទាំងនេះនឹងមានសមត្ថភាពលើសមនុស្ស ទាំងផ្នែករាងកាយ និង ខួរក្បាល។ ពួកវាប្រហែលជាអាចត្រូវបានអភិវឌ្ឍរួចហើយ ដែលជាផ្នែកមួយនៃទ័ពយន្តដែលត្រៀមបញ្ចេញ។    

មនុស្សយន្តស្វ័យប្រវត្តិដែលមានអាជ្ញាប័ណ្ណក្នុងការសម្លាប់

៩. សរីរាង្គដែលបណ្តុះនៅក្នុងបន្ទប់ពិសោធន៍

ក្នុងអំឡុងការវិវឌ្ឍន៍នៃបច្ចេក-ជីវវិទ្យា អត្ថប្រយោជន៍របស់វាចាប់ផ្តើមលេចមុខហើយ។ ឱសថតម្រូវបុគ្គលម្នាក់ៗ នឹងផុសឡើងនៅទសវត្សរ៍ក្រោយៗនេះ ដែលគ្រូពេទ្យនឹងអាចផ្តល់វេជ្ជបញ្ជាប្រើថ្នាំទៅតាមហ្សែនផ្សេងៗគ្នា។ រីឯជីវវិទូក៏កំពុងខិតកាន់តែជិតដល់ការបណ្តុះជាលិកាខុសៗគ្នា ពីទងកោសិការបស់យើង។ ដូច្នេះយើងនឹងអាចបណ្តុះសរីរាង្គរបស់មនុស្ស ដែលរួមទាំងបេះដូងផងដែរ។ អាស្រ័យហេតុនេះ មិនបាច់ត្រូវការអ្នកបរិច្ចាគសរីរាង្គ និង គ្មានការបដិសេធថាខ្វះសរីរាង្គឡើយ។

បច្ចេក-ជីវវិទ្យាទាំងនេះអាចនឹងដំណើរការបន្តបន្ទាប់គ្នា ជាមួយការផលិតបន្ថែមតាមបច្ចេកវិទ្យាផ្គុំ 3D។ ថ្មីៗនេះ អ្នកវិទ្យាសាស្រ្តបានផលិត ត្រចៀកសរីរ-យន្ត (cybernetic ear) ដោយវិធីបោះពុម្ព 3D ដែលប្រើអេឡិកត្រូនិកបង្កប់។ យើងប្រហែលជាអាចបោះពុម្ពទងកោសិកាអំប្រ៊ីយ៉ុង និង ជាលិកាសំយោគថែមទៀតផង។ ម៉ាស៊ីនបោះពុម្ពទាំងនេះត្រូវបានប្រើដើម្បីផលិត ឆ្អឹងសំបកខ្យងក្នុងត្រចៀក និង ប្រដាប់អបឆ្អឹងបាក់រួចទៅហើយ។  

សរីរាង្គដែលបណ្តុះនៅក្នុងបន្ទប់ពិសោធន៍

៨. កុំព្យូទ័រនឹងមានគ្រប់ទីកន្លែង ប៉ុន្តែយើងមើលមិនឃើញ

ការបំពាក់កុំព្យូទ័រគ្រប់កន្លែងកំពុងកើតឡើងរួចទៅហើយ។ សព្វថ្ងៃ យើងមានកុំព្យូទ័រក្នុងរថយន្ត ក្នុងទូរសព្ទ ក្នុងឧបករណ៍ក្មេងលេង និងសូម្បីតែក្នុងទូរទឹកកក ប៉ុន្តែយើងឃើញនឹងភ្នែកច្បាស់ចែស។ យើងនៅតែត្រូវកាន់កុំព្យូទ័រ ឬ ប្រើក្តារវាយអក្សរដើម្បីបញ្ចូលព័ត៌មានដដែល។ ទោះយ៉ាងណា ឧបករណ៍ទាំងនេះកាន់តែតូចទៅៗ ដោយសារការវិវឌ្ឍន៍ទំហំអប្បបរមាដ៏លឿនសម្បើម។ 

