ថៃ៖ អស់រយៈពេលជិត១០ថ្ងៃ ដែលក្មេងៗក្រុមបាល់ទាត់ រួមទាំងគ្រូបង្វឹកម្នាក់ វ័យ២៥ឆ្នាំ ត្រូវបានជាប់គាំងនៅក្នុងរូងភ្នំថាំងហ្លួង ខេត្តឈៀងរ៉ៃ ប្រទេសថៃ ទីបំផុតត្រូវបានរកឃើញកាលពីយប់ថ្ងៃច័ន្ទ ម្សិលមិញនេះ នៅចន្លោះម៉ោងប្រហែលជា ១០និង២៥នាទី ធ្វើឲ្យពិភពលោកមានភ្ញាក់ផ្អើលនឹងរឿងមួយនេះ រួមទាំងអាណាព្យាបាល សាច់ញាតិក្មេងរងគ្រោះទាំងអស់ រំភើបចិត្តជាខ្លាំង។

បើទោះបីជា រកឃើញអ្នកទាំង១៣នាក់ ខាងលើនេះក៏ពិតមែន ប៉ុន្តែក្នុងនោះក៏មានការជជែកពិភាក្សាគ្នាយ៉ាងវែងអន្លាយ ជុំវិញបញ្ហាទាក់ទងនឹងគ្រូបង្វឹក ថាតើអាចប្រឈមមុខនឹងការចាត់វិធានការតាមផ្លូវច្បាប់ ចំពោះកំហុសក្រោយបានដឹកនាំក្រុមក្មេងទាំង១២ ចូលក្នុងល្អាងរូងភ្នំថាំហ្លួង រហូតបណ្តាលឲ្យជាប់គាំងដាច់បាយក្រហាយទឹក ស្ទើរស្លាប់ស្ទើររស់នោះ ឬយ៉ាងណា? ។

ក្រុមក្មេងទាំង១២ និងគ្រូបង្វឹក

យ៉ាងណាមិញ ជុំវិញនឹងករណីនេះ និងតាមការសាកសួរប្រសាសន៍ពីលោក Komsan Saardd-an ប្រធានស្នងការប៉ូលិសនៅ Mae Sai Police Station ប្រចាំនៅក្នុងតំបន់ ឆ្លើយតបតាមរយៈទូរស័ព្ទ បានសុំធ្វើការបដិសេធមិនទាន់បញ្ជាក់ ចំពោះការចោទប្រកាន់ណាមួយ ពីការធ្វេសប្រហែសរបស់លោក Ekapol Chanthawong ជាគ្រូបង្វឹក ដែលបានដឹកនាំក្រុមក្មេង១២នាក់ ចូលក្នុងរូងភ្នំនោះនៅឡើយនោះទេ។

លោកស្នងការនិយាយថា៖ «ខ្ញុំសុំបដិសេធមិនធ្លើយតបចំពោះបញ្ហានេះ ព្រោះយើងត្រូវសិក្សាពីបញ្ហានេះជាមុនសិន» ។ នេះបើយោងតាមការចុះផ្សាយ និងស្រង់សម្ដីពីខាងសារព័ត៌មានថៃ Khaosod ។

ទោះជាយ៉ាងណាក្តី ពាក់ព័ន្ធនឹងករណីខាងលើនេះដដែល គ្រប់គ្នាមួយចំនួនធំ នៅតែដាក់បន្ទុកធំទៅលើលោក Ekapol ជាគ្រូបង្វឹក ដែលគួរតែប្រឈមមុខនឹងច្បាប់ ចំពោះភាពខ្វះទំនួលខុសត្រូវទៅលើក្មេងៗទាំងអស់នោះ។

