ថៃ៖ ដូចប្រិយមិត្តបានជ្រាបមកហើយថា ការបាត់ខ្លួនរបស់ក្រុមកីឡាករ១៣នាក់ នៅតែទទួលបានការចាប់អារម្មណ៍ខ្លាំង ពីអ្នកលេងបណ្ដាញសង្គម ព្រោះតែចង់តាមដានពីហេតុការណ៍បាត់ខ្លួន ក្នុងរូងភ្នុំថាំហ្លួង ខេត្តឈៀងរ៉ៃ នេះ ជាពិសេស ម្នាក់ៗពិតចង់ឲ្យគេរកឃើញក្មេងៗទាំងនោះខ្លាំងណាស់។ 

តួយ៉ាង កាលពីយប់មិញនេះ គ្រប់គ្នា រួមទាំងថ្នាក់ដឹកនាំ និងក្រុមជួយសង្រ្គោះបានធ្វើពិធីបួងសួង បែបសាសនាមួយដើម្បីសុំបើកផ្លូវទៅរកអ្នកទាំង១៣នោះ ដោយបាននិមន្តព្រះសង្ឃ បាប៊ុនឈុំ ដែលជាព្រះសង្ឃដ៏ល្បីល្បាញរបស់ប្រជាពលរដ្ឋទាំងបីប្រទេសគឺថៃ ភូមា និងឡាវ។

ក្នុងនោះ ក៏មានប្រិយមិត្តជាច្រើន កើតក្ដីចម្ងល់ហើយថា មូលហេតុអ្វីបានជាពិធីទាំងមូលនោះចាំបាច់ទាល់តែនិមន្តព្រះសង្ឃអង្គនេះ? 

ហេតុដែលគេចាំបាច់ត្រូវតែនិមន្តព្រះគ្រូ បាប៊ុនឈុំ មកដោយផ្ទាល់ដូច្នេះ ព្រោះថាកាលពី ២ថ្ងៃមុនមានស្រ្តីម្នាក់យល់សុបិនថា ព្រះនាងម្ចាស់ភ្នំ (នាងដេក) មកប្រាប់ថាព្រះនាងចង់ជួបនឹងព្រះគ្រូ បាប៊ុនឈុំ ព្រោះព្រះនាងបានរង់ចាំព្រះគ្រូ អស់៣០០ឆ្នាំមកហើយ។ នៅពេលដែលព្រះនាងបានសម្រេចបំណងហើយ ព្រះនាងនឹងដោះលែងអ្នកទាំង១៣នាក់នោះមកវិញ។

អ្វីដែលគួរឲ្យភ្ញាក់ផ្អើលកន្លងមក ព្រះសង្ឃអង្គនេះ ធ្លាប់បានមានសង្ឃដីកាថា អតីតជាតិរបស់ព្រះអង្គ គឺជាអ្នកមើលថែ ចិញ្ចឹមសេះ  ដែលស៊ីសង្វាក់គ្នាជាមួយនឹងរឿងនិទានទាក់ទងនឹងប្រវត្តិភ្នំ និងរូងភ្នំនេះតែម្ដង។ 

ជាក់ស្ដែង ក្រោយប្រារព្ធពិធីបួងសួងចប់សប់គ្រប់ ព្រះគ្រូ បាប៊ុនឈុំ ថែមទាំងមានសង្ឃដីកាថា នៅពីរថ្ងៃទៀតយ៉ាងយូរ នឹងរកអ្នកទាំង​១៣​នាក់ឃើញហើយ ។

ដូច្នេះ ដើម្បីឲ្យកាន់តែប្រាកដក្នុងចិត្តថា សង្ឃដីការបស់ព្រះគ្រូ បាប៊ុនឈុំ ពិតជាត្រឹមត្រូវឬយ៉ាងណានោះ មានតែរង់ចាំមើលទាំងអស់គ្នា តើ២ថ្ងៃទៀត គេអាចរកឃើញក្រុមកីឡាករ១៣នាក់មកវិញមែនឬអត់? ហើយចំពោះស្ថានការណ៍ ក្នុងការជួយសង្គ្រោះក្មេងៗទាំង១២រូប រួមជាមួយគ្រូបង្វឹកគេ១ម្នាក់ទៀតនោះ អាចប្រែប្រួលយ៉ាងណានោះ យើងនឹងបន្តផ្សាយជូនប្រិយមិត្តអ្នកអានជាបន្តទៀត៕

