ស្ពៃក្តោប ជាបន្លែបៃតង ងាយរកនិងមានតំលៃធូរថ្លៃ ហើយវាផ្តល់ជម្រើសយ៉ាងច្រើនក្នុងការធ្វើម្ហូបអាហារមិនថា ឆា ឬ សម្ល នោះទេ។  មិនត្រឹមតែឆ្ងាញ់  វាថែមទាំងសំបូរទៅដោយសារធាតុចិញ្ចឹមយ៉ាងច្រើនតាំងពីវីតាមីន សារធាតុរ៉ែ ប្រូតេអ៊ីននិងសារធាតុសរសៃជាដើម។ សារធាតុចិញ្ចឹមទាំងនេះ សុទ្ធតែជាអ្វីដែលខ្លួនប្រាណយើងត្រូវការមិនអាចខ្វះបាន សម្រាប់ការលូតលាស់ ដំណើរការធម្មតា និងសុខភាពរាងកាយទាំងមូល។

ខាងក្រោមជាអត្ថប្រយោជន៍សុខភាពទាំង៥យ៉ាងនៃស្ពៃក្តោប៖

១. ប្រឆាំងនឹងមហារីក

ស្ពៃក្តោប មានផ្ទុកសារធាតុពិសេសម៉្យាង ដែលគេរកឃើញថា វាដើរតួនាទីក្នុងការទប់ទល់នឹងការលូតលាស់នៃកោសិកាមហារីកបណ្តាលមកពីអរម៉ូនអេស្ត្រូសែន ផលិតដោយរាងកាយយើងមិនថាប្រុសឬស្រី។

ស្ពៃក្តោបសំបូរដោយសារធាតុប្រឆាំងនឹងជាតិពុលទាំងឡាយដែលជាកត្តាបង្កហានិភ័យនៃការខូចខាត ឬការលូតលាស់មិនប្រក្រតីនៃកោសិកា ដែលជាដើមហេតុនៃជំងឺមហារីកដទៃទៀត។ 

រូបតំណាង

២. សុខភាពប្រព័ន្ធប្រសាទ

ការបរិភោគស្ពៃក្តោបផ្តល់ឲ្យយើងនូវវីតាមីន K ដែលជាសារធាតុយ៉ាងសំខាន់នៃកោសិកាខួរក្បាលរបស់យើង (ណឺរ៉ូន)។ វីតាមីន K ជាសារធាតុផ្សុំនៃស្រោមព័ទ្ធពីខាងក្រៅរបស់កោសិកាណឺរ៉ូនខួរក្បាល ដើម្បីបង្កើននូវល្បឿនក្នុងការទំនាក់ទំនងរវាងកោសិកាខួរក្បាលមួយទៅកោសិកាមួយទៀត។  កត្តានេះជួយបង្កើនការចងចាំ និង សមត្ថភាពនៃការគិតពិចារណា។

ជាពិសេសទៅទៀត ស្ពៃក្តោបមានផ្ទុកនូវសារធាតុប្រឆាំងជាតិពុលម៉្យាង ដែលចូលរួមចំណែកទប់ស្កាត់ការខូចខាតនៃកោសិកាខួរក្បាលទៀតផង។

រូបតំណាង

៣. សុខភាពឆ្អឹង

អ្នកដឹងទេថាស្ពៃក្តោបក៏ជាប្រភពនៃសារធាតុរ៉ែដ៏សំខាន់ៗសម្រាប់ការលូតលាស់នៃឆ្អឹងផងដែរ ដូចជាកាល់ស្យូម ម៉ាញេស្យូម ជាដើមដែលដើរតួនាទីយ៉ាងសកម្មក្នុងការទប់ស្កាត់នូវការបាត់បង់ និងស្រូបបញ្ចូលនៃសារធាតុកាល់ស្យូមក្នុងឆ្អឹង។ កត្តានេះ ចូលរួមចំណែកក្នុងការកាត់បន្ថយហានិភ័យនៃជំងឺពុកឆ្អឹងនៅពេលយើងអាយុកាន់តែច្រើនទៅ។

ជាពិសេស សារធាតុរ៉ែទាំងនេះចាំបាច់ត្រូវការចំពោះស្ត្រីអស់រដូវ ដែលងាយនឹងជួបបញ្ហាពុកឆ្អឹងដោយសារការប្រែប្រួលនៃអរម៉ូន។ 

រូបតំណាង

៤. រក្សាសំពាធឈាម

ស្ពៃក្តោប សំបូរទៅដោយសារធាតុប៉ូតាស្យូម ដែលជាសារធាតុរ៉ែដ៏សំខាន់ក្នុងការរក្សាលំនឹងនៃសំពាធឈាម និងចង្វាក់បេះដូងឲ្យនៅក្នុងកម្រិតធម្មតា។ ជាពិសេស វាជួយផ្តល់នូវភាពបត់បែននៃសរសៃឈាម ដែលធ្វើឲ្យលំហូរនៃបរិមាណឈាមទៅចិញ្ចឹមរាល់កោសិកាទាំងអស់បានច្រើននិងគ្រប់គ្រាន់។

រូបតំណាង

៥. សុខភាពប្រព័ន្ធរំលាយអាហារ

ការហូបស្ពៃក្តោបបានផ្តល់ឲ្យយើងនូវសារធាតុសរសៃយ៉ាងសំបូរបែប ដែលជាសារធាតុយ៉ាងសំខាន់ក្នុងការរក្សាលំនឹងពោះវៀន ដោយសារវាជាចំណីអាហាររបស់ពពួកបាក់តេរីល្អៗក្នុងប្រព័ន្ធរំលាយអាហារ ហើយបាក់តេរីទាំងនេះជួយដល់ការស្រូបយកសារធាតុចិញ្ចឹម និងផ្តល់ឲ្យកោសិកាយើងទៅតាមចរន្តឈាម។

ជាពិសេសសារធាតុសរសៃទទួលបានពីស្ពៃក្តោបជាថ្នាំធម្មជាតិ បំបាត់នូវអាការទល់លាមកទៀតផង៕

រូបតំណាង

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 085836679 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 085836679 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សម្រស់ & សុខភាព និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]