ទន្ទឹមនឹងនេះ ក៏មានទំព័រហ្វេសប៊ុកដ៏មានប្រជាប្រិយភាពមួយ (នៅថៃ) បានសរសេរអះអាងថា៖

«ការដែលសំខាន់នោះ គឺក្មេងៗគួរតែដឹងថា ពួកគេបានធ្វើរឿងមួយដែលខុស ដែលធ្វើឲ្យឪពុកម្តាយរបស់ពួកគេកើតក្តីព្រួយបារម្ភខ្លាំង និងរួមទាំងប្រទេសជាតិទាំងមូល ខិតខំនាំគ្នាទៅជួយសង្គ្រោះពួកគេ ហើយក្នុងនោះគ្រូបង្វឹក ក៏ជាអ្នកបង្កបញ្ហាធំផងដែរ។ គាត់គួរតែប្រុងប្រយ័ត្នខ្ពស់ នៅពេលដែលនាំយកកូនៗរបស់អ្នកដទៃ ទៅកន្លែងបែបនេះ។ ដូច្នេះគាត់ត្រូវតែទទួលខុសត្រូវចំពោះក្មេងៗ និងរឿងរ៉ាវទាំងអស់នេះ» ។ នេះបើយោងតាមការចុះផ្សាយពីសារព័ត៌មានថៃ Khaosod ។
ក្រុមក្មេងទាំង១២

ជាមួយគ្នានេះដែរ ជុំវិញនឹងករណីនេះទៀតសោត មេធាវីច្បាប់ព្រហ្មទណ្ឌម្នាក់ ឈ្មោះ Ananchai Chaiyadech បាននិយាយថា លោក Ekapol នឹងទំនងជាអាចគេចផុតពីការចោទប្រកាន់ណាមួយ ពីព្រោះថាករណីនេះ វាបង្ហាញថាលោកក៏មិនមានបំណង ឬចេតនាណាមួយ ទៅយកក្មេងៗទៅទុកនៅកន្លែងគ្រោះថ្នាក់ រួមទាំងខ្លួនលោកបែបននេះនោះទេ។

មេធាវីរូបនេះនិយាយថា៖ 

«សម្រាប់ទស្សនៈរបស់ខ្ញុំ ខ្ញុំយល់ឃើញថា លោក Ekapol មិនមានគំនិត ឬគោលបំណងធ្វើបែបនេះនោះឡើយ។ ព្រោះជាក់ស្ដែង មុនពេលដែលពួកគេចូលទៅខាងក្នុងរូងភ្នំ ពេលនោះមេឃក៏មិនទាន់ភ្លៀងដែរ។ ហើយម្យ៉ាងទៀត ពួកគេក៏ឧស្សាហ៍ទៅលេងនៅទីនោះជាញឹកញាប់ដែរ ទើបប្រហែលជាលោកគិតថា នឹងមិនមានបញ្ហាអ្វីដែលនឹងគួរកើតឡើងបែបនេះនោះទេ។ ដូច្នេះច្បាប់ក៏គេមើល ឬវិភាគទៅលើចំណុចនេះដែរ ថាគាត់ពិតជាមានចេតនា ឬក៏អត់» ។
ក្រុមក្មេងទាំង១២ និងគ្រូបង្វឹក

គួររម្លឹកឡើងវិញថា ក្រុមកីឡាករបាល់ទាត់វ័យក្មេងចំនួន ១២នាក់ អាយុចាប់ពី ១១ ដល់ ១៦ឆ្នាំ រួមទាំងគ្រួបង្វឹកម្នាក់វ័យ ២៥ឆ្នាំ បានបាត់ខ្លួនយ៉ាងអាថ៌កំបាំងនៅក្នុងរូងភ្នំថាំហ្លួង ខេត្តឈៀងរ៉ៃ ប្រទេសថៃ កាលពីថ្ងៃទី២៣ មិថុនា ឆ្នាំ២០១៨ រហូតត្រឹមរយៈពេល៩ថ្ងៃ ក្រោមការរុករកទាំងថ្ងៃទាំងយប់ ពីសំណាក់ក្រុមជួយសង្គ្រោះ កងទ័ពជើងគោកជើងទឹក ទីបំផុតក៏ត្រូវបានក្រុមអ្នករាវរកតាមទឹកជំនាញ មកពីប្រទេសអង់គ្លេស បានរកឃើញដោយជោគជ័យ នៅម៉ោងប្រហែល ១០នឹង២៥នាទីយប់ថ្ងៃច័ន្ទ ម្សិលមិញនេះ ៕ 

ទស្សនាវីដេអូខាងក្រោម៖ 

សកម្មភាពរុករកក្មេងទាំង១៣
សកម្មភាពរុករកក្មេងទាំង១៣
ក្រុមក្មេងទាំង១៣ត្រូវបានរកឃើញ
ក្រុមក្មេងទាំង១៣ត្រូវបានរកឃើញ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]