ក្រៅពីថ្នាក់ដឹកនាំនៅក្នុងក្រុមហ៊ុន ឬកន្លែងដែលយើងធ្វើការ អ្នកដែលយើងធ្វើការយ៉ាងជិតស្និទ្ធបំផុតនោះគឺមិត្តរួមការងារ។ គេថាបានចៅហ្វាយល្អជារឿងដែលសំណាងខ្លាំងណាស់ ហើយអ្នករឹតតែសំណាងប្រសិនជាបានមិត្តរួមការងារល្អ។

ទោះជាយ៉ាងណា ចរិតមនុស្សម្នាក់ៗសុទ្ធតែខុសគ្នា ហើយនៅក្នុងការងារមានមនុស្សច្រើនប្រភេទណាស់ ក្នុងចំណោមអ្នកទាំងនោះប្រាកដជាមិនមែនមានមនុស្សល្អទាំងអស់ទេ ថែមទាំងអាចអូសទាញការងាររបស់អ្នកឱ្យធ្លាក់ចុះ ឬមានបញ្ហាផងដែរ។

ដូច្នេះមកមើលចរិតមិត្តរួមការងារណាខ្លះ ដែលអ្នកគួរតែនៅឱ្យឆ្ងាយដូចខាងក្រោមនេះ៖

មិត្តរួមការងារមានចរិតមិនល្អទាំង៥ប្រភេទ

១. មនុស្សអែបអប/យកមុខយកមាត់

មិត្តរួមការងារប្រភេទនេះ គឺជាប្រភេទមនុស្សដែលចូលចិត្តនិយាយយកមុខយកមាត់ខ្លួនឯងណាស់ ថែមទាំងពូកែចាក់រុកចៅហ្វាយនាយផងដែរ។ បន្ថែមពីនេះគេក៏ជាមនុស្សដែលពូកែចាំសង្កេត និងតាមដានមើលបុគ្គលិកផ្សេងទៀតដែរថា គេកំពុងតែធ្វើអ្វី? តើគេមានគម្រោងថ្មីដែលល្អដែរឬអត់? ជាពិសេស គេក៏ជាប្រភេទមនុស្សដែលពូកែច្រណែនឈ្នានីស និងខ្លាចអ្នកផ្សេងមានតំណែងខ្ពស់ជាង ឬមានមុខមានមាត់ក្នុងក្រុមហ៊ុនជាងគេជាដើម។

ប្រសិនជាជួបមិត្តរួមការងារប្រភេទនេះ អ្នកត្រូវតែប្រយ័ត្នប្រយែងឱ្យបានមែនទែន ជាពិសេស គឺលាក់ការណ៍សម្ងាត់នូវការងារដែលអ្នកបានធ្វើ ដើម្បីកុំឱ្យមិត្តរួមការងារមានចរិតបែបនេះ លួចយកគំនិត ឬគុណសម្បត្តិរបស់អ្នកឱ្យសោះ។

មនុស្សអែបអប/យកមុខយកមាត់

២. មនុស្សអត់ប្រយោជន៍

មនុស្សបែបនេះ គឺជាមនុស្សដែលខ្ជិល ធ្វើការមិនច្បាស់លាស់ មានលេសច្រើន និងគ្មានទំនួលខុសត្រូវនៅក្នុងការងារជាដើម។ នៅក្នុងការងារគេអាចជាមនុស្សដែលមិនសូវជាប្រឹងប្រែង ឬខ្វល់ពីការងារប៉ុន្មាននោះទេ ថែមទាំងបណ្តោយឱ្យការងារជិតដល់ពេលកំណត់ទើបស្ទុះស្ទាធ្វើទៀតផង ដោយមានលេសមិនចេះចប់មិនចេះហើយ។

ដូច្នេះបើជួបមិត្តរួមការងារបែបនេះ ហើយចៀសធ្វើការជាមួយគ្នាមិនបាន អ្នកត្រូវចេះកំណត់ពេលវេលា និងទុកពេលគ្រប់គ្រាន់ក្នុងការធ្វើការងារឱ្យបានច្បាស់លាស់បំផុត។ ហើយប្រសិនជាគេធ្វើមិនទាន់នោះជារឿងរបស់គេ ហើយគេក៏ជាអ្នកដែលទទួលខុសត្រូវលើការយឺតយ៉ាវនេះដែរ។

