ថៃ៖ បន្ទាប់ពីជាប់ក្នុងរូងភ្នំថាំហ្លូង ខេត្តឈៀងរ៉ៃ ប្រទេសថៃ អស់រយៈពេល៩ថ្ងៃ ដាច់បាយក្រហាយទឹក រូបរាងស្គមស្គាំង ហាក់សល់តែស្បែកដណ្ដប់ឆ្អឹង ទីបំផុតក្រុមបាល់ទាត់ជ្រូកព្រៃវ័យក្មេងទាំង១២រូប រួមទាំងគ្រូបង្វឹកម្នាក់ ត្រូវបានរកឃើញ ដែលដំណឹងនេះបានធ្វើឲ្យអាណាព្យាបាល សាច់ញាតិក្មេងៗរងគ្រោះ និងមហាជននៅទូទាំងបណ្តាប្រទេសជាច្រើនលើពិភពលោក សម្ដែងក្តីរំភើបរីករាយយ៉ាងខ្លាំង។

ក្រុមបាល់ទាត់ជូកព្រៃ

ប៉ុន្តែផ្ទុយទៅវិញ បើគិតមកទល់ពេលនេះ ក្មេងទាំង១៣ ក៏នៅតែមិនទាន់ត្រូវបាននាំចេញមកក្រៅនៅឡើយទេ ដោយសារតែ បញ្ហាអាកាសធាតុមិនអំណោយផល ព្យុះភ្លៀងឥតឈប់ បង្កជាទឹកជំនន់ជន់លេចខ្លាំង បើទោះបីជាមានការជួយអន្តរាគមន៍ ពីក្រុមជួយសង្គ្រោះជាច្រើនផ្សេងទៀត បូមទឹកចេញ ឬខូងបុកភ្នំយ៉ាងណាក៏ដោយ។ កត្តានេះក៏រឹតតែធ្វើឲ្យក្រុមអ្នកជួយសង្គ្រោះ មានការលំបាកខ្លាំង នឹងងាយរងហានិភ័យផ្សេងៗផងដែរ។

ដោយឡែកមួយវិញទៀតនោះ ក្មេងទាំង១៣ ក៏កំពុងតែស្ថិតនៅក្នុងស្ថានភាព ហេវហត់ មិនទាន់មានកម្លាំងរឹងមាំដូចដើមនៅឡើយ ខណៈដែលក្រុមអ្នកជួយសង្គ្រោះបានអះអាងថា ទាមទារបំប៉នទៅលើសុខភាពរបស់ពួកគេជាមុនសិន មុននឹងធ្វើការហ្វឹកហាត់ពួកគេឲ្យចេះពីវិធីមុជទឹក ដោយមានបំពាក់នូវឧបករណ៍ជំនួយត្រឹមត្រូវ ទើបអាចនាំចេញមកក្រៅវិញបាន ប៉ុន្តែវាត្រូវចំណាយរយៈពេលយូរបំផុត រហូតដល់ទៅរាប់ខែឯណោះ។

បូមទឹកចេញពីរូងល្អាងភ្នំ
បូមទឹកចេញពីរូងល្អាងភ្នំ

ដោយសារតែបែបនេះហើយ ទើបកាលពីល្ងាចថ្ងៃពុធ ម្សិលមិញនេះ សម្ដេចសង្ឃ បាប៊ុនឈុំ កិត្តិនាមល្បី៣ប្រទេស ថៃ ឡាវ ភូមា ដែលមហាជនជាច្រើនស្គាល់ថា មានបារមីឫទ្ធិខ្លាំងពូកែ ក៏ត្រូវបានគេអញ្ជើញនិមន្តមកដល់ល្អាងរូងភ្នំថាំហ្លួងជាថ្មីម្តងទៀត។

ព្រះសង្ឃ បាប៊ុនឈុំ

ដោយពុំមានសង្ឃដីកាច្រើន ព្រះអង្គនិមន្តចូលដល់ក្នុងមាត់រូងល្អាងតែម្តង ខណៈដែលសមាជិកក្រុមគ្រួសារសាច់ញាតិក្មេងៗរងគ្រោះមួយចំនួន ក៏បានដើរតាមពីក្រោយពីព្រះអង្គផងដែរ។

ព្រះសង្ឃ បាប៊ុនឈុំ បានសូត្រធ្វើកិច្ចពិធីបួងសួង ដើម្បីឲ្យក្មេងៗទាំង១៣ ដែលកំពុងតែស្ថិតនៅក្នុងរូងភ្នំ ឲ្យមានសុវត្ថិភាព ក៏ដូចជាអាកាសធាតុល្អ ដើម្បីឆាប់បាននាំពួកគេចេញមកក្រៅវិញ ជួបជុំជាមួយនឹងឪពុកម្តាយផងដែរ។ នេះយោងតាមការចុះផ្សាយពីសារព័ត៌មានថៃ Khaosod ។

ព្រះសង្ឃ បាប៊ុនឈុំ

ជាមួយគ្នានេះដែរ អភិបាលខេត្តឈៀងរ៉ៃ លោក Narongsak Osottanakorn ក៏បានទទូចម្តងហើយម្តងទៀតថា ក្មេងទាំង១៣ នឹងត្រូវតែធានាសុវត្ថិភាពឲ្យបាន ១០០ភាគរយជាមុនសិន មុនពេលនាំពួកគេចេញមកក្រៅ។

លោកក៏បានប្រកាស កាលពីព្រឹកថ្ងៃព្រហស្បតិ៍នេះ ដោយបដិសេធមិនទាន់ដឹងពីពេលវេលាជាក់លាក់ណាមួយ ថាអាចនាំយកពួកគេចេញបាន នៅពេលណានោះទេ។ ពោលគឺ អាស្រ័យទៅលើកត្តាអាកាសធាតុ និងភាពរឹងមាំរបស់ពួកគេត្រលប់មកវិញ ខណៈធ្វើឲ្យគ្រប់គ្នាកាន់តែមានការព្រួយបារម្ភខ្លាំង ខ្លាចក្រែងប្រតិបត្តិការជួយសង្គ្រោះនេះ មានរយៈពេលយូរអាចដល់៤ខែ រហូតទាល់តែរដូវខ្យល់មូសុងបញ្ចប់នៅចុងខែតុលាឯណោះ ៕

ព្រះសង្ឃ បាប៊ុនឈុំ
ព្រះសង្ឃ បាប៊ុនឈុំ
ព្រះសង្ឃ បាប៊ុនឈុំ
បូមទឹកចេញពីរូងល្អាងភ្នំ
បូមទឹកចេញពីរូងល្អាងភ្នំ
កន្លែងរៀបចំពិធីសែនព្រេងផ្សេងៗ
បូមទឹកចេញពីរូងល្អាងភ្នំ
កងកម្លាំង

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]