ទឹកដូង ជាប្រភពនៃអេឡិចត្រូលីតដ៏សំបូរបែប មិនត្រឹមតែជួយបំបាត់ភាពស្រេកទឹកប៉ុណ្ណោះទេ ជាពិសេសថែមទាំងជាឱសថធម្មជាតិព្យាបាលជំងឺរាគរូសយ៉ាងមានប្រសិទ្ធភាពទៀតផង។  

យ៉ាងណាមិញ ការពិសាទឹកដូងជាប្រចាំ អាចជួយរក្សាលំនឹងសុខភាពរាងកាយយើងទាំងមូល។ ដូច្នេះខាងក្រោមនេះ អ្នកនឹងបានយល់ដឹង អំពីអត្ថប្រយោជន៍សុខភាពទាំង៥យ៉ាងទទួលបានពីទឹកដូង៖

១. ប្រភពនៃសារធាតុចិញ្ចឹម

ទឹកដូង មានផ្ទុកជាតិទឹករហូតដល់ ៩៤%ឯណោះ។ វាជាផ្លែឈើបំបាត់អាការកង្វះជាតិទឹកក្នុងរាងកាយយ៉ាងមានប្រសិទ្ធភាព។ ទឹកដូង ជាផ្លែឈើងាយស្រួលពិសា និងមានសារៈសំខាន់សម្រាប់អ្នកដែលពុំមានជីវជាតិគ្រប់គ្រាន់នៅក្នុងរបបអាហារប្រចាំថ្ងៃ។  វាមានផ្ទុកសារធាតុចិញ្ចឹមដ៏ច្រើនដែលខ្លួនប្រាណយើងមិនអាចខ្វះបានដូចជា៖

ក. សារជាតិសរសៃ ជំនួយដល់ប្រព័ន្ធរំលាយអាហារដ៏ល្អបំផុត។

ខ. ប្រូតេអ៊ីន ជាប្រភពនៃអាហារសាងសង់ដែលខ្លួនប្រាណពុំអាចខ្វះបាន។

គ. វីតាមីនសេ ជាសារធាតុចិញ្ចឹមដ៏សំខាន់ពង្រឹងប្រព័ន្ធភាពស៊ាំរាងកាយ, ធ្វើឲ្យស្បែករលោងហាប់ណែន, និងជួយដល់សុខភាពបេះដូងទៀតផង។

ឃ. ម៉ាញេស្យូម, ប៉ូតាស្យូម, សូដ្យូម ជាសារធាតុរ៉ែដ៏សំខាន់ជួយរក្សានៅលំនឹងនៃដំណើរការប្រតិកម្មគីមីក្នុងរាងកាយយើង។

ង. កាល់ស្យូម ជាជំនួយដល់ការលូតកម្ពស់ដ៏ល្អ។ 

រូបតំណាង

២. ប្រឆាំងនឹងជំងឺទឹកនោមផ្អែម

ក្នុងការសិក្សាស្រាវជ្រាវទៅលើសត្វកណ្តុរជាច្រើនគេបានសន្និដ្ឋានថា ទឹកដូងបានជួយរក្សាកម្រិតជាតិស្ករឲ្យនៅធម្មតា និងលើកកម្ពស់សុខភាពរបស់សត្វកណ្តុរដែលមានជំងឺទឹកនោមផ្អែម។

ក្រៅពីនេះគេបានរកឃើញទៀតថា វាជាប្រភពនៃសារធាតុម៉ាញេស្យូម ដែលបង្កើនគុណភាពអរម៉ូនអាំងស៊ុយលីនឡើងវិញដែលជាអរម៉ូនយ៉ាងសំខាន់ក្នុងការរក្សាលំនឹងជាតិស្ករក្នុងខ្លួន ហើយជាពិសេសព្យាបាលជំងឺទឹកនោមផ្អែម។

រូបតំណាង

៣. ការពារបញ្ហាគ្រួសក្នុងតម្រងនោម

គ្រួសក្នុងតម្រងនោមបង្កឡើងដោយសារធាតុរ៉ែដែលយើងទទួលបានពីចំណីអាហារ មិនត្រូវបានច្រោះចោលល្អដោយតម្រងនោម ដែលជាហេតុធ្វើឲ្យវាកកស្ទះ និងបង្កជាកករដុំៗស្ថិតនៅតាមតម្រងនោម ប្លោកនោម និងផ្លូវបង្ហូរនោម។

ក្នុងការសិក្សាស្រាវជ្រាវបានរកឃើញថា ការពិសាទឹកដូង បានជួយកាត់បន្ថយ បរិមាណសារធាតុរ៉ែមានក្នុងទឹកនោម  ហើយជួយពុំឲ្យសារធាតុទាំងនោះធ្វើការបង្កនៅតាមបណ្តោយកោសិកាតម្រងនោមឡើយ។ 

រូបតំណាង

៤. ការពារពីជំងឺបេះដូង

ការពិសាទឹកដូងជារៀងរាល់ថ្ងៃ អាចជួយកាត់ហានិភ័យនៃជំងឺបេះដូង។ តាមរយៈការសិក្សាស្រាវជ្រាវនៅលើសត្វកណ្តុរ គេបានធ្វើការសន្និដ្ឋានថា ទឹកដូងបានចូលរួមចំណែកកាត់បន្ថយសារធាតុកូលេស្តេរ៉ូលមិនល្អពីក្នុងឈាម និងជាតិខ្លាញ់ដែលមាននៅតាមសរីរាង្គផ្សេងៗនៃរាងកាយយើងដូចជា ខ្លាញ់នៅថ្លើម បេះដូង និងក្បាលពោះជាដើម។

អ្នកមានដឹងទេថា សារធាតុកូលេស្តេរ៉ូលមិនល្អនិងសារធាតុខ្លាញ់ ជាដើមហេតុនៃជំងឺបេះដូងគ្រប់ប្រភេទ។ 

រូបតំណាង

៥. រក្សាសំពាធឈាម

ទឹកដូង ត្រូវបានគេស្រាវជ្រាវទៅលើអ្នកមានបញ្ហាជំងឺលើសឈាម បង្ហាញថា សារធាតុប៉ូតាស្យូមនៃទឹកដូង ជាឱសថធម្មជាតិក្នុងការរក្សាលំនឹងសំពាធឈាមបានយ៉ាងល្អ។  ក្រៅពីនេះទឹកដូងបានជួយកាត់បន្ថយហានិភ័យនៃបញ្ហាឈាមកក ដែលជាមូលហេតុនៃជំងឺដាច់សរសៃខួរក្បាលផងដែរ៕

រូបតំណាង

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]