មិនយូរទេ យើងនឹងរស់នៅក្នុងពិភពដែលគ្រឿងបញ្ចូលព័ត៌មាន មាននៅគ្រប់ទីកន្លែង ប៉ុន្តែមើលមិនឃើញទាំងស្រុង ដែលបង្កប់ក្នុងសម្លៀកបំពាក់ គ្រឿងបន្ទាប់បន្សំនៃខោអាវ និង ក្នុងកញ្ចក់ភ្នែកទៀតផង។ ហើយដើម្បីប្រើប្រាស់វាបាន យើងនឹងប្រើភាសាធម្មជាតិ និងបច្ចេកវិទ្យាប៉ះស្ទាប។ មិនត្រឹមប៉ុណ្ណោះទេ ឧបករណ៍ទាំងនេះនឹងត្រូវបានផ្តល់នូវខួរក្បាលក្នុងកម្រិតមួយ ដើម្បីឱ្យវាធ្វើអ្វីដោយស្វ័យប្រវត្តិ ក្រោមលក្ខខណ្ឌជាក់លាក់។ ដូច្នេះ នៅត្រឹមទសវត្សរ៍ឆ្នាំ ២០២០ កុំព្យូទ័រនឹងមានគ្រប់ទីកន្លែង ដោយយើងមិនដឹងខ្លួនឡើយ ថាមានវត្តមានពួកវា។

កុំព្យូទ័រនឹងមានគ្រប់ទីកន្លែង ប៉ុន្តែយើងមើលមិនឃើញ

៧. អ៊ីនធើណិតឆ្លងភព

មនុស្សនឹងអាចទៅដល់ភពអង្គារនៅដើមទសវត្សរ៍ឆ្នាំ ២០៣០ មិនថាអ្នកនោះជាក្រុមហ៊ុនឯកជន ឬ ភ្នាក់ងាររដ្ឋាភិបាលឡើយ។ កិច្ចការដំបូងៗដែលអ្នកទៅដល់មុនគេត្រូវធ្វើគឺ តម្លើងប្រព័ន្ធអ៊ីនធើណិតភ្ជាប់ជាមួយផែនដី។ អ្នករុករក ឬ អ្នកតាំងនៅ ប្រសិនបើពួកគេជាផ្នែកមួយនៃគម្រោង Mars One ពួកគេនឹងត្រូវការបើកចូល ឬ ចែករំលែកព័ត៌មាន។ ពួកគេប្រហែលជាចង់ទិញរបស់របរ ពេលគ្រឿងផ្គត់ផ្គង់ជិតអស់ផងដែរ។  

អ៊ីនធើណិតឆ្លងភព

៦. ឧបករណ៍ឆ្លងអាកាស

ថ្មីៗនេះ អ្នកវិទ្យាសាស្រ្តបានរកឃើញវិធីផ្លាស់ទីដោយឆ្លងអាកាស (teleportation) គឺផ្លាស់ទីអាតូមពីទីតាំងមួយ ទៅទីតាំងមួយទៀត។ វាពិតជាជំហានដ៏អស្ចារ្យ ដែលខិតទៅរកការផ្លាស់ទីវត្ថុឆ្លងអាកាស! ថាមិនត្រូវ ពួកគេប្រហែលជាអាចផ្លាស់ទីសត្វឆ្កែ ឆ្មា និងសត្វផ្សេងទៀតរួចទៅហើយមកទល់បច្ចុប្បន្ន គ្រាន់តែមិនចង់ប្រាប់យើងឱ្យដឹង ព្រោះវាអាចបង្កចលាចលខ្លាំង។ 

ឧទាហរណ៍ឃាតករម្នាក់ ផ្លាស់ទីឆ្លងអាកាសទៅសម្លាប់អ្នកក្នុងបន្ទប់មួយ រួចឆ្លងអាកាសទៅវិញដោយគ្មានបន្សល់ដានសូម្បីបន្តិច។ សង្គ្រាមអាចបញ្ចប់យ៉ាងលឿនជាមួយឧបករណ៍ថ្មីនេះ ប៉ុន្តែបើវាធ្លាក់ក្នុងដៃជនទុច្ចរិត នោះឃាតកម្ម ចោរកម្ម និងសកម្មភាពខិលខូចផ្សេងៗ អាចនឹងកើតឡើង ដែលជារឿងដ៏គួរឱ្យខ្លាច។