ខាងក្រោមនេះ គឺជារឿងនិទានទាក់ទងនឹងប្រវត្តិភ្នំមួយនេះ «រឿងភ្នំនាងដេក» ខេត្តឈៀងរ៉ៃ ប្រទេសថៃ។ 

កាលពីយូរលង់ណាស់មកហើយ មានបុត្រីរបស់ស្តេចនៃនគរ​ឈៀងរុង (សព្វថ្ងៃខេត្តឈៀងរ៉ាយ ប្រទេសថៃ) មានរូបឆោមលោម​ពណ៌ល្អអស្ចារ្យ ប៉ុន្តែព្រះនាងបានទៅលង់ស្នេហាជាមួយនឹងបុរសចិញ្ចឹមសេះនៃរាជវាំង។ អ្នកទាំងពីរតែលបជួបគ្នាជារឿយៗរហូតព្រះនាងមានផ្ទៃពោះ ធ្វើឲ្យព្រះបិតាដែលជាស្តេចនគរខឹងយ៉ាងខ្លាំង។

អ្នកទាំងពីរក៏នាំគ្នារត់ពីព្រះនគរ ដោយមានកងទ័ពរបស់ស្តេចដេញតាមរកយ៉ាងប្រកៀកប្រកិត។ ដោយសារព្រះនាងតាំងព្រះគភ៌ផងរត់មិនសូវបានលឿន ហើយស្រេកឃ្លានផងនោះ បុរសចិញ្ចឹមសេះបានឲ្យព្រះនាងសម្រាកលើទីទួលមួយដែលស្រួលលាក់ខ្លួន ហើយខ្លួនឯងទៅស្វែងរកទឹក និងអាហារមកឲ្យព្រះនាងជាភរិយា ហើយឲ្យនាងចាំនៅទីនោះរហូតដល់ខ្លួនត្រលប់មកវិញ។

ព្រះនាងនៅចាំនៅទីលាក់ខ្លួនយូរទៅពីមួយថ្ងៃទៅមួយថ្ងៃ រហូតដល់បានដឹងថាស្វាមីរបស់ខ្លួនត្រូវទាហានរបស់បិតាសម្លាប់ចោលពេលទៅដើររកទឹក។ ព្រះនាងសោកសង្វេគយ៉ាងខ្លាំង ហើយក៏យកស្នៀតសក់មកចាក់សម្លាប់ខ្លួន។

ឈាមដែលហូរចេញពីផ្ទៃព្រះនាង ហូរជាខ្សែចុះមក ហើយក្លាយទៅជាទន្លេ ម៉ែសាយ ហូរកាត់ខេត្តឈៀងរ៉ាយ រីឯរាងកាយព្រះនាងដែលដេកស្លាប់នោះ ក៏បានកើតជាភ្នំ ហើយត្រូវបានគេហៅថាភ្នំណាងណន (ភ្នំនាងដេក) រហូតមកដល់សព្វថ្ងៃនេះ។

ព្រលឹងរបស់ព្រះនាង នៅថែរក្សាភ្នំនេះនិងរង់ចាំស្វាមីជានិច្ច ហើយមកដល់បច្ចុប្បន្ននេះ មនុស្សម្នាជាច្រើនតែងគោរពបូជាដល់ព្រះនាង នៅពេលទៅទស្សនាភ្នំនាងដេក៕

ប្រភព៖ Mao Vutha

ក្មេងៗដែលបានបាត់ខ្លួន
សកម្មភាពនៅរូងភ្នំថាំហ្លួង
ព្រះសង្ឃភូមា
រូងភ្នំថាំហ្លួង
ព្រះសង្ឃភូមា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]