« គេថាស៊ូស្លាប់បាកុំឱ្យស្លាប់មេ ស៊ូលិចទូកកណ្តាលទន្លេកុំឱ្យភ្លើងឆេះផ្ទះ » ពាក្យចាស់មួយឃ្លានេះ អាចបញ្ជាក់ច្បាស់ណាស់ថា ផ្ទះគឺជារបស់សំខាន់មួយសម្រាប់មនុស្សរស់នៅ និងជ្រកកោន។ តែមិនមែនអ្នកណាៗសុទ្ធតែមានសំណាងមានផ្ទះផ្ទាល់ខ្លួនរស់នៅទេ ប្រសិនជាមានម្តាយឪពុកជីដូនជីតាបន្សល់ផ្ទះនៅស្រាប់មិនមែនជាបញ្ហាប៉ុន្មានឡើយ តែបើគ្មានទេ ទម្រាំតែធ្វើកាងាររកស៊ីសន្សំលុយទិញផ្ទះក៏មិនមែនជារឿងងាយនោះដែរ ដោយសារតែផ្ទះពិតជាមានតម្លៃថ្លៃខ្លាំងណាស់ក្នុងពេលបច្ចុប្បន្ននៅតាមបណ្តាប្រទេសនានាទូទាំងពិភពលោក។

ទោះជាយ៉ាងណាក៏ដោយ អ្នកនឹងភ្ញាក់ផ្អើលនៅពេលដែលយើងបានស្វែងរកឃើញថា មានប្រទេសដល់ទៅ៥ឯណោះ ចែកជូនផ្ទះឱ្យប្រជាជនរស់នៅដោយឥតគិតថ្លៃ តាមលក្ខខណ្ឌមួយចំនួនដែលគេកំណត់ដូចខាងក្រោម៖

១.ប្រទេសអ៊ីតាលី

នៅក្នុងប្រទេសអ៊ីតាលី រដ្ឋ Sicilian មានក្រុងមួយមានឈ្មោះថា Gangi ដែលអាចផ្តល់ផ្ទះមួយខ្នងឱ្យអ្នករស់នៅបាន ដោយមិនបាច់អស់លុយសូម្បីតែមួយកាក់មួយសេននោះឡើយ។ នោះក៏ដោយសារតែចំនួននៅក្នុងប្រជាជននេះថយចុះយ៉ាងខ្លាំង ដែលមានអ្នករស់នៅត្រឹមតែ ៧០០០នាក់តែប៉ុណ្ណោះ ចំណែកឯផ្ទះក៏សេសសល់ច្រើនគ្មានមនុស្សរស់នៅជាងមួយទស្សវត្សរ៍ទៅហើយ។ ដូច្នេះគ្រាន់តែអ្នកស្នើសុំមករស់នៅជាប្រជាជនននៅក្នុងក្រុងនេះ ផ្ទះមួយខ្នងប្រាកដជាក្លាយជាកម្មសិទ្ធិរបស់អ្នកជាមិនខាន។

ប្រទេសអ៊ីតាលី រដ្ឋ Sicilian ក្រុង Gangi

២.សហរដ្ឋអាមេរិក

នៅតំបន់ប៉ែកខាងជើងចុះដល់ពាក់កណ្តាលនៃផែនទី (Midwest) នៃសហរដ្ឋអាមេរិក មានដីទំនេរសល់ចោលជាច្រើនដូចជានៅក្នុងក្រុង Gary Indiana និង Detroit ជាដើមដែលអាចឱ្យអ្នករស់នៅដោយមិនបាច់អស់លុយ។ តែយ៉ាងណាក៏ដោយ អ្នកមានសិទ្ធិរស់នៅ និងកាន់កាប់ដីធ្លីនៅទីនោះទាល់តែមានលក្ខណៈសម្បត្តិតាមលក្ខខណ្ឌតម្រូវការរដ្ឋរបស់គេមួយចំនួនដូចជា៖  ត្រូវតែជាបុគ្គលមានការងារធ្វើ  មានលំហូរសាច់ប្រាក់ និងមានផែនការសម្រាប់ការកែលំអទីក្រុងដែលនឹងមករស់នៅតែប៉ុណ្ណោះ។

សហរដ្ឋអាមេរិក

៣.ប្រទេសអាហ្វ្រិចខាងត្បូង

ខុសពីប្រទេសអ៊ីតាលី និងសហរដ្ឋអាមេរិក ប្រទេសអាហ្វ្រិចខាងត្បូងនឹងផ្តល់ផ្ទះទៅឱ្យប្រជាជនណាដែលក្រីក្រខ្វះខាតតែប៉ុណ្ណោះ។ ក្នុងករណីមានប្រជាជនដែលគ្មានចំណេះដឹង មានការសិក្សាទាប និងមិនអាចមានលទ្ធភាពរកផ្ទះស្នាក់នៅបាន រដ្ឋាភិបាលអាហ្វ្រិចខាងត្បូង នឹងផ្តល់ផ្ទះមួយខ្នងសម្រាប់ជនក្រីក្រទាំងនោះរស់នៅដោយមិនបាច់បង់ប្រាក់ឡើយ។

ប្រទេសអាហ្វ្រិចខាងត្បូង

៤. កោះ Pitcairm ចក្រភពអង់គ្លេស

បើអ្នកជាមនុស្សដែលស្រលាញ់ជីវភាពនៅលើកោះ ជាមួយនឹងធម្មជាតិ និងទេសភាពមាត់សមុទ្រ ហើយថែមទាំងរស់នៅដោយមិនលុយទៀតនោះ កោះ Pitcairm គឺជាអ្វីដែលប្រាថ្នាហើយ។ ដោយសារតែមានចំនួនប្រជាជនតិចបំផុត នៅលើកោះនេះមាននៅសល់ផ្ទះត្រឹមតែ ៥០ខ្នងតែប៉ុណ្ណោះ ដូច្នេះគ្រាន់តែប្រញាប់បំពេញបែបបទសុំផ្ទះមួយខ្នង រួចរង់ចាំការអនុម័តពីរដ្ឋាភិបាល ផ្ទះនៅលើកោះដែលជាក្តីស្រមៃរបស់អ្នកនឹងក្លាយទៅជាការពិត។

កោះ Pitcairm ចក្រភពអង់គ្លេស

៥. ប្រទេសកូឡុំប៊ី

មិនខុសពីប្រទេសអាហ្វ្រិចខាងត្បូង ប្រទេសកូឡុំប៊ីដែលស្ថិតនៅភាគខាងត្បូងសហរដ្ឋអាមេរិចមួយនេះ ក៏មានការផ្តល់ជូនផ្ទះទៅជនក្រីក្រ ឬមិនសូវមានការសិក្សាអប់រំផងដែរ។ ដូចដែលគ្រប់គ្នាបានដឹងរួចហើយ ប្រទេសកូឡុំប៊ីគឺជាប្រទេសក្រីក្រមួយ តែមួយរយៈចុងក្រោយនេះដោយសារតែកំណើនសេដ្ឋកិច្ច និងវិស័យទេសចរណ៍ ប្រទេសមួយនេះកំពុងតែងើបចេញពីភាពក្រីក្រម្តងបន្តិចៗហើយ មកដល់បច្ចុប្បន្ននេះ៕  

ប្រទេសកូឡុំប៊ី

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 085836679 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 085836679 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]