ឧបករណ៍ឆ្លងអាកាស

៥. ជំនួយពិតប្រាកដប្រឆាំងភាពចាស់ជរា

អ្នកប្រហែលជាគិតអំពីជីវិតអមតៈហើយ តែគំនិតនេះមិនដល់ថ្នាក់ហ្នឹងទេ។ អាយុជាមធ្យមរបស់មនុស្ស បានកើនឡើងយ៉ាងគំហុកក្នុងរយៈពេល ៣០០ កន្លងមកនេះ។ មានព័ត៌មានគរទឹកគរដី បានផ្សាយពីវិធីមនុស្សរស់ដល់ ១០០ ឆ្នាំ។ ដល់ពេលនោះ យើងនឹងសម្លឹងទៅពិភពដែលហាមឃាត់ ការបង្កើតកូន ព្រោះអត្រាប្រជាជនមិនធ្លាក់ចុះសោះ ដែលបណ្តាលឱ្យគ្មានកន្លែងសម្រាប់មនុស្សផ្សេងទៀត។

ជំនួយពិតប្រាកដប្រឆាំងភាពចាស់ជរា

៤. ជំនួយការផ្ទាល់ជាខួរក្បាលសិប្បនិម្មិត

ខួរក្បាលសិប្បនិម្មិត ឬ បញ្ញាសិប្បនិម្មិត ឬ A.I ជាប្រព័ន្ធដែលយល់ដឹងពីមជ្ឈដ្ឋានជុំវិញខ្លួនវា និងធ្វើសកម្មភាពដើម្បីទទួលឱកាសជោគជ័យក្នុងកម្រិតអតិបរមា។ ការស្រាវជ្រាវអំពី A.I ត្រូវបានបែងចែកជាចំណុចបច្ចេកទេសជាច្រើន។ ចំណុចតូចៗខ្លះផ្តោតលើដំណោះស្រាយលើបញ្ហាជាក់លាក់ ខ្លះទៀតផ្តោតលើមធ្យោបាយជាច្រើនដែលអាចទៅរួច ឬ ប្រើឧបករណ៍ពិសេសដើម្បីសម្រេចភារកិច្ច។ យើងអាចចាត់ទុកពួកវាជាមិត្តដ៏ឆ្លាតវៃបំផុត ដែលមានសញ្ញាបត្រគ្រប់មុខវិជ្ជា ប៉ុន្តែពួកវាមិនត្អូញត្អែររឿងបើកប្រាក់ខែ ឬ ឈ្លោះគ្នាវាឡើយ ហើយអាចនឹងជួយឱ្យឈ្នះល្បែងទៀតផង។ 

ជំនួយការផ្ទាល់ជាខួរក្បាលសិប្បនិម្មិត

៣. គម្រោងវិស្វកម្ម-ភូមិសាស្រ្ត ទំហំធំសម្បើមដែលផ្តល់សច្ចាប័នជាលើកដំបូង

ផលប៉ះពាល់នៃបម្រែបម្រួលបរិយាកាស ធ្វើឱ្យមនុស្សកាន់តែពិបាកក្នុងការព្រងើយកន្តើយ មិនថាវាបង្កឱ្យមានព្យុះដ៏ខ្លាំងក្លា កម្រិតទឹកកកសមុទ្រចុះទាបជាប្រវត្តិសាស្រ្ត ភ្លើងឆេះព្រៃដ៏សន្ធោរសន្ធៅ ឬ សីតុណ្ហភាពក្នុងកំណត់ត្រាថ្មីឡើយ។ ទោះចូលចិត្តឬអត់ គម្រោងនេះនឹងចាប់ផ្តើមក្នុងអនាគតដ៏ខ្លីខាងមុខ ខណៈការពិភាក្សាលើចំណុចនេះបានចាប់ផ្តើមរួចទៅហើយ។

ឧទាហរណ៍៖ អ្នកវិទ្យាសាស្រ្ត ២៥ នាក់បានប្រកាសថា ពេលផ្តើមស្វែងរកដំណោះស្រាយវិស្វកម្ម-ភូមិសាស្រ្ត បានមកដល់ហើយ ដើម្បីបញ្ច្រាសផលប៉ះពាល់នៃការបញ្ចេញឧស្ម័នកាបូនិក។ ដំណោះស្រាយជាក់លាក់មួយគឺ បម្លែងពពកឱ្យទៅជាពណ៌ស ដែលជាការចាក់បញ្ចូលរូបធាតុសមុទ្រតូចៗ ចូលទៅក្នុងដុំពពកប្រផេះ។ ភាគច្រើន ពួកគេបានចាប់ផ្តើមរួចទៅហើយ។ បច្ចេកវិទ្យាវិស្វកម្ម-ភូមិសាស្រ្តផ្សេងទៀតរួមមាន ដើមឈើសិប្បនិម្មិត ការធ្វើឱ្យអាកាសធាតុប្រសើរឡើង ការបំប៉នជីវជាតិដល់មហាសមុទ្រ ការធ្វើឱ្យល្បាយអំបិលអាកាឡាំងនៃមហាសមុទ្រប្រសើរឡើង និងផ្សេងៗទៀត។  

