(ភ្នំពេញ)៖ តារាចម្រៀងប្រុសសាច់ដុំធំៗ ត្រូវបានគេស្គាល់ថា ជាតារាដុះស្លែប្រចាំផលិតកម្ម សាន់ដេ គឺ លោក មាស សាលី ហាក់បាត់មុខមាត់ឈឹងពីពិភពសិល្បៈទៅហើយ ខណៈតារាថ្មីៗជំនាន់ក្រោយ បានចូលមកជ្រៀតជ្រែកទីផ្សារ ដូចជា លោក សុខ មេសា ហៅនាយ ចឺម ជាដើម។ ស្របពេលជាមួយគ្នានេះលោក មាស សាលី ត្រូវបានគេដឹងថា ទីផ្សាររបស់លោក ហាក់កប់បាត់ក្នុងបាតសមុទ្រតែម្តង ខណៈវត្តមានរបស់តារាចម្រៀងល្បីឈ្មោះ ខេមរៈ សិរីមន្ត ចូលមកដល់។ ដោយឡែកនៅពាក់កណ្តាលឆ្នាំ ២០១៨នេះ គេឃើញថា លោក មាស សាលី ហាក់ងើបមុខមាត់ឡើងវិញ ក្រោយពីលោក ខេមរៈ សិរីមន្ត វេចបង្វេចទៅហង្សមាស ដោយចម្រៀងរបស់លោក មាស សាលី ដែលមានចំណងជើងថា «អង្គរក្សបេះដូង» ល្បីកាលពីជិត១០ឆ្នាំមុន បានសម្រេចថតវីដេអូពេញសារជាថ្មីឡើងវិញ។

ជាការកត់សម្គាល់ ជាមួយនឹងការបញ្ចេញ MV សារជាថ្មី មានចំណងជើងថា «អង្គរក្សបេះដូង» ពីសំណាក់ផលិតកម្ម សាន់ដេ ជាសំនៀងរបស់លោក មាស សាលី នេះផងដែរ ត្រូវបានអ្នកតាមដានសិល្បៈ សន្និដ្ឋានថា លោក មាស សាលី កំពុងតែមានទឹកមាត់លេបជាថ្មី។ តែយ៉ាងណា ការបញ្ចេញវីដេអូចម្រៀងពេញនេះ ក៏មិនអាចជំនួសតំណែង ខេមរៈ សិរីមន្ត ទោះលោក ខេមរៈ សិរីមន្ត ចេញទៅហង្សមាសក៏ដោយ ព្រោះសំឡេងរបស់លោក មាស សាលី ត្រូវបានគេដឹងថា បានត្រឹមតែបទលក្ខណៈស្រុកស្រែប៉ុណ្ណោះ។

មានការកត់សម្គាល់ឃើញថា អ្វីដែលគួរបារម្ភចំពោះ សាន់ដេនោះ គឺផលិតកម្មក្នុងស្រុកដទៃទៀត ដូចជា ហង្សមាស និង ផលិតកម្ម Town ក៏កំពុងតែមានទីផ្សារខ្លាំងណាស់ដែរ ព្រោះបើតាមគេដឹង តារាចម្រៀងប្រុសស្រីក្នុងផលិតកម្ម សាន់ដេ បានដើរចេញជាបណ្តើរៗហើយ ទៅផលិតកម្មហង្សមាស ដូចជា លោក ខេមរៈ សិរីមន្ត និង អ្នកនាង សុខ ស្រីនាង ជាដើម។

យ៉ាងណាមិញ ការបញ្ចេញ MV សារជាថ្មី បទ«អង្គរក្សបេះដួង» របស់លោក មាស សាលី នេះផងដែរ ត្រូវបានគេដឹងថា គ្រាន់តែជាការលួងចិត្ត លោក មាស សាលី តែប៉ុណ្ណោះ ខណៈតារាប្រុសរូបនេះ ហាក់ស្ងាត់ពីសិល្បៈយូរមកហើយ។

គួរបញ្ជាក់ថា ការចេញមុខជាថ្មីមកវិញ របស់លោក មាស សាលី តាមរយៈ MV ថ្មីនេះ គឺទទួលបានការគាំទ្រពីទស្សនិកជនច្រើនគួរសមដែរ ប៉ុន្តែមិនល្បីល្បាញខ្លាំង និងជ្រួតជ្រៀបដល់បេះដូងទស្សនិកជណនោះទេ ខណៈទស្សនិកជនភាគច្រើនផ្តោតតែបទចម្រៀង មនោសញ្ចេតនាសម័យថ្មី ទើបតែចេញប៉ុណ្ណោះ៕

មាស សាលី
មាស សាលី
មាស សាលី

ប្រភព៖ khmertalking

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

មាស សាលី