មនុស្សអត់ប្រយោជន៍

៣. មនុស្សពូកែស៊ីត្រាវ

នៅកន្លែងធ្វើការតែងតែមានការនិយាយគ្នា ឬជជែកគ្នាលេងជារឿងធម្មតានោះទេ តែក៏មិនមែននិយាយអ្វីដែលហួសហេតុពេកដែរ។ មិត្តរួមការងារដែលអ្នកគួរតែចៀសឱ្យឆ្ងាយនោះ គឺបុគ្គលដែលចូលចិត្តសួរនាំជីកប្ញសជីកគល់រឿងរបស់អ្នកដទៃ ថែមទាំងពូកែនិយាយដើមគេផងដែរ ដែលការនិយាយដើមគេនោះ ទោះពិត ឬមិនពិតក៏ជារឿងដែលមិនសមគួរនឹងនិយាយដែរព្រោះជាចរិតមិនល្អ ថែមទាំងខ្ជះខ្ជាយពេលវេលាទៀតផង។

ដូច្នេះប្រសិនជាអ្នកមានមិត្តរួមការងារប្រភេទនេះ អ្នកគួរតែនៅឱ្យឆ្ងាយ និងចៀសវាង កុំនិយាយអ្វីច្រើនជាមួយពួកគេឱ្យសោះ ព្រោះចរិតមនុស្សបែបនេះអាចនឹងយករឿងយើងទៅនិយាយផ្សព្វផ្សាយបន្តទៀត ឬអាចចាក់រុកអ្នកផ្សេងទៀតនិយាយដើមយើងទៀតផង។ មនុស្សបែបនេះគេហៅថា មនុស្សឆ្អិនក្បាលស៊ីក្បាល ឆ្អិនកន្ទុយស៊ីកន្ទុយ នៅជាមួយយើងនិយាយដើមគេ នៅជាមួយគេនិយាយដើមយើង។

មនុស្សពូកែស៊ីត្រាវ

៤. មនុស្សខ្ជីខ្ជារ/ខ្ជិលច្រអូស

មនុស្សប្រភេទនេះ គឺជាមនុស្សដែលខ្ជីខ្ជាក្នុងការងារ ថែមទាំងខ្ជិលច្រអូសផងដែរ។ គេអាចនឹងយកលេសនេះលេសនោះ អូសបន្លាយការងារយូរ ធ្វើជារវល់នេះរវល់នោះ និងផ្តោតលើការងារមួយតែប្រើរយៈពេលយូរ ថែមទាំងធ្វើខ្លួនឱ្យរវល់មិនធ្វើអ្វីផ្សេងសោះ ដោយមិនខ្វល់ពីមិត្តរួមការងារផ្សេងថែមទៀតផង។

មនុស្សបែបនេះធ្វើល្បិចជាខំប្រឹងធ្វើការងារ ធ្វើនេះធ្វើនោះអត់ប្រយោជន៍ឱ្យអ្នកដទៃមើលឃើញថា គេជាមនុស្សសកម្មបំផុតក្នុងការងារ។ សម្រាប់មិត្តរួមការងារប្រភេទនេះ ទាមទារឱ្យមានអ្នកដែលតាមដាន និងត្រួតពិនិត្យដំណើរការធ្វើការងារឱ្យបានហ្មត់ចត់ផងដែរ ដើម្បីប្រាកដចិត្តថា គេមិនអាចអូសបន្លាយការងារឱ្យយូរជាងនេះ.

ជាពិសេសការដែលផ្តល់រង្វាន់ ឬការលើកទឹកចិត្តអាចជម្រុញឱ្យមនុស្សប្រភេទនេះសកម្មការងារពិតប្រាកដ និងមានទម្លាប់ល្អ ដោយមិនលួចខ្ជិលផងដែរ។

មនុស្សខ្ជីខ្ជារ/ខ្ជិលច្រអូស

៥. មនុស្សលេងសើចច្រើន

មិត្តរួមការងារប្រភេទនេះ មិនសូវជាយកចិត្តទុកដាក់លើការងារទេ ថែមទាំងយល់ថាកន្លែងធ្វើការជាកន្លែងលេងសើចផងដែរ។ មនុស្សប្រភេទនេះ នឹងមិនសូវជាសកម្មក្នុងការងារប៉ុន្មានទេ ហើយយកម៉ោងការងារជជែកលេងអត់ប្រយោជន៍ (ក្នុងបណ្តាញសង្គម ឬនិយាយទូរស័ព្ទ) ឬធ្វើអ្វីដែលមិនចម្រើនការងារក្នុងក្រុមហ៊ុនទៀតផង។

ក្រៅពីនេះ គេអាចជាមនុស្សដែលនិយាយលេងសើចច្រើនហួសហេតុពេក ដើរតែរំខានការងារអ្នកដទៃ ឬនិយាយអ្វីដែលមិនទាក់ទងនឹងការងារក្នុងម៉ោងការងារជាដើម៕   

មនុស្សលេងសើចច្រើន

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]