គម្រោងវិស្វកម្ម-ភូមិសាស្រ្ត

២. សត្វជាក់ស្តែងជាមួយខួរក្បាលឌីជីថល

ការចម្លងខួរក្បាលមនុស្សទាំងស្រុង ហាក់នៅឆ្ងាយផុតពីដៃណាស់ ហើយទំនងជាមិនកើតឡើងរហូតដល់ពាក់កណ្តាលទីពីរ នៃសតវត្សរ៍ទី២១។ ប៉ុន្តែក្នុងស្ថានភាពសព្វថ្ងៃ យើងអាចចម្លងខួរក្បាលសរីរាង្គសាមញ្ញៗ ដូចជាគម្រោងចម្លងខួរក្បាលឌីជីថល ទៅខួរក្បាលរបស់ព្រូនមួយប្រភេទជាដើម។ នៅពីរបីទសវត្សរ៍បន្ទាប់ ភាគច្រើនយើងច្បាស់ជាអាចចម្លងខួរក្បាលនៃសរីរាង្គផ្សេងទៀតដូចជា ស្រមោច ឃ្មុំ ឬថែមទាំងអាចចម្លងខួរក្បាលថនិកសត្វធម្មតាៗដូចជាកណ្តុរ ។ល។

ទោះយ៉ាងណា ដោយការធ្វើបែបនេះ យើងនឹងបង្កើតបានសត្វជាក់ស្តែង ដែលរស់នៅក្នុងកុំព្យូទ័រ ហើយនៅថ្ងៃណាមួយ ប្រហែលនៅទសវត្សរ៍ឆ្នាំ ២០៣០ ខួរក្បាលឌីជីថលទាំងនេះ នឹងត្រូវបង្ហោះចូលក្នុងមនុស្សយន្តក្នុងហ្គេម ឬ ក្នុងខ្សែភាពយន្ត។ សាកគិតទៅមើល សត្វដាយណូស័រនឹងកម្ទេចទីក្រុងទាំងមូលដែលពិតជាគួរឱ្យខ្លាច!

សត្វជាក់ស្តែងជាមួយខួរក្បាលឌីជីថល

១. បច្ចេកវិទ្យាផ្ទេរខួរក្បាល

យើងសង្ឃឹមថាវានឹងត្រូវបានបង្កើតឡើងក្នុងជំនាន់ដែលយើងរស់នៅនេះ។ មានសៀវភៅគរដូចភ្នំ និងចំណេះដឹងគ្មានព្រំដែនដែលដប់ជីវិតក៏រៀនមិនអស់ផង។ វានឹងក្លាយជាឧបករណ៍ផ្លាស់ប្តូរជីវិត។  សាកគិតទៅមើល បើគេអាចផ្ទេរខួរក្បាលពីមនុស្សម្នាក់ ទៅមនុស្សម្នាក់ទៀត ក្មេងៗនឹងអាចរៀនឆាប់ចេះប៉ុណ្ណា អ្នកឯកទេសនឹងកើតមកជំនាញស្រាប់។ គិតៗទៅគួរឱ្យខ្លាចដែរ ដែលមានគេកំណត់ជោគវាសនាយើង និងកំណត់ឯកទេសដែលយើងនឹងមានរួចទៅហើយ។ ពិតជាកម្សត់ម្យ៉ាងដែរ! 

បច្ចេកវិទ្យាផ្ទេរខួរក្បាល

យ៉ាងណាក៏ដោយ នេះគ្រាន់តែជាការប៉ាន់ស្មានរបស់អ្នកជំនាញផ្នែកបច្ចេកវិទ្យាមួយចំនួនប៉ុណ្ណោះ។ យើងគ្រាន់តែរង់ចាំមើល ថាតើវាអាចដល់កម្រិតនោះឬអត់។ ជឿឬមិនជឿ អាស្រ័យលើការពិចារណារបស់អ្នកផ្ទាល់៕

សូមទស្សនាវីដេអូខាងក្រោម៖

តើប្រិយមិត្តយល់យ៉ាងណាដែរ?

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]