ចិន៖ អ្នកប្រើប្រាស់បណ្តាញសង្គមក្នុងប្រទេសចិន កំពុងពិភាក្សាដេញដោលយ៉ាងតឹងសរសៃក ថាតើបុរសជាអ្នកសារព័ត៌មានកូរ៉េម្នាក់ ដែលត្រូវបានអ្នកគាំទ្រនារីៗចាប់ថើប អំឡុងព្រឹត្តិការណ៍ World Cup ត្រូវចាត់ទុកជាទង្វើ “បៀតបៀនផ្លូវភេទ” ឬយ៉ាងណា។

នារីគាំទ្រជនជាតិរុស្ស៊ីចាប់ពិធីករប្រុសថើប

បើតាមវីដេអូខ្លីមួយបង្ហាញពីលោក Jeong Gwang-ryeol ដែលជាអ្នកយកការណ៍របស់ទូរទស្សន៍ MBN របស់កូរ៉េខាងត្បូង កំពុងផ្សាយផ្ទាល់នៅថ្ងៃទី ២៨ ខែ មិថុនា ក្នុងប្រទេសរុស្ស៊ី ត្រូវបានស្រីស្អាតដែលជាអ្នកគាំទ្ររុស្ស៊ីពីរនាក់ ចាប់ថើបថ្ពាល់ម្នាក់ម្តងៗ។

អ្នករាយការណ៍រូបនេះព្យាយាមទប់សំណើចដែរ ប៉ុន្តែចាប់ផ្តើមមានអារម្មណ៍អៀនខ្មាស ក្រោយហេតុការណ៍ស្រដៀងគ្នានេះ កើតឡើងចំពោះពិធីករស្រីៗជាបន្តបន្ទាប់ពេលកំពុងផ្សាយផ្ទាល់ ហើយអ្នកគាំទ្រប្រុសៗទាំងនោះត្រូវបានរិះគន់យ៉ាងចាស់ដៃផ្អើលបណ្តាញសង្គម។

ពិធីករប្រុសទប់សំណើចលែងជាប់

សូមបញ្ជាក់ថា ការពិភាក្សាដេញដោលនេះបានលេចឡើងតាម Weibo ដែលជាបណ្តាញសង្គមដ៏ធំបំផុតរបស់ចិន ដោយអ្នកប្រើប្រាស់ចោទសួរថា ហេតុអ្វីសកម្មភាពរបស់នារីៗគាំទ្ររុស្ស៊ី មិនត្រូវបានរិះគន់ដូចសកម្មភាពរបស់អ្នកគាំទ្រប្រុសៗ។ 

ពិធីករស្រីដែលត្រូវអ្នកគាំទ្របុរសចាប់ថើប

“វាផ្ទុយស្រឡះពីព័ត៌មានមុនៗ” អ្នកប្រើប្រាស់ Weibo ម្នាក់និយាយដូច្នេះ។ រីឯអ្នកប្រើប្រាស់ម្នាក់ទៀតសួរថា “ហេតុអ្វីក៏មិនចាត់ទុកជាការបៀតបៀនផ្លូវភេទ?” ដែលការសួរនេះទទួលបានរាប់រយ Likes។ ក្នុងនោះក៏មានអ្នកសរសេរដោយចំអកលេងថា “បើអ្នកថើបនោះជាស្រីស្អាត គេមិនហៅថាបៀតបៀនទេ” ខណៈអ្នកប្រើប្រាស់ផ្សេងទៀត “អំពាវនាវឱ្យមានសមភាព (ភាពស្មើគ្នា) រវាងបុរសនិងស្ត្រី” ហើយលើកឡើងថា ប្រតិកម្មចំពោះករណីនេះបង្ហាញថា វិសមភាពនៅតែកើតមាន។ លើសពីនេះ អ្នកខ្លះមានអារម្មណ៍ក្តៅក្រហាយ ពេលបណ្តាញព័ត៌មានប្រើពាក្យ “ស្រីស្អាត” ពេលសំដៅដល់ស្រីម្តងៗ។

ពិធីករស្រីដែលត្រូវអ្នកគាំទ្របុរសចាប់ថើប

ថ្វីបើការថើបនេះមានការជជែកវែកញែកខ្លាំងនៅចិន តែវាមិនសូវមានអ្នកចាប់អារម្មណ៍នៅកូរ៉េខាងត្បូងទេ ដែលមានតែទូរទស្សន៍ MBN និង បណ្តាញសាខារបស់ខ្លួនផ្សាយរឿងនេះប៉ុណ្ណោះ។

ទោះយ៉ាងណាអ្នកប្រើប្រាស់ Twitter កូរ៉េខាងត្បូងម្នាក់បានចូលរួមការពិភាក្សាគ្នានេះ ដោយសរសេរថា “មិនថាអ្នកមានភេទអ្វីឡើយ អ្នករងការបៀតបៀនដូចគ្នា។ អ្នកសារព័ត៌មាន MBN បានទៅរុស្ស៊ីដើម្បីផ្សាយពីព្រឹត្តិការណ៍ World Cup ហើយគាត់ត្រូវបានបៀតបៀនដោយនារីពីរនាក់។”  

អ្នកគាំទ្របុរសចង់ចាប់ថើប តែមិនបានសម្រេច

គួរឱ្យដឹងថា ប៉ុន្មានខែមុននេះ រឿងរ៉ាវអំពីការបៀតបៀនផ្លូវភេទ ត្រូវបានលើកមកពិភាក្សាផ្អើលពេញ Weibo ដោយមនុស្សជាច្រើនបានចោទអាជ្ញាធរថាមិនចាត់វិធានការឱ្យបានម៉ត់ចត់។ 

ដោយឡែក នៅសប្តាហ៍មុន មានវីដេអូដែលសង្កត់ធ្ងន់ថា “ទាំងបុរសនិងស្ត្រី ទាំងក្មេងនិងចាស់” សុទ្ធតែអាចចាត់ចូលក្នុងការបៀតបៀន ដែលវីដេអូនេះបានផ្ទុះល្បី និងបង្កជាការដេញដោលមួយផ្សេងទៀតលើបណ្តាញសង្គមផងដែរ៕

សូមទស្សនាវីដេអូខាងក្រោម៖

តើប្រិយមិត្តយល់យ៉ាងណាដែរ?

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]