ចិន៖ ស្រ្តីវ័យក្មេងជាម្តាយជនជាតិចិនម្នាក់ ត្រូវបានមហាជនលើបណ្តាញសង្គមរិះគន់យ៉ាងចាស់ដៃ ក្រោយបែកធ្លាយវីដេអូឃ្លីប ឃុំកូនខ្លួនឯងក្រោមជើងម៉ា ឬកៅអី ប្រៀបបីដូចជាអ្នកជាប់ទោស រួចអង្គុយពីលើលេងល្បែងធ្វើព្រងើយ។

ជាក់ស្តែង បើតាមវីដេអូឃ្លីបដែលត្រូវបានបែកធ្លាយបង្ហោះចែកចាយនោះ គេឃើញក្មេងប្រុសតូចអាយុប្រហែល១ខួបជាងខាងលើនេះ ត្រូវបានម្តាយរបស់គេចាប់ឃុំដាក់ក្រោមកៅអី រួចអង្គុយពីលើដើម្បីស្រួលបានលេងល្បែងម៉ាជុង (ឬ Mahjong ជាល្បែងរបស់ជនជាតិចិន) កុំឲ្យពិបាកហត់នឹងភាពរពឹសតាមចាប់កូន។

គេក៏អាចឮសំឡេងកូនក្មេងដ៏គួរឲ្យអាណិតនេះ យំអេះអុញ នៅមិនសុខចង់ឲ្យគេជួយនាំយករូបគេចេញផងដែរ។ 

ក្មេងតូចត្រូវម្តាយឃុំក្រោមកៅអីអង្គុយ

បើយោងតាមកាសែតក្នុងស្រុក នៅក្នុងហេតុការណ៍នោះ ត្រូវបានគេសង្ស័យថា ស្ថិតនៅក្នុងបន្ទប់សាឡនក្រោមដី ក្បែរសាលារៀនមួយកន្លែង ក្នុងទីក្រុង Hengyang ខេត្ត Hunan ប្រទេសចិន។

ប្រភពដដែលបន្តថា ក្រោយទទួលបានព័ត៌មាននេះ ប៉ូលិសក៏បានចុះទៅឆែកឆេរនៅទីតាំងនោះ ដោយបានឃាត់ខ្លួនមនុស្ស១២នាក់ ពីបទសង្ស័យជាប់ពាក់ព័ន្ធលេងល្បែងម៉ាជុងនេះ កាលពីថ្ងៃទី៣ កក្កដា កន្លងទៅ។

ប៉ុន្តែបើទោះបីជាយ៉ាងណាក្តី ក្រោយក្រុមសមត្ថកិច្ចពិនិត្យមើលវីដេអូឃ្លីបជាថ្មី ពួកគេជឿជាក់ថា ហេតុការណ៍នេះ មិនមែនកើតឡើងនៅក្នុងទីក្រុង Hengyang ដូចការសង្ស័យនោះទេ។ ព្រោះដោយសារតែ ភាសានិយាយរបស់ជនសង្ស័យ ទាំង១២នាក់ ដែលត្រូវបានឃាត់ខ្លួន គេអាចសន្និដ្ឋានបានថា មិនមែនជាអ្នកក្រុង Hengyang ។

ជុំវិញនឹងករណីនេះដែរ ប៉ូលិសក៏កំពុងតែបន្តបើកការស៊ើបអង្កេត ដើម្បីស្វែងរកមុខស្រ្តីជាម្តាយអាក្រក់រូបនោះ ចាត់ការទៅតាមផ្លូវច្បាប់ផងដែរ។

គួរឲ្យដឹងផងដែរថា វីដេអូឃ្លីបដើមក្រោយបង្ហោះចែកចាយ ទទួលបានអ្នកចុចចូលមើលរហូតដល់ទៅជាង ២លានដងឯណោះ។ ក្នុងនោះ អ្នកលេងបណ្តាញសង្គមជាច្រើន ក៏បានសម្ដែងការខឹងសម្បា និងរិះគន់យ៉ាងខ្លាំងទៅលើទង្វើស្រ្តីជាម្តាយចិត្តខ្មៅខាងលើនេះផងដែរ។

អ្នកលេងបណ្តាញសង្គមម្នាក់បញ្ចេញមតិថា៖ «ស្រ្តីជាម្តាយនេះ ពិតជាអាត្មានិយមមែន! ស្រមៃថាថ្ងៃណាមួយ នៅពេលដែលក្មេងប្រុសនោះធំឡើង ចាប់ម្តាយគេចាក់សោរឃុំឃាំងទុកវិញ ទើបល្អមុខ» ។ អ្នកខ្លះទៀតថា «ខ្ញុំពិតជាអាណិតក្មេងនេះណាស់ ពេលឃើញសភាពត្រូវម្តាយធ្វើបាបបែបនេះ» ៕

តើសម្រាប់ប្រិយមិត្តវិញយល់យ៉ាងណាដែរ?

ទស្សនាវីដេអូខាងក្រោម៖ 

ក្មេងតូចត្រូវម្តាយឃុំក្រោមកៅអីអង្គុយ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 085836679 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 085